សមត្ថកិច្ចចម្រុះ ឃាត់ខ្លួនជនជាតិវៀតណាម៣នាក់ និងខ្មែរម្នាក់ករណីលួចខួងរករ៉ែក្នុងតំបន់ព្រៃពូជឈើធ្នង់

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប៖ ជនជនជាតិវៀត ណាម៣នាក់ និងខ្មែរម្នាក់ត្រូវបានក្រុមចម្រុះនៃស្រុកស្វាយលើឃាត់ខ្លួនករណីលួចចូលទៅខួងយករ៉ែក្រោមដីមានតម្លៃក្នុងតំបន់ព្រៃពូជឈើធ្នង់។
ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី២០ខែធ្នូឆ្នាំ២០១៩នៅចំណុចភ្នំ១០០ក្នុងភូមិពពេល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។

លោក ម៉ែន វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ បានឲ្យដឹងនារសៀលថ្ងៃទី២០នេះថា ប្រតិបត្តិការនេះដឹកនាំដោយលោក សាត ពៅ អភិបាលរងស្រុកស្វាយលើ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុក និងកម្លាំងអធិការដ្ឋាននគបាលស្រុកស្វាយលើ បានធ្វើការចុះទៅចាប់ឃាត់ម៉ាស៊ីនខួងរ៉ែចំនួន២គ្រឿង និងសម្ភារផ្សេងៗមួយចំនួនទៀតដែលបានចូខួងរករ៉ែនៅចំណុចភ្នំ១០០ក្នុងភូមិពពេល ឃុំតាសៀម ស្រុកស្វាយលើ និងបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់៖ទី១ ឈ្មោះ វៀង ឌឹកវិន ភេទប្រុសអាយុ២៧ឆ្នាំជនជាតិវៀតណាម ។ ២ ឈ្មោះ តឹង វឹងងី ភេទប្រុសអាយុ៥៤ឆ្នាំជនជាតិវៀតណាម។ ៣ ឈ្មោះ តឹង វឹងដាក ភេទប្រុសអាយុ២០ឆ្នាំជនជាតិវៀតណាម។ ៤ ឈ្មោះ ទឹង សិត ភេទប្រុសអាយុ១៩ឆ្នាំជនជាតិខ្មែរ។

លោកបន្តថា ជនសង្ស័យបានសារភាពថា ពួកគេមកលួចធ្វើជិត១សប្តាហ៍ ដោយខួងបានចំនួន២អណ្តូងក្នុងជម្រៅជិត៥០ម៉ែត្រ ។ រ៉ែទាំងនេះជាប្រភេទរ៉ែដែក និងស្ពាន់។ លោកបន្តថា ពួកគេបានមកលួចខួង ដោយមិនមានច្បាប់ទម្លាប់នោះទេ។លោកបន្តថា ចំពោះវត្ថុតាងបានយកមករក្សាទុកនៅសាលាស្រុកស្វាយលើ។ រីឯជនសង្ស័យទាំង៤នាក់ត្រូវបានបញ្ជូនខ្លួនមកកាន់តុលាការនារ សៀលថ្ងៃទី២០ខែធ្នូនេះ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។

មជ្ឍដ្ឋានពលរដ្ឋបានសាទរទៅនឹងចំណាត់ការរបស់អាជ្ញាធរស្រុកស្វាយលើ ដែលបានចុះទប់ស្កាត់ការរុករានរ៉ែមានតម្លៃក្រោមដីរបស់ខ្មែរ ដែលដូនតាមបន្សល់ទុក បានទាន់ពេលកុំអី ត្រូវអស់ទៀតហើយ។គួររម្លឹកថា រ៉ែក្រោមដីនៅក្នុងខេត្តសៀមរាប មានច្រើនកន្លែងណាស់ ហើយកន្លែងខ្លះ មានច្បាប់ ឯកន្លែងខ្លះអត់មានច្បាប់ និងកន្លែងខ្លះដាក់លុយក្រោមតុ ជាថ្នូរការរុករករ៉ែ ដែក,រ៉ែស្ពាន់,រ៉ែមាស ជាដើម៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner