លោកស្រីអភិបាលខណ្ឌដង្កោដាក់ទិសដៅឲ្យកម្លាំងសន្តិសុខរៀបចំសណ្តាប់ធ្នាប់ជាប្រចាំនឹងសម្រួលចរាចរគ្រប់ចំណុចកក់ស្ទះក្នុងមូលដ្ឋាន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ អភិបាលខណ្ឌដង្កោ លោកស្រី គឹម ញឹប បានដាក់ចេញនូវផែនការអោយកម្លាំងសន្តិសុខត្រូវអនុវត្តន៍ជាប្រចាំទៅលើការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈគ្រប់ផ្លូវទាំងអស់ នៅក្នុងមូលដ្ឋានខណ្ឌជាពិសេសអ្នកលក់លើចិញ្ចើមផ្លូវ រថយន្តតាក់ស៉ីឈប់ចតនៅលើផ្លូវលេខ២១៧ ហើយរត់ចាប់ម៉ូយប្រសេចប្រសាច នឹងសម្រួលចរាចរគ្រប់ចំណុចដែលកក់ស្ទះ។

ប្រសាសន៍ដាស់តឿនក្រើនរំលឹកដល់កម្លាំងសន្តិសុខប្រចាំខណ្ឌឲ្យពង្រឹងការងារសណ្តាប់ធ្នាប់សាធារណៈនេះបានលើកឡើង នៅគ្រាដែលលោកស្រីអភិបាលជួបសំណេះសំណាលនិងផ្តល់ថវិកាលើកទឹកចិត្តដល់កម្លាំងសន្តិសុខកាលពីរសៀលថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០១៩ នៅសាលាខណ្ឌដង្កោ ។

មានមតិសំណេះសំណាល និងផ្តាំផ្ញើដល់កម្លាំងសន្តិសុខ លោកស្រី គឹម ញឹប អភិបាលនៃគណៈអភិបាលខណ្ឌបានណែនាំឲ្យកម្លាំងសន្តិសុខទាំងអស់ត្រូវពង្រឹងការងារចុះរៀបចំសណ្តាប់ធ្នាប់ ជាប្រចាំនៅគ្រប់ផ្លូវទាំងអស់។ពិតណាស់ថាការចុះរៀបចំសណ្តាប់ធ្នាប់នេះបាន ធ្វើឲ្យប៉ះពាលដល់ផលប្រយោជន៍អ្នកលក់ដូរលើដីចំណីផ្លូវមែន តែប្រជាពលរដ្ឋភាគច្រើនមានការសាទរដល់កងកម្លាំងសន្តិសុខ ក៏ដូចជាអាជ្ញាធរខណ្ឌ ដូច្នេះយើងត្រូវអនុវត្តន៍តាមមតិភាគច្រើន ។

លោកស្រីអភិបាលខណ្ឌបានបន្តថា យើងនាំគ្នាធ្វើល្អទៅប្រជាពលរដ្ឋលោកសរសើហើយខ្លាចតែយើងមិនធ្វើ ។ មតិភាគតិចណាស់ដែលគេរិះគន់ពេលដែលយើងធ្វើ  តែមតិភាគច្រើនណាស់ដែលគេសរសើយើង  ដូច្នេះយើងត្រូវតែធ្វើតាមមតិភាគច្រើន។ ធម្មតាធ្វើអីក៏ខុសដែរ អ្នកលក់លើចិញ្ចើមផ្លូវគាត់មិនសប្បាយនៅពេលដែលយើងរៀបចំសណ្តាប់ធ្នាប់  ប៉ុន្តែប្រជាពលរដ្ឋភាគច្រើនគាត់សប្បាយចិត្តពេលឃើញសណ្តាប់ធ្នាប់មានរបៀបរាបរយ   ដូច្នេះចាប់ពីពេលនេះទៅត្រូវរួមគ្នាពង្រឹងការងាររៀបចំសណ្តាប់សាធារណៈបន្ថែមទៀត ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner