សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូនៅវិទ្យាល័យកោះកុង ខេត្តកោះកុង ទទួលបានប៉មចម្រោះទឹកស្អាតពីក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា)

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកោះកុង៖ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង និង លោកស្រី ស៊ឺ បុប្ផា តំណាងក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) ប្រចាំតំបន់ នៅថ្ងៃទី១៩ ខែធ្នូនេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ប៉មចម្រោះទឹកស្អាតអាឃ្វ័រថាវើ (Aquatower) នៅក្នុងវិទ្យាល័យកោះកុង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

នេះជាប៉មចម្រោះទឹកស្អាតទី២៤ហើយ នៃគម្រោងយុទ្ធនាការរួមគ្នារបស់អង្គការ Planet Water និងក្រុមហ៊ុនកូកា-កូឡា ដែលបានចាប់ផ្តើមសាងសង់ប៉មចម្រោះទឹកស្អាតតាំងពីឆ្នាំ២០១៦ សម្រាប់សហគមន៍ជនបទ ពិសេសក្នុងវិទ្យាល័យ ដើម្បីផ្តត់ផ្គង់ទឹកស្អាតដល់សិស្សានុសិស្ស ក៏ដូចជាប្រជាពលរដ្ឋខ្មែរដែលខ្វះទឹកស្អាតសម្រាប់បរិភោគ ។

លោកស្រី ស៊ឺ បុប្ផា ប្រធានប្រធានផ្នែកលក់ប្រចាំតំបន់ភូមិភាគខាងត្បូងនៃ ក្រុមហ៊ុនកូកា-កូឡា បានមានប្រសាសន៍នៅក្នុងពិធីសម្ពោធប៉មចម្រោះទឹកស្អាតនោះថា ក្រុមហ៊ុនកូកា-កូឡា មានមោទនភាពដែលជាផ្នែកមួយនៃសង្គមកម្ពុជា អស់រយៈពេលជាង២០ឆ្នាំមកហើយ  ហើយកូកា-កូឡាប្តេជ្ញាចិត្តចូលរួមកសាងសហគមន៍ មួយនេះប្រកបដោយនិរន្តភាពតាមរយៈគំនិតផ្តួចផ្តើមគំរោងទឹកស្អាត ។

ប៉មចម្រោះទឹកស្អាតនេះដើរតួនាទីយ៉ាងសំខាន់នៅក្នុងយុទ្ធសាស្រ្តនិរន្តរភាពនេះ ។ លោកស្រីបន្តថា គម្រោងប៉មចម្រោះទឹកស្អាតនេះ មិនបញ្ចប់ត្រឹមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នេះប៉ុណ្ណោះឡើយ ។ ដោយមានការគាំទ្រពីក្រុមហ៊ុនកូកា-កូឡា ក្រុមការងារនឹងបន្តជួយថែទាំប៉មចម្រោះទឹកស្អាតនេះរយៈពេល៥ឆ្នាំបន្ថែមទៀត ដោយការពិនិត្យគុណភាពទឹក ដើម្បីធានាថា អ្នកប្រើប្រាស់ទាំងអស់នឹងទទួលបានទឹកដែលមានគុណភាព ក៏ដូចជាការអនុវត្តកម្មវិធីអប់រំសុខភាពស្តីពីអនាម័យ បរិស្ថាន និងការគាំពារប៉មនេះអោយនៅយូរអង្វែង ។

ជាមួយគ្នានេះ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុងបានមានប្រសាសន៍សូមឱ្យប្អូនៗទាំងអស់ជួយគាំទ្រផលិតផលដែលផលិតក្នុងស្រុក ។ លោកជំទាវបានបន្ថែមទៀតថា ប៉មចម្រោះទឹកស្អាត Aquatower មានតម្លៃប្រមាណ១៥.០០០ដុល្លារ ដោយបូករួមទាំងការថែទាំរយៈ ពេល៥ឆ្នាំ ដោយអង្គការ Planet Water ដើម្បីធានាថា អ្នកប្រើប្រាស់នឹងទទួលបានទឹកស្អាតដែលមានគុណភាព ។

សូមបញ្ជាក់ថា បើតាមក្រុមហ៊ុន កូកា-កូឡា នៅឆ្នាំ២០២០នេះ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) មានគម្រោងតំឡើងប៉មចម្រោះ ទឹកស្អាតជាច្រើនគ្រឿងទៀត នៅទូទាំងប្រទេសកម្ពុជា ហើយប៉មចម្រោះទឹកស្អាតជាច្រើនទៀត នឹងមានវត្តមាននៅក្នុងឆ្នាំបន្ទាប់ៗទៀត ។ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា បានឱ្យដឹងទៀតថា ប៉មចម្រោះទឹកស្អាតចំនួន ២៣ ដែលក្រុមហ៊ុនបានតម្លើងនៅកម្ពុជា តាំងពីឆ្នាំ២០១៦ បានផ្តល់ទឹកស្អាតចំនួន ៦៤,៧១៥០០០ លីត្រ សម្រាប់ប្រជាសហគមន៍ប្រមាណជាង ៤៦,០០០ នាក់ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner