សម្ដេចតេជោ មានបំណងពង្រឹងសមត្ថភាពអ្នកមានស្រុកខ្មែរឱ្យកាន់តែខ្លាំង ដើម្បីកសាងលើសមិទ្ធផលអ្វីមួយដែលជាស្នាដៃខ្មែរ
កណ្តាល៖ ក្នុងឱកាសចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីបំណងពង្រឹងសមត្ថភាពអ្នកមានស្រុកខ្មែរឱ្យកាន់តែខ្លាំង ដើម្បីកសាងលើសមិទ្ធផលអ្វីមួយដែលជាស្នាដៃខ្មែរ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះថា ខ្ញ៉ំចង់ពង្រឹងសមត្ថភាពអ្នកមានខ្មែរឱ្យកាន់តែខ្លាំង ។ សម្តេចតេជោ ក៏បានកោតសរសើរអ្នកមានស្រុកយើង ដែលខំប្រឹងពង្រឹងសមត្ថភាពក្នុងការកសាង នៃការវិនិយោគក្នុងស្រុកកាន់តែរីកចម្រើន។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា អ្នកមានក្នុងស្រុកយើងភាគច្រើនជាកូនខ្មែរ ដូចជា វីង ជីបម៉ុង និងក្រុមហ៊ុនមួយចំនួនទៀតជាច្រើន ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា គ្មានអ្នកណារួមសុខរួមទុក្ខជាមួយយើងជាខ្មែរទេ ប្រសិនបើអ្នកមាននោះជាជនបរទេស ពេលមានការអ្វី គេតែងតែរត់ទៅក្រៅប្រទេសបាត់ ។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន មានគោលដៅមួយចង់ប្រមូលទុនពីអ្នកមានខ្មែរ ដើម្បីកសាងលើសមិទ្ធផលអ្វីមួយដែលជាស្នាដៃខ្មែរកសាង ដែលអាចហៅបានថា ខ្មែរធ្វើបាន៕ ដោយ វណ្ណលុក