រដ្ឋបាលខេត្តរតនគិរី រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់ឧបករណ៍បញ្ចូលទិន្នន័យថ្មី Kobo Tool Box និងបច្ចុប្បន្នភាពការប្រើប្រាស់ប្រព័ន្ធ Prism

រតនគិរី ៖ នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ រដ្ឋបាលខេត្តរតនគិរី បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពីការប្រើប្រាស់ឧបករណ៍បញ្ចូលទិន្នន័យថ្មី Kobo Tool Box និងបច្ចុប្បន្នភាពការប្រើប្រាស់ប្រព័ន្ធ Prism នៅសាលប្រជុំសាលាខេត្តអាគារB ក្រោមអធិបតីភាពឯកឧត្តម លន់ សុភាព អភិបាលរងខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពី គ្រូបង្គោលថ្នាក់ជាតិ គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ តំណាងអង្គការស្បៀងអាហារពិភពលោក WFP លោកនាយករងរដ្ឋបាលខេត្ត និងសិក្ខាកាមចំនួន ២១រូប ដែលជាមន្រ្តីបង្គោលថ្នាក់ខេត្តនិងថ្នាក់ក្រុងស្រុកផងដែរ ។

ឯកឧត្តម លន់ សុភាព បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាសេនាធិការឱ្យសម្តេចប្រធាន ដែលលោកតែងតែយកចិត្តទុកដាក់ និងលើកស្ទួយឱ្យមានកិច្ចសហប្រតិបត្តិការល្អ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលនាថ្ងៃនេះ ផ្តល់ឱកាសដល់ក្រុមការងារមន្ត្រីបង្គោលទាំង ថ្នាក់ខេត្ត ថ្នាក់ក្រុង ស្រុក ទទួលបាននូវចំណេះដឹងអំពីការប្រើប្រាស់ឧបករណ៍បញ្ចូលទិន្នន័យគ្រោះមហន្តរាយថ្មី Kobo ToolBox និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធ PRISM ។

គ្រោះមហន្តរាយ គឺជាបញ្ហារបស់យើងទាំងអស់គ្នា និង ត្រូវការជាចាំបាច់ការយកចិត្តទុកដាក់ជួយជ្រោមជ្រែងពង្រឹងសមត្ថភាព ទាំងធនធានមនុស្ស និងសម្ភារៈ សម្រាប់ត្រៀមរៀបចំ និងឆ្លើយតបគ្រោះមហន្តរាយដែលអាចនឹងកើតឡើងជាយថាហេតុ នៅគ្រប់ពេលវេលា គ្រប់ទីកន្លែង ដែលយើងមិនអាចប៉ាន់ស្មានជាមុនបាន និងទាមទារឱ្យយើងមានការត្រៀមបម្រុងទុកជាមុន ។

ឯកឧត្តមអភិបាលរងបន្ថែមថា ក្រោមកិច្ចសហប្រតិបត្តិការ និងការគាំទ្រ ទាំងផ្នែកបច្ចេកទេស និងសម្ភារ ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការស្បៀងអាហារពិភពលោកWFP ចាប់ពីចុងឆ្នាំ២០១៨ ខេត្តរតនគិរី បានទទួលនូវវគ្គបណ្តុះបណ្តាលអំពីការប្រើប្រាស់ប្រព័ន្ធវេទិកាព័ត៌មានទាន់ហេតុការណ៍ PRISM និងកម្មវិធីបញ្ចូលទិន្នន័យគ្រោះ មហន្តរាយ Resource Map ។ សូមបញ្ជាក់បន្ថែមផងដែរថា បន្ទាប់ពីទទួលបាននូវទូរស័ព្ទថេបផ្លេត មន្ត្រីបង្គោល ថ្នាក់ខេត្ត ក្រុង ស្រុក បានចាប់ផ្តើមអនុវត្តការងារប្រមូល និងបញ្ចូលទិន្នន័យគ្រោះមហន្តរាយក្នុងប្រព័ន្ធ ជាបន្តបន្ទាប់ក្នុងន័យ “រៀនបណ្តើរអនុវត្តបណ្តើរ” ព្រមទាំងបានចូលរួមវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញផងដែរ។

ការអនុវត្តការងារជាប្រចាំ បូករួមនឹងឆន្ទះមនសិការការងារ របស់មន្ត្រីបង្គោលខេត្ត ក្រុងស្រុក ដោយសារសហការ យ៉ាងជិតស្និទ្ធជាមួយថ្នាក់មូលដ្ឋានភូមិ ឃុំ បានបង្កើនប្រសិទ្ធភាព នៃការងារប្រមូល និងបញ្ចូលទិន្នន័យនេះ កាន់តែល្អប្រសើរឡើងមួយកម្រិតបន្ថែមទៀត ។ការត្រៀមបម្រុង ឆ្លើយតបគ្រោះមហន្តរាយ ការកាត់បន្ថយឱ្យបានជាអតិបរមានូវការប៉ះពាល់និងខូចខាត គឺជាការចូលរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។

ជាក់ស្តែងវគ្គបណ្តុះ បណ្តាលនាឱកាសនេះធ្វើឡើង ក្នុងគោលបំណង បង្ហាញអំពីឧបករណ៍ថ្មី សម្រាប់បញ្ចូលទិន្នន័យគ្រោះមហន្តរាយ ក៏ដូចជាការពិភាក្សាអំពីការអនុវត្តការងារពាក់ព័ន្ធ នឹងប្រព័ន្ធ PRISM កន្លងមក ទាំងចំណុចជាមេរៀនបទពិសោធន៍ល្អៗ និងបញ្ហាប្រឈម ដើម្បីប្រែក្លាយខ្លួន លោក លោកស្រី សិក្ខាកាម ជាមន្ត្រីបង្គោលទទួលបន្ទុកការងារគ្រោះមហន្តរាយ អនុវត្តតួនាទី និងភារកិច្ចកាន់តែ ល្អប្រសើរថែមទៀត ។ ជាចុងបញ្ចប់ ឯកឧត្តម សង្ឃឹមជឿជាក់ថាសិក្ខាកាមទាំងអស់ នឹងចូលរួមយ៉ាងផុលផុស បញ្ចេញនូវ មតិយោបល់ និងបំណងប្រាថ្នារបស់ខ្លួន ដើម្បី ពិភាក្សា និងទទួលបាននូវចំណេះដឹងល្អៗ ក្នុងវគ្គបណ្តុះបណ្តាលនេះ ៕ ដោយ គតិ យុត្ត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner