ទណ្ឌិតចំនួន២០នាក់នៅខេត្តកណ្តាលត្រូវបាន ពន្ធនាគារខេត្តស្នើសុំបន្ធូរបន្ថយ និងលើកលែងទោស ក្នុងឱកាសទិវាជ័យជម្នះ ៧ មករា ២០២២ខាងមុខនេះ
ការស្នើសុំនេះគឺបានធ្វើឡើងក្នុងកិច្ចប្រជុំពិនិត្យវាយតម្លៃកម្រិតកែប្រែខ្លួនរបស់ទណ្ឌិត ដែលត្រូវដាក់ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ឆ្នាំ២០២២ ក្រោមវត្តមាន អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ កាលពីរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ នៅសាលាខេត្តកណ្តាល។
អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ បានស្នើឲ្យមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវពិនិត្យ ពិភាក្សាឲ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ក្នុងការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ធ្វើ យ៉ាងណាសមស្របទៅនឹងច្បាប់ និងគោលការណ៍ណែនាំនានាសំដៅជ្រើសរើសបាន ទណ្ឌិតដែលបានស្នើ សុំ ការបន្ធូរបន្ថយទោស និងលើកលែងទោស ជាអ្នកមានការតាំងចិត្តកែប្រែខ្លួនឲ្យក្លាយជាពលរដ្ឋល្អ ក្នុងសង្គមជាតិ ពិតប្រាដក អាចរស់នៅប្រកបដោយសេចក្តីសុខជាមួយក្រុមគ្រួសារ ក៏ដូចជាក្នុងសង្គមទាំងមូល។
លោក គង់ សោភ័ណ្ឌ បានលើកឡើងថា ទណ្ឌិតទាំងឡាយដែលអាចស្នើសុំការបន្ធូរបន្ថយទោស និងលើកលែង ទោសត្រូវមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមលក្ខខណ្ឌកំណត់ដោយច្បាប់ សម្រាប់ទោសដែលមិនមែនជា កម្ម វត្ថុ ក្នុងការលើកលែងទោស បន្ធូរបន្ថយទោស ឬពិបាកក្នុងការលើកលែងទោស និងបន្ថយទោសនោះគឺមាន ដូចជាទោស ចាប់ជំរិតទារប្រាក់ ប្លន់សម្លាប់ រំលោភសម្លាប់ឃាតកម្មសាហាវឃោរឃៅ ទោសផលិត និងជួញ ដូរគ្រឿងញៀន ភារវកម្ម ជនប្រដាប់អាវុធ ទណ្ឌិតទទួលទោសច្រើនដង ទណ្ឌិតដែល ជាប់ពន្ធនាគារច្រើនដង និងទណ្ឌិតធ្លាប់ល្មើសជាប់ពិន័យជាដើម។
ប្រធានពន្ធនាគារ លោកឧត្តមអគ្គានុរក្ស ឯម និមល បានឲ្យដឹងថា អង្គភាពពន្ធនាគារខេត្តកណ្ដាលបានជ្រើស យកទណ្ឌិតចំនួន ២០នាក់ ស្រី៣នាក់ មកដាក់ជូន គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃកម្រិតកែប្រែរបស់ ទណ្ឌិត ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ជាលទ្ធផលទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយ ទោស រយៈពេល ៣ខែមានចំនួន ១៥នាក់ ស្រី៣នាក់មិនបានបន្ធូរបន្ថយទោសទេទណ្ឌិតដែលបានស្នើសុំ បន្ធូរបន្ថយ ទោសរយៈពេល ៦ខែគ្មាន ទណ្ឌិតស្នើសុំបន្ទូរបន្ថយទោសរយៈពេល ១២ខែមានចំនួន១ នាក់ បន្ទូរបន្ថយទោស រយៈមកត្រឹម៩ខែ។
គួរបញ្ជាក់ថា កម្ពុជាបានកំណត់យកពិធីបុណ្យចំនួន៥ សំរាប់ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ឲ្យ ទណ្ឌិត ក្នុងនោះមាន៖ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ,ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ,ពិធីបុណ្យវិសាខបូជា ,ពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។



