អគ្គរាជទូតជប៉ុនប្រចាំកម្ពុជា រំពឹងជឿជាក់ថា សិក្ខាកាម ដែលឆ្លងកាត់វគ្គបណ្តាលជាមួយអ្នកព័ត៌មានជំនាញជប៉ុន នឹងក្លាយជាធនធានដ៏សំខាន់ ក្នុងការផ្សព្វផ្សាយឲ្យ ស៊ីហ្គេ មឆ្នាំ២០២៣
វគ្គសិក្សាជំរុញការផ្សព្វផ្សាយស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ស្តីអំពីតួនាទីជាអ្នកសារព័ត៌មានកីឡា តាមរយៈបទពិសោធន៍ជនជាតិជប៉ុន ដែលរៀបចំដោយមជ្ឈមណ្ឌលអាស៊ី នៃមូលនិធិជប៉ុន និងក្លិបអ្នកការសែតកម្ពុជា ក្រោមការគាំទ្រពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ដែលដំណើរ២វគ្គ បានបញ្ចប់ជាផ្លូវការនាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ក្រោមការអញ្ជើញចូលរួមបិទឯកឧត្តម បណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង ឯកឧត្តម MIKAMI Masahiro អគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តម MIKAMI Masahiro មានប្រសាសន៍ថា វគ្គសិក្សានេះពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នកសារព័ត៌មានកីឡាកម្ពុជា ក្នុងការក្រេបជញ្ជក់ចំណេះ និងបទពិសោធន៍ពីអ្នកសារព័ត៍មានកីឡាដ៏ជំនាញរបស់ជប៉ុន ដែលបានឆ្លងកាត់បទពិសោធន៍យកព័ត៌មានពីព្រឹត្តិការណ៍អន្តរជាតិធំ ក្នុងនោះ មានទាំងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកផងដែរ ។
ឯកឧត្តម អគ្គរាជទូត រំពឹងជឿជាក់ថា ឆ្លងកាត់វគ្គសិក្សាចំនួន២វគ្គខាងលើនេះ នឹងជួយបង្កើនចំណេះដឹង ក្នុងអាជីពជាអ្នកសារព័ត៌មានកីឡាជួយផ្សព្វផ្សាយឲ្យព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះទទួលបានជោគជ័យ ។ ឯកឧត្តម អះអាងថា គន្លឹះដែលជួយឲ្យស៊ីហ្គេម ឆ្នាំ២០២៣ ទទួលបានជោគជ័យ គឺស្ថិតលើការជួយផ្សព្វផ្សាយ ពីសារព័ត៌មាន មានន័យថា អ្នកសារព័ត៌មានកីឡា ក្នុងព្រឹត្តិការណ៍ដ៏ធំនេះ គឺមានតួនាទីផ្សព្វផ្សាយបំផុសសកម្មភាពទៅកាន់ពិភពលោក ។
ឯកឧត្តមបណ្ឌិត ថោង ខុន បានលើកឡើងថា ក្នុងសម័យកាលកីឡាទំនើប និងចលនាអូឡាំពិកទំនើប គេបានចាត់ទុកសារព័ត៌មានកីឡាជាដៃគូជំរុញការអភិវឌ្ឍចលនាកីឡាអូឡាំពិក និងចលនាកីឡាជាតិ ដែលមិនអាចខ្វះបាន ។ ឯកឧត្តមប្រធាន បានលើកឡើងទៀតថា សម័យបច្ចេកវិទ្យាទំនើប បណ្តាញសង្គមបានគ្រប់ដណ្តប់រាល់សកម្មភាពកីឡា ក្នុងនោះមានទាំងការប្រកួតកីឡាកម្រិតជាតិ និងអន្តរជាតិ ធ្វើឲ្យការផ្សព្វផ្សាយលឿន និងមានគុណខ្ពស់ទាក់ទាញអ្នកទស្សនាបានយ៉ាងច្រើនកុះករ ។
ឯកឧត្តម បញ្ជាក់ទៀតថា វគ្គសិក្សានេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ្នកសារព័ត៌មានកីឡាកម្ពុជា ក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈកីឡា ដើម្បីរួមចំណែកជួយផ្សព្វផ្សាយដល់សារធារណៈជនប្រកដដោយគុណភាណកីឡាពិតប្រកដ ។ ឯកឧត្តម បន្ថែមទៀតថា ការរីកចំរើន នៃបច្ចេកវិទ្យាយ៉ាងឆាប់រហ័សបែបនេះ បានជះឥទ្ធិពលមួយចំនួនប្រសិនបើធនធានមនុស្ស ក្នុងវិស័យកីឡាដើរមិនទាន់សភាពការ មិនធ្វើទំនើបកម្ម ហើយពិសេសអ្នកសារព័ត៌មានគ្មានវិជ្ជាជីវៈ ដូចនេះ មានតែការបណ្តុះបណ្តាលចែករំលែកបទពិសោធន៍ ជួយអប់រំកីឡាឆ្ពោះទៅរកជោគជ័យទាំងអស់គ្នា ។
ជាមួយគ្នានេះដែរ ឯកឧត្តម ក្នុងនាមជាថ្នាក់ដឹកនាំមួយរូប ឯ ឧ បណ្ឌិត បានអំពាវនាវឲ្យអ្នកសារព័ត៌មានកីឡាកម្ពុជា បន្តសិក្សាស្វែងយល់ និងចូលរួមវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសកីឡា ទ្រឹស្តីកីឡា រដ្ឋបាលកីឡា បទបញ្ញតិកីឡា ដើម្បីអោយយល់ដឹងឲ្យកាន់តែច្បាស់ ការលេងកីឡាដោយយុត្តិធម៌ និងក្រមសិល៍ធម៌កីឡា ៕ រូបភាព Camsoc















