ពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង ចំនួន ២៩៧នាក់បសនស្ម័គ្រចិត្តប្រគល់ដីតំបន់៣ដែលខ្លួនបានកាន់កាប់ជូនរដ្ឋវិញហើយសរុបចំនួន ២.៩២០ ហិកតា
កំពង់ឆ្នាំង ៖ ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង ទទួលបន្ទុកការងារដីធ្លី កាលពីល្ងាច ថ្ងៃទី០៨ ខែធ្នូឆ្នាំ២០២១នេះបានឲ្យដឹងថា តាមរបាយការណ៍បូកសរុបរបស់ក្រុមការងារចម្រុះខេត្តកំពង់ឆ្នាំង គិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១នេះ មានបងប្អូនប្រជាពលរដ្ឋចំនួន ២៩៧នាក់ នៅក្នុងស្រុកចំនួន ៣ បានមកសារភាពជាមួយអាជ្ញាធរ ដោយបានប្រគល់ដីតំបន់ ៣ ដែលខ្លួនបានកាន់កាប់សរុបមានចំនួន២.៩២០,០២ហិកតា ជូនរដ្ឋគ្រប់ គ្រងជាសម្បត្តិរដ្ឋវិញ ។
ក្នុងនោះ នៅក្នុងស្រុកកំពង់លែងមានអ្នកសារភាពចំនួន ១៣នាក់ មានដីតំបន់៣ សរុបចំនួន ២.០៥៨,៥០ហិកតា ស្រុកជលគីរីអ្នកសារភាពសរុបមានចំនួន ៣៨ នាក់ មានដីតំបន់៣សរុបចំនួន ១១៨,៩៤ ហិកតា និង ស្រុកបរិបូណ៌មានអ្នកសារភាពសរុបចំនួន ២៥៦នាក់មានដីតំបន់៣ សរុបចំនួន ៧៤២,៥៨ហិកតា ។
ឯកឧត្តម សាន់ យូ បានបញ្ជាក់ទៀតថា ក្រៅពីចុះពិនិត្យស្រាវជ្រាវដីព្រៃលិចទឹកតំបន់ ៣ ក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងក៏មានតួនាទីចុះពិនិត្យស្រាវជ្រាវបទ ល្មើសឈូសឆាយ និងកាន់កាប់ដីគម្របព្រៃឆ្នាំ២០០២របស់រដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងផងដែរ ដើម្បីធ្វើការរឹបអូសដកហូតទុកជាសម្បត្តិរដ្ឋវិញ ។ ជាមួយគ្នានេះដែរ ក្នុងករណីនេះ យោងតាមបទបញ្ជាររបស់សម្ដេចតេជោ ហ៊ុន សែន ចំពោះអ្នកចេញមកសារភាពប្រគល់ដីគម្របព្រៃឈើឆ្នាំ២០០២ជូនរដ្ឋវិញនោះក៏អាចបន្ធូរបន្ថយទោសផងដែរ ។
ដោយឡែកតាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង គិតពីឆ្នាំ ២០១៣ ដល់ ២០២១ សមត្ថកិច្ចបានរកឃើញបទល្មើសឈូសឆាយនិងហ៊ុព័ទ្ធដីព្រៃលិចទឹកនៅក្នុងស្រុកបរិបូណ៌ចំនួន ៣៤ករណី ដែលមានផ្ទៃដីសរុប ចំនួន ៥៧៨ហិកតា ក្នុងនោះជនសង្ស័យចំនួន ១៨នាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ៕សុខ គឹមសៀន













