រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងជួបជាមួយទីប្រឹក្សាក្រសួងការបរទេសសហរដ្ឋអាមេរិកនៅថ្ងៃស្អែក
ភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងជួបពិភាក្សាការងារលោក Derek Chollet ទីប្រឹក្សាក្រសួងការបរទេសសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១០:៣០ នាទីព្រឹក នៅទីស្តីការក្រសួង។ នេះបើតាមការជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១។
សូមជម្រាបថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Derek Chollet ទីប្រឹក្សានៃក្រសួងការបរទេសសហរដ្ឋអាមេរិក ដោយបានពិភាក្សាពីបញ្ហាទ្វេភាគី និងតំបន់ ដែលជាការព្រួយបារម្ភ និងផលប្រយោជន៍រួម។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា។ នៅក្នុងជំនួបនាពេលនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា បើទោះបីជាមានបញ្ហាលំបាកខ្លះៗក៏ដោយ កម្ពុជាតែងវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដែលកំពុងស្ថិតនៅលើគន្លងត្រឹមត្រូវ និងរីកចម្រើនលូតលាស់លើវិស័យជាច្រើន រួមមាន ពាណិជ្ជកម្ម និងវិនិយោគ សុខាភិបាល កសិកម្ម វប្បធម៌ ការដោះមីន បេសកកម្មថែរក្សាសន្តិភាព ស្វែងរកអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួន ក្នុងពេលសង្គ្រាម ការធ្វើមាតុភូមិនិវត្តជនជាតិខ្មែរពីសហរដ្ឋអាមេរិក និងអ្នកស្ម័គ្រចិត្តទីភ្នាក់ងារ Peace Corps។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានសម្តែងនូវក្តីសង្ឃឹម ចង់ឃើញការចូលរួមប្រកបដោយស្ថាបនា និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែលនឹងបង្កើនទំនុកចិត្តចំពោះគ្នាទៅវិញទៅមក។ ភាគីទាំងពីរ បានប្តេជ្ញាបន្តជំរុញទំនាក់ទំនងមិត្តភាព និងពង្រីកកិច្ចសហ-ប្រតិបត្តិការបន្ថែមទៀត លើគ្រប់វិស័យដែលមានសក្តានុពល។
ចំពោះការធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ របស់កម្ពុជា ឯកឧត្តម ប្រាក់ សុខុន បានជម្រាប លោក Chollet អំពីអាទិភាព ដែលកម្ពុជា បានកំណត់សម្រាប់ឆ្នាំក្រោយ និងបញ្ហាប្រឈមដែលត្រូវដោះស្រាយដោយប្រុងប្រយ័ត្ន ដើម្បីពង្រឹងមជ្ឈភាព និងភាពធន់របស់អាស៊ាន ជំរុញកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន និងការថែរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុង និងក្រៅតំបន់អាស៊ីអាគ្នេយ៍។ ឯកឧត្តមក៏បានសម្តែងអំណរគុណចំពោះការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការគាំទ្រដល់មជ្ឈភាពអាស៊ាន និងភាពជោគជ័យរបស់កម្ពុជាក្នុងតួនាទីជាប្រធានអាស៊ាន ផងដែរ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងលោកទីប្រឹក្សា Chollet ក៏បានផ្លាស់ប្តូរទស្សនៈអំពីការវិវឌ្ឍនៃស្ថានការណ៍ក្នុងតំបន់ និងអន្តរជាតិនានា ដូចជា ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ស្ថានភាពនៅឧបទ្វីបកូរ៉េ បញ្ហាមីយ៉ាន់ម៉ា៕
ដោយៈពលជ័យ

