អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ប្រតិកម្មចំពោះការចោទប្រកាន់របស់អតីតរដ្ឋមន្រ្តីកាបរទេសថៃមកលើសម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានប្រតិកម្មតបចំពោះការចោទប្រកាន់របស់លោក កាស៊ីត ភិរម្យ អតីតរដ្ឋមន្រ្តីកាបរទេសថៃទៅលើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា គ្មានមូលដ្ឋានច្បាស់លាស់ ដែលធ្វើឱ្យមានការយល់ច្រឡំធំមួយ។

ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលបានមានប្រសាសន៍ប្រាប់ AMS ថា ការលើកឡើងរបស់លោក កាស៊ីត ភិរម្យ អតីតរដ្ឋមន្រ្តីកាបរទេសថៃ និងជាសមាជិកគណៈកម្មាធិការនាយករបស់ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សថា សម្តេចតតេជោ ហ៊ុន សែន កំពុងធ្វើឱ្យអាស៊ានជួបការបែកបាក់ក្នុងពេលទទួលបានញញួរជាប្រធានអាស៊ាននៅឆ្នាំ២០២២ គឺជាការយល់ច្រឡំធំមួយ ហើយលោកកាស៊ីត ភិរម្យ គួរតែតាមដានព័ត៌មានឱ្យបានច្បាស់លាស់។

ឯកឧត្តម ផៃ ស៊ីផាន បានបញ្ជាក់ថា ការប៉ុនប៉ងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញទៅមីយ៉ាន់មា គឺជាការស្វែងយល់អំពីការពិតនៅមីយ៉ាន់ម៉ានៅក្នុងនាមកម្ពុជា មិនមែនក្នុងនាមអាស៊ានទេ។ ពីព្រោះសម្តេចបានចូលរួមនៅក្នុងការកសាងប្រាំចំណុចដែលជាកិច្ចសហប្រតិបត្តិការរវាងមីយ៉ាន់ម៉ា និងអាស៊ាន ក៏ប៉ុន្តែមកដល់ពេលនេះ មិនទាន់មានចំណុចណាមួយដែលត្រូវបានអនុវត្ត ដែលជាសារៈសំខាន់មួយដែលសម្តេចចង់ដឹង។ ចំពោះអ្វីដែលជាគោលការណ៍នៃច្បាប់របស់អាស៊ាន គឺនិយាយអំពីគោលនយោបាយកុងសង់ស៊ីស ហើយឥឡូវនេះអត់បាន ១០ទេ គឺបានតែ៩ វាជារឿងបញ្ហាចោទមួយ។ នៅក្នុងការអនុវត្តរបស់អាស៊ាន គឺអត់មានប្រទេសណាមួយត្រូវបណ្តេញសមាជិករបស់ខ្លួនចេញពីសមាគមប្រជាជាតិអាស៊ាននោះទេ គឺអត់មានច្បាប់ណាបណ្តេញទេ។ បើនិយាយតាមច្បាប់ គឺមីយ៉ាន់ម៉ា នៅតែជាសមាជិកអាស៊ាន ដែលអាស៊ានមិនមែន៩ទេ គឺ១០ ដែលនេះជាការយកចិត្តទុកដាក់របស់សម្តេច។ ដូច្នេះសម្តេចអញ្ជើញទៅប្រទេសមីយ៉ាន់ម៉ា គឺចង់ដឹងការពិត តើរកដំណោះស្រាយមធ្យោបាយបែបណា? ដើម្បីនាំមីយ៉ាន់ម៉ាត្រឡប់មកស្ថេរភាព ចៀសជាងឱ្យមីយ៉ាន់ម៉ាឯកោតែឯង ដែលស្ថិតនៅក្នុងសង្គ្រាម។ នេះជាការយកចិត្តទុកដាក់របស់សម្តេច។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបន្តថា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅក្នុងគោលការណ៍របស់អាស៊ាន គឺមិនមានទិសដៅដាក់ទណ្ឌកម្មសមាជិករបស់ផងខ្លួន។ សមាជិកគ្មានសិទ្ធិនៃការបណ្តេញចេញពីសមាជិកទេ ហើយគោលការណ៍របស់អាស៊ាន គឺជាគោលការណ៍ផ្ទាល់ដាច់ដោយឡែកពីអង្គការសហប្រជាជាតិ។ ដូច្នេះអាស៊ានដែលជាសមាគមនៃប្រជាជាតិ១០នោះ គឺមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នកណាមួយ គឺស្ថិតនៅក្នុងតែប្រទេស១០ ដែលរួមចំណែកកសាងអនាគតនៃសហគមន៍តែមួយរបស់អាស៊ាននេះឯង។

សូមជម្រាបថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់យកថ្ងៃទី០៧-០៨ ខែមករា ឆ្នាំ២០២២ ធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសមីយ៉ាន់ម៉ា តបតាមការអញ្ជើញរបស់លោកប្រធាន ក្រុមប្រឹក្សារដ្ឋ និងជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner