អ្នកនាំពាក្យការបរទេសចិន ៖ អាមេរិកគំរាមកំហែងដាក់សម្ពាធ និងការដាក់ទណ្ឌកម្មមកលើកម្ពុជា គឺជាទង្វើដែលប្រើអំណាចគាបសង្កត់លើអ្នកដទៃយ៉ាងពិតប្រាកដ
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានមានប្រសាសន៍ថា ថ្មីៗនេះ អាមេរិកបន្តបង្ខូចឈ្មោះ និងលាបពណ៌លើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា គំរាមកំហែង ដាក់សម្ពាធ និងការដាក់ទណ្ឌកម្មមកលើកម្ពុជា។នេះគឺជាទង្វើដែលប្រើអំណាចគាបសង្កត់លើអ្នកដទៃយ៉ាងពិតប្រាកដ និងច្បាស់លាស់ នេះបានល្មើសនឹងក្រមប្រតិបត្តិមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិផងដែរ។ ភាគីចិនប្រឆាំងជាដាច់ខាតចំពោះទង្វើបែបនេះ។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតចិនប្រចាំកម្ពុជានៅយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១។
ប្រភពដដែលបានបញ្ជាក់ថា ចិន និងកម្ពុជា គឺជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមិត្តដែកថែប និងជាសហគមន៍វាសនារួម។ ចំណងមិត្តភាពជាប្រពៃណីនៃប្រទេសទាំងពីរឆ្លងកាត់ការសាកល្បងតាមគ្រប់រូបភាព ធ្វើឱ្យកាន់តែរឹងមាំមិនអាចបំបែកបាន។ គំនិតអាក្រក់ប៉ុនប៉ងរបស់អាមេរិកលើទំនាក់ទំនងចិន និងកម្ពុជានឹងទទួលបរាជ័យ។ ភាគីចិនគាំទ្រកម្ពុជាយ៉ាងម៉ឺងម៉ាត់ក្នុងការការពារអធិបតេយ្យភាពជាតិ និងសេចក្តីថ្លៃថ្នូរនៃជាតិ និងគាំទ្រឈរជាមួយប្រជាជនកម្ពុជាជារៀងរហូត។
នាថ្ងៃទី៩ ខែធ្នូ ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់ក្រសួងការបរទេសចិន មានការលើកឡើងយ៉ាងដូច្នេះថា៖ នៅថ្ងៃទី៨ ក្រសួងពាណិជ្ជកម្មអាមេរិក បានប្រកាសថាអាមេរិកនឹងបន្ថែមវិធានការកំណត់ថ្មីលើការនាំចេញ និងនាំចេញឡើងវិញនូវប្រភេទទំនិញរសើបរបស់ខ្លួនមកកាន់កម្ពុជា និងព្រមទាំងមានការហាមឃាត់លក់អាវុធ និងសម្ភារយោធាដល់កម្ពុជា ដោយក្រោមហេតុផលថាមានអំពើរំលោភបំពានសិទ្ធិមនុស្ស អំពើពុករលួយ និងការអនុញ្ញាតបង្កើនវត្តមានយោធាចិនក្នុងប្រទេសកម្ពុជា។ តើភាគីចិនមានយោបល់យ៉ាងដូចម្ដេចចំពោះការលើកឡើងបែបនេះ?៕
ដោយៈ ពលជ័យ



