សម្តេចតេជោ៖ បច្ចុប្បន្ន សិទ្ធិសេរីភាព បានធ្វើឲ្យប្រជាពលរដ្ឋរស់នៅ និងប្រកបការងារតូចធំ និងមានសិទ្ធិបោះឆ្នោតជ្រើសតាំងមេដឹកនាំដែលខ្លួនពេញចិត្ត ហើយសិទ្ធិសេរីភាព ក៏បានធ្វើឲ្យកម្ពុជា កាន់តែរីកចម្រើនជឿនលឿនទៅមុខផងដែរ
ភ្នំពេញ៖ តាមរយៈហ្វេសបុកផ្លូវការ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ក្នុងឱកាសអបអរសាទរខួបលើកទី៧៣ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា បច្ចុប្បន្ន សិទ្ធិសេរីភាព គឺបានធ្វើឲ្យប្រជាពលរដ្ឋរស់នៅ និងប្រកបការងារតូចធំ ជ្រើសរើសជំនឿសាសនា និងសិទ្ធិបោះឆ្នោតជ្រើសតាំងមេដឹកនាំដែលខ្លួនពេញចិត្តដោយសេរី ហើយសិទ្ធិសេរីភាព ក៏បានធ្វើឲ្យកម្ពុជាកាន់តែរីកចម្រើនជឿនលឿនទៅមុខ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរលើហ្វេសបុកដូច្នេះថាថា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ គឺជាខួបលើកទី៧៣ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ១៩៤៨-១០ ធ្នូ ២០២១។ សម្តេចបានបន្តថា បើនិយាយពីរឿងសិទ្ធិមនុស្សនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១៩៧៥-១៩៧៩) គឺប្រជាពលរដ្ឋមិនមានសិទ្ធិសេរីភាពអ្វីទាំងអស់ សូម្បីសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលទានអាហារ សិទ្ធិពិនិត្យព្យាបាលជំងឺ សិទ្ធិជំនឿសាសនា សិទ្ធិសិក្សាអប់រំ សិទ្ធិជ្រើសរើសតំណាង និងសិទ្ធិបញ្ចេញមតិ សិទ្ធិរៀបអាពាហ៌ពិពាហ៌ និងសិទ្ឋិប្រកបការងារជាដើម..។ល។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា របបប្រល័យពូជសាសន៍ប៉ុលពតបានដកហូតសិទ្ធិសេរីភាពទាំងអស់ ហើយបានបង្ខំឱ្យពលរដ្ឋទាំងក្មេងចាស់ប្រុសស្រីធ្វើការហួសកម្លាំង ឈឺស្លាប់ដោយគ្មានពេទ្យ និងថ្នាំព្យាបាល ព្រមទាំងបានបណ្ដាលឱ្យប្រជាពលរដ្ឋជាង ៣លាននាក់ បានស្លាប់ក្នុងរយៈពេលតែ ៣ឆ្នាំ ៨ខែនិង ២០ថ្ងៃ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា សិទ្ធិសេរីភាពរបស់កម្ពុជាដែលមានដូចពេលបច្ចុប្បន្ននេះ គឺត្រូវបានរំដោះយកមកវិញនៅក្រោយពេលដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានវាយផ្តួលរំលំទាំងស្រុងនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។ បច្ចុប្បន្ន សិទ្ធិសេរីភាព គឺបានធ្វើឲ្យប្រជាពលរដ្ឋរស់នៅ និងប្រកបការងារតូចធំ ជ្រើសរើសជំនឿសាសនា និងសិទ្ធិបោះឆ្នោតជ្រើសតាំងមេដឹកនាំដែលខ្លួនពេញចិត្តដោយសេរី ហើយសិទ្ធិសេរីភាពក៏បានធ្វើឲ្យកម្ពុជាកាន់តែរីកចម្រើនជឿនលឿនទៅមុខ៕ ដោយ វណ្ណលុក

