វៀតណាម៖ ស្លាប់កុមារ៤នាក់ហើយ ក្រោយចាក់វ៉ាក់សាំង Pfizer
ទីភ្នាក់ងារព័ត៌មានវៀតណាម VnExpress បានចេញផ្សាយថ្មីៗនេះថា កុមារវ័យ១៥ឆ្នាំម្នាក់ រស់នៅខេត្ត Son La បានក្លាយជាកុមារទី៤នៅវៀតណាមដែលបានស្លាប់ ក្រោយទទួលការចាក់វ៉ាក់សាំងដែលគេដឹងថាផលិតនៅអាមេរិក ប្រភេទ Pfizer ។
កុមាររូបនេះត្រូវបានចាក់វ៉ាក់សាំងដូសដំបូង កាលពីថ្ងៃទី៤ ធ្នូ ហើយមិនឃើញមានផលរំខានអ្វីទេ ក្រោយចាក់បាន៦០នាទី ប៉ុន្តែ២ថ្ងៃក្រោយមក គេមានអាការៈឈឺក្បាល ក្អួតចង្អោល ហើយក៏ត្រូវបានបញ្ជូនទៅមន្ទីរក្នុងមូលដ្ឋាន មុនពេលបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យធំ នៅខេត្ត Son La ជាទីកន្លែងដែលគេបានបាត់បង់ជីវិតតែម្តង គឺនៅថ្ងៃទី ៧ ធ្នូ។
គួររម្លឹកថា កុមារ៣នាក់ទៀតនៅវៀតណាម ដែលបានស្លាប់ក្រោយការចាក់វ៉ាក់សាំងប្រភេទនេះដែរនោះ គឺមានវ័យ១២ឆ្នាំម្នាក់ នៅខេត្ត Binh Phuoc និង ១៦ឆ្នាំម្នាក់ នៅខេត្ត Bac Giang ព្រមទាំង កុមាររៀនថ្នាក់ទី៩ម្នាក់ទៀត នៅក្រុងហាណូយ។
ចំពោះករណីនេះ ក្រសួងសុខាភិបាលវៀតណាមធ្លាប់បានប្រកាសថា មូលហេតុនៃការស្លាប់កុមារទាំង៣នាក់នេះ គឺបណ្តាលមកពីប្រតិកម្មលើសចំពោះវ៉ាក់សាំង ហើយមិនទាក់ទងនឹងគុណភាពវ៉ាក់សាំង ឬ នីតិវិធីចាក់វ៉ាក់សាំងទេ។
គួរបញ្ជាក់ថា វៀតណាមកំពុងប្រើប្រាស់វ៉ាក់សាំង Pfizer ចាក់ជូនកុមារវ័យ ចាប់ពីអាយុ ១២ ដល់ ១៧ឆ្នាំ ដែលមានប្រមាណ៩លាននាក់។ វៀតណាមសម្រេចការចាក់វ៉ាក់សាំងលើក្រុមនេះ ៥.៣លាននាក់ហើយ ក្នុងនោះ ជាង៩៣ម៉ឺននាក់ ចាក់បានគ្រប់២ដូស គិតត្រឹមថ្ងៃទី៦ ធ្នូ៕