ក្រសួងការពារជាតិសហរដ្ឋអាមេរិក៖ ទាហានអាមេរិកបញ្ចប់បេសកកម្មប្រយុទ្ធនៅប្រទេសអ៊ីរ៉ាក់ហើយ
វ៉ាស៊ីនតោន៖ ក្រសួងការពារជាតិអាមេរិកបានបញ្ជាក់ថា កងកម្លាំងរបស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ាក់បានបញ្ចប់បេសកកម្មប្រយុទ្ធរបស់ពួកគេហើយ ហើយជំនួសមកវិញនូវតួនាទីហ្វឹកហ្វឺន និងប្រឹក្សាសម្រាប់យោធារបស់ប្រទេសមួយនេះ។
អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក John Kirby បាននិយាយថា ចំនួនទាហានអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ នឹងមិនផ្លាស់ប្តូរខ្លាំងនោះទេ។ សហរដ្ឋអាមេរិកមានទាហានប្រហែល ២.៥០០នាក់ឈរជើងនៅអ៊ីរ៉ាក់។ ក្រុមចម្រុះដឹកនាំដោយអាមេរិកបានបញ្ជូនកងកម្លាំងរបស់ខ្លួនទៅកាន់ប្រទេសអ៊ីរ៉ាក់នៅក្នុងឆ្នាំ ២០១៤ ដើម្បីកម្ចាត់ក្រុមជ្រុលនិយមរដ្ឋឥស្លាម បន្ទាប់ពីពួកសកម្មប្រយុទ្ធបានដណ្តើមយកទឹកដីដ៏ធំទូលាយរបស់អ៊ីរ៉ាក់ និងប្រទេសជិតខាងស៊ីរី។ នៅមុនបេសកកម្មនេះ កងកម្លាំងចម្រុះដឹកនាំដោយអាមេរិកបានប្រយុទ្ធក្នុងសង្រ្គាមនៅអ៊ីរ៉ាក់ដែលបានចាប់ផ្តើមនៅឆ្នាំ ២០០៣។ បន្ទាប់មកទីក្រុងវ៉ាស៊ីនតោនបានបញ្ចប់ការដកទ័ពអាមេរិកទាំងអស់នៅឆ្នាំ ២០១១។ ការបញ្ចប់បេសកកម្មប្រយុទ្ធក្នុងប្រទេសអ៊ីរ៉ាក់ កើតឡើងនៅពេលដែលរដ្ឋបាលលោកបៃដិន បាននិងកំពុងពិនិត្យមើលគោលនយោបាយរបស់សហរដ្ឋអាមេរិក សម្រាប់តំបន់មជ្ឈិមបូព៌ា និងតំបន់ផ្សេងទៀត។ ទីក្រុងវ៉ាស៊ីនតោនបានដកកងទ័ពរបស់ខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថានក្នុងខែសីហា ដើម្បីផ្លាស់ប្តូរធនធានបន្ថែមទៀតក្នុងការដោះស្រាយជាមួយប្រទេសចិន ដែលរដ្ឋបាលលោកហៅថា ជា “គូប្រជែងដ៏ធ្ងន់ធ្ងរបំផុត”។
យ៉ាងណាក៏ដោយ ស្ថានភាពសន្តិសុខអ៊ីរ៉ាក់នៅតែមានការប្រែប្រួល។ ប្រទេសនេះនៅតែរងការវាយប្រហារដោយពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។ លំនៅឋានក្នុងរដ្ឋធានីបាកដាដរបស់នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក ម៊ូស្តាហ្វាអាល់ខាហ៊ីមី ត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកផ្ទុកគ្រឿងផ្ទុះកាលពីខែមុន។ ក្នុងហេតុការណ៍នោះ លោកបានរត់គេចខ្លួនដោយគ្មានគ្រោះថ្នាក់។ ឥឡូវនេះការយកចិត្តទុកដាក់ គឺផ្តោតសំខាន់លើ ថាតើយោធា និងប៉ូលីសរបស់ប្រទេសអ៊ីរ៉ាក់នឹងអាចរក្សាសន្តិសុខដោយខ្លួនឯងបានដែរឬទេ៕ ប្រភព៖ NHK


