ឆ្លងចរន្តអគ្គិសនីឆេះផ្ទះប្រជាពលរដ្ឋ ជាច្រើនខ្នងយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យខូតខាតឆេះអស់ផ្ទះ ១៧ខ្នង
ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង ត្រូវបានអគ្គិភ័យឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ និងផ្សែងខ្មួលខ្មាញ់ឆេះរាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋជាច្រើនខ្នងទៀត បណ្តាលឱ្យរងការខូចខាតអស់ចំនួនផ្ទះ១៧ខ្នង បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន រួមទាំងសមត្ថកិច្ចបង្ការ និងពន្លត់អគ្គិភ័យចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចុះមកជួយអន្តរាគមន៍។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង១៥នាទីព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចសំណង់មិនរៀបរយ សិ្ថតនៅតាមបណ្តោយផ្លូវជាតិលេខ៥ គីឡូម៉ែត្រលេខ៩ ក្រុមទី០៥ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងឆេះចេញពីផ្ទះម្ចាស់ទីតាំងឈ្មោះ លី ភឿង ភេទស្រី អាយុ៧០ឆ្នាំ មុខរបរនៅផ្ទះ ចេញជាអណ្ដាតភ្លើងឆេះឡើងយ៉ាងសន្ធោសន្ធៅ ហើយក៏បន្តឆាបឆេះរាលដាលទៅដល់ផ្ទះបងប្អូនប្រជាពលរដ្ឋនៅជាប់ជាប់គ្នា បង្កឱ្យមានការខូចខាតផ្ទះចំនួនជាច្រើនខ្នង ក្នុងនោះ ប្រភេទសំណង់សាងសង់ពីឈើប្រក់សង្ក័សី(សំណង់មិនរៀបរាយ)ខូចខាតសម្ភារៈរួមមាន ឆេះផ្ទះទំហំ៤ម៉ែត្រ គុណ ៥ម៉ែត្រចំនួន ១២ខ្នង និងផ្ទះទំហំ៧ម៉ែត្រ គុណ ១៤ម៉ែត្រ ចំនួន០៥ខ្នង បណ្តាលឱ្យខូចខាតស្ទើរទាំងស្រុង ចំពោះមូលហេតុ អគ្គិភ័យដែលបង្កឱ្យឆាបឆេះឡើងនេះ គឺមកពីឆ្លងចរន្តអគ្គិសនី និងមិនបណ្តាលឱ្យមានមនុស្សរងរបួសនោះទេ។
សូមបញ្ជាក់ថា ក្នុងប្រតិបត្តិការជួយសង្គ្រោះនេះ កម្លាំងនគរបាលបង្ការ និងពន្លត់អគ្គិភ័យ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបទាំងអស់ចំនួន៣៥គ្រឿង ក្នុងនោះ ក៏មានអូប័រចំនួន២គ្រើង និងម៉ាស៊ីនបូមទឹករបស់សាលាសង្កាត់ច្រាំងចំរេះ២ ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១២៤ម៉ែត្រគូប ដោយប្រើរយៈពេល៣៥នាទី ដើម្បីធ្វើការបាញ់ទឹកពន្លត់ឱ្យរលត់ទៅវិញជាស្ថាពរនាថ្ងៃខែឆ្នាំដដែល៕ ដោយ/ ឆៃហួត