ព្រឹត្តិការណ៍វប្បធម៌ ដើមប្បីអបអរសាទរទីក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាន ត្រូវបានរៀបចំឡើងនៅខេត្តសៀនរាប

សៀមរាប ៖ ព្រឹត្តិការណ៍វប្បធម៌ ដើមប្បីអបអរសាទរទីក្រុងសៀមរាបជាទីក្រុងវប្បធម៌អាស៊ាន ត្រូវបានរៀបចំឡើង នៅសួនច្បារមុខប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោមអធិបតីភាព លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: តំណាង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: លោកស្រី យូ សុភា អភិបាលរងខេត្ត តំណាង ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប និងមានអ្នកចូលរួមប្រមាណជិត ៣០០នាក់ ។

លោកស្រី យូ សុភា អភិបាលរងខេត្ត មានប្រសាសន៍ថា ខេត្តសៀមរាប គឺជាប៉ូលទសចរណ៍មួយដ៏សំខាន់ របស់ព្រះរាជាណាចក្រកម្ពុជា ដែលមានប្រាសាទអង្គរវត្ត ជាសម្បត្តិបេតិកភណ្ឌពិភពលោក និងមានតំបន់ទេសភាពធម្មជាតិ អេកូទេសចរណ៍ជាច្រើនកន្លែងផ្សេងទៀត សម្រាប់ភ្ញៀវទេសចរណ៍ទស្សនាកម្សាន។ ប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងមានការចង្អុលបង្ហាញពីក្រសួងទេសចរណ៍ ព្រមទាំងមានកិច្ចសហប្រតិបត្តិការល្អ ជាមួយវិស័យឯកជន ព្រមទាំងការគាំទ្រពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិនានា ពិសេសការចូលរួមចំណែកគាំទ្រពីបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត ក៏ដូចជាភ្ញៀវជាតិ-អន្តរជាតិ បានធ្វើឱ្យវិស័យទេសចរណ៍ខេត្តសៀមរាប មានសន្ទុះរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំគួរឱ្យកត់សម្គាល់ ។

ជាមួយគ្នានោះ លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ការរៀបចំប្រារព្ធព្រឹត្តិការណ៍វប្បធម៌នេះ បានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់កម្ពុជាក្នុងនាមជាសមាជិកអាស៊ាន និងជាប្រធានប្តូរវេននៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទទួលបន្ទុកវប្បធម៌ និងសិល្បៈអាស៊ានសម្រាប់ឆ្នាំ២០២០ដល់ឆ្នាំ២០២២ ក្នុងកាលៈទេសៈដែលព្រះរាជាណាចក្រកម្ពុជាកំពុងធ្វើដំណើរក្រោមម្លប់សន្តិភាពនៅលើមាគ៌ាអភិវឌ្ឍន៍ដ៏ជាក់លាក់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

លោកជំទាវបានបន្ដថា ការសម្រេចជ្រើសរើសក្រុងសៀមរាបជា “ទីក្រុងវប្បធម៌អាស៊ាន” ពុំមែនជាការចៃដន្យឡើយ សៀមរាប គឺជាអតីតរាជធានីនៃចក្រភពខ្មែរ យ៉ាងហោចណាស់ចាប់ពីសតវត្សទី៩ដល់សតវត្សទី១៥ ដែលមានប្រាង្គប្រាសាទអង្គរវត្តដ៏ស្កឹមស្កៃចំពោះមុខយើងជាសក្ខីភាព និងជាខេត្តសម្បូរទៅដោយមត៌កវប្បធម៌ទាំងរូបី និង អរូបី ដែលជាគោលដៅទេសចរណ៍វប្បធម៌ដ៏ល្បីល្បាញនៅអាស៊ីអាគ្នេយ៍យើងនេះ ។

ការរៀបចំព្រឹត្តិការណ៍វប្បធម៌នាពេលនេះ មិនត្រឹមតែជាការអបអរនៃការដាក់បញ្ចូលក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ានប៉ុណ្ណោះទេ តែក៏ជាផ្នែកមួយនៃការស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ១៩ ដើម្បីបើកដំណើរការស្ដារសេដ្ឋកិច្ចជាតិឡើងវិញ ៕ ដោយ ស៊ាន សុផាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner