បងប្អូនដែលរស់នៅជាមួយមេរោគអេដស៍ និងជំងឺអេដស៍ ចំនួន ៥១គ្រួសារ បានទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ
ខេត្តព្រះវិហារ ៖ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងជាប្រធានគណកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២១ ក្រោមប្រធានបទ « បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាត្បាតសកល» និងការចែកអំណោយមនុស្សធម៌ ដល់អ្នករស់នៅជាមួយមេរោគអេដស៍ចំនួន ៥១គ្រួសារ កាលពីថ្ងៃទី៩ ធ្នូ ២០២១ នៅសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ។
លោកស្រី ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានអានសាលិខិតរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើជូនជនរួមជាតិទាំងអស់ ពិសេស បងប្អូនដែលរស់នៅជាមួយមេរោគអេដស៍ និងជំងឺអេដស៍ ដោយបានផ្ដាំផ្ញើដល់បងប្អូនឲ្យមានការប្រុងប្រយ័ត្ន ជាមួយមេរោគរាត្បាតជាសកលកូវីដ-១៩ ហើយត្រូវបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ ឲ្យបានជាប់ជាប្រចាំ ដើម្បីខ្លួនយើង និងសហគមន៍គ្មានកូវីដ១៩ ។
អភិបាលខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ មានប្រសាសន៍ថា ជារៀងរាល់ឆ្នាំសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានអនុវត្តឆ្លើយតបទៅនឹងសកម្មភាព កិត្តិនាមសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងមានការយកចិត្តទុកដាក់ខ្ពស់ សម្រួលដល់ការលំបាករបស់បងប្អូន អ្នករស់នៅជាមួយមេរោគអេដស៍ ជំងឺអេដស៍ នៅតាមភូមិ ឃុំ ក្នុងខេត្តព្រះវិហារវិហារ ។ ឯកឧត្តម បានផ្តាំផ្ញើបងប្អូន ដែលកំពុងរស់នៅជាមួយមេរោគអេដស៍ ជំងឺអេដស៍ទាំងអស់ សូមកុំអស់សង្ឃឹមក្នុងជីវិត ត្រូវខិតខំព្យាបាល និងមើលថែខ្លួន ដោយអនុវត្តតាមការណែនាំរបស់គ្រូពេទ្យឲ្យបានខ្ជាប់ខ្ជួន។
ឯកឧត្តម អភិបាលខេត្ត ក៏បានអញ្ជើញចែកអំណោយ ដល់បងប្អូនដែលកំពុងរស់នៅជាមួយមេរោគអេដស៍ ជំងឺអេដស៍ ចំនួន ៥១នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខកំប៉ុង ១យួរ ទឹកអាល់កុល ១ដប និងថវិកា ២ម៉ឺនរៀល។ ដោយឡែក យុវជនកាកបាទក្រហម យុវជនកាយរិទ្ធ និង ស ស យ ក ខេត្ត ក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល ផងដែរ ៕ដោយ ៖ ឡុង សំបូរ