ប្រជាពលរដ្ឋរស់នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ទទួលបានផ្លូវក្រាលកៅស៊ូ DBST ចំនួនពីរខ្សែ
បាត់ដំបង៖ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញទៅត្រួតពិនិត្យ និងវាយតម្លៃ ប្រគល់-ទទួល និងបញ្ចប់សុពលភាពការងារស្ថាបនាផ្លូវ ចំនួន ០២គម្រោង ដូចខាងក្រោម ៖
-គម្រោងទី ១ ៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូ ពីរជាន់ប្រភេទ DBST ចំនួន ០១ខ្សែ ប្រវែង ១ម៉ឺន ២ពាន់ម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលល្បាយក្រួស មានទទឹងម្ខាងៗ ប្រវែង ១ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ សាងសង់លូប្រអប់មុខពីរចំនួន ០១កន្លែង លូមូលមុខពីរចំនួន ០៤កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ០១កន្លែង ស្ថិតនៅភូមិឫស្សីព្រះ ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ( វាយតម្លៃ ១០០%)។
-គម្រោងទី ២ ៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ ប្រភេទ DBST ចំនួន ០១ខ្សែ ប្រវែង ៨ពាន់ម៉ែត្រ ទទឹង ៦ ម៉ែត្រ ចិញ្ចើមផ្លូវសងខាង ក្រាលក្រួសក្រហមមានប្រវែង ០,២ម៉ែត្រ ទទឹងម្ខាងៗ មានប្រវែង ១ម៉ែត្រ សាងសង់
លូមូលមុខពីរចំនួន ០២កន្លែង លូមូលមុខមួយចំនួន ០២កន្លែង និងលូប្រអប់មុខបីចំនួន ០១កន្លែង ភ្ជាប់ពីភូមិ
ក្រាំងស្វាត ទៅភូមិឫស្សីព្រះ ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ជាលទ្ធផល គណៈកម្មការអន្ដរក្រសួង បានសម្រេចឯកភាពទទួលយក ១០០% ចំពោះគម្រោងទី ១។ ដោឡែក គម្រោងទី ២ គណៈកម្មការបានឯកភាពទទួលយក ដោយបញ្ចប់រយៈពេលធានាសុពលភាពជាស្ថាបពរ។ សូមបញ្ជាក់ថា៖គម្រោងទាំងពីរខាងលើនេះ អនុវត្តដោយបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក ៕ ដោយ/វ៉េង លឹមហួត