លោក ស៊ី ជិនពីង នឹងជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង និងនាយករដ្ឋមន្រ្តីជប៉ុន ក្នុងអំឡុងជំនួបមេដឹកនំាត្រីភាគីនៅប្រទេសចិន
ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នឹងត្រូវជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន និងនាយករដ្ឋមន្រ្តីជប៉ុនលោក អាបេ ស៊ីនហ្សូ នៅក្នុងឱកាសចូលរួមកិច្ចប្រជុំមេដឹកនំាត្រីភាគីមួយ ដែលគ្រោងប្រព្រឹត្តិទៅនាសប្តាហ៍ក្រោយនេះ ។

បើតាមការគ្រោងទុកនោះ នាយករដ្ឋមន្រ្តីចិនលោក លី កឺឈាង នឹងត្រូវធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំមេដឹកនំាចិន កូរ៉េខាងត្បូង និងជប៉ុន នៅក្នុងទីក្រុង ឆឹងទូ ភាគនិរតីប្រទេសចិន នៅថ្ងៃទី២៤ ខែធ្នូ ឆ្នំា២០១៩ នេះបើតាមយោងតាមប្រភពពីក្រសួងការបរទេសចិន ។

នៅមុនកិច្ចប្រជុំខាងលើនេះ លោកប្រធានាធិបតី ស៊ី នឹងត្រូវរៀបចំកិច្ចពិភាក្សាដាច់ដោយឡែកមួយជាមួយមេដឹកនំាមកពីប្រទេសកូរ៉េខាងត្បូង និងជប៉ុន នេះបើតាមអនុរដ្ឋមន្រ្តីការបរទេសចិនលោក លូ ស៊ោហួយ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បត្តិ៍នេះ ។ យ៉ាងណាមិញ របៀបវារៈកំពូលនៃកិច្ចប្រជុំមេដឹកនំាត្រីភាគី ក៏ដូចជាកិច្ចពិភាក្សាដាច់ដោយរវាងលោក ស៊ី ជិនពីង និងមេដឹកនំាកូរ៉េខាងត្បូង និងជប៉ុន មិនទាន់ត្រូវបានបង្ហើបអោយនៅឡើយនោះទេ ៕ធ.ដ
