កូរ៉េខាងត្បូងកំពុងធ្វើការជាមួយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្ដីពីការស្នើសុំដកទណ្ឌកម្មលើកូរ៉េខាងជើង

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលក្រុងសេអ៊ូលបាន និងកំពុងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសមាជិកក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិ (UNSC) ជុំវិញសេចក្តីព្រាងដំណោះស្រាយ ដែលបានស្នើឡើងដោយប្រទេសចិន និងរុស្ស៊ី ដើម្បីបន្ធូរបន្ថយទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង នេះបើតាមក្រសួងការបរទេសកូរ៉េខាងត្បូង ។

សូមរំលឹកថា សមាជិកអចិន្ត្រៃយ៍ពីររបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គឺចិន និងរុស្ស៊ី បានសរសេរសេចក្ដីព្រាងដំណោះស្រាយមួយ ដែលស្នើអង្គការសហប្រជាជាតិលើកលែងទណ្ឌកម្មលើកូរ៉េខាងជើង លើវិស័យមួយចំនួនដូចជាការនាំចេញរូបសំណាក ផលិតផលនេសាទ និងក្រណាត់ ។ សេចក្ដីព្រាងដំណោះស្រាយខាងលើ ក៏ស្នើឲ្យរៀបចំជំនួប៦ភាគីឡើងវិញ ឬក៏បង្កើតយន្តការពហុភាគីដែលស្រដៀងនឹងតុចរចានេះ ។

កិច្ចចរចា៦ភាគីរួមមាន អាមេរិក ចិន រុស្ស៊ី ជប៉ុន កូរ៉េខាងត្បូង និងកូរ៉េខាងជើង ដែលបានជាប់គាំងតាំងពីឆ្នាំ២០០៩ ក្រោយទីក្រុងព្យុងយ៉ាងសាកល្បងនុយក្លេអ៊ែរ ។ យ៉ាងណាមិញ សហរដ្ឋអាមេរិកមិនព្រមតាមសំណើនេះទេ ដោយលើកឡើងថា ពេលវេលាមិនសក្តិសម ព្រោះកូរ៉េខាងជើងមិនទាន់ធ្វើអ្វីជាដុំកំភួនរឿងរំសាយនុយក្លេអ៊ែរនៅឡើយទេ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner