រថយន្តកូរ៉េបុករថយន្តធុនត្រា បណ្តាលឲ្យមនុស្សផ្លោងហោះចេញពីរថយន្ត ធ្លាក់ដល់ដីសន្លប់មួយសន្ទុះធំ
ភ្នំពេញ ៖ រថយន្តកូរ៉េមួយគ្រឿងបើកបរដោយបុរសម្នាក់រួមដំណើរនឹងបុរស៣នាក់ទៀតបំពានភ្លើងស្តុបក្នុងល្បឿនលឿន ហេីយជ្រុលទៅបុកជាមួយរថយន្តធុនត្រា ពីចំហៀងទំហឹងបណ្ដាលឲ្យមនុស្សដែលជិះនៅក្នុងរថយន្តកូរ៉េពីរនាក់ផ្លោងចេញពីរថយន្តដួលរណូករណែលពេញផ្លូវ សន្លប់មួយសន្ធុះធំទើបដឹងខ្លួនវិញ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២ និង ១០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចក្រោមស្ពានអាកាសផ្សារដីហុយ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី កែងនិងផ្លូវ ណតប្រ៊ីត ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តកូរ៉េមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AI-0960បើកបរដោយបុរសម្នាក់រួមដំណើរនឹងបុរស៣នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញហាណូយទិសដៅពីជើងទៅត្បូង ឆ្ពោះឆ្លងមកផ្លូវណតប្រ៊ីត ក្នុងល្បឿនលឿន ព្រមទាំងបំពានភ្លើងស្តុប លុះមកដល់ចំណុចកើតហេតុខាងលើក៏ជ្រុលទៅបុករថយន្តធុនត្រាពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BL-7923បើកដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីលិចទៅកើតចំពីចំហៀងខាងមុខផ្នែកស្ដាំពេញទំហឹងបណ្តាលឲ្យរថយន្តទាំងពីរគ្រឿងវិលមួយជុំ រងការខូចខាតយ៉ាងដំណំ និងបុរសពីរនាក់ជិះនៅក្នុងរថយន្តកូរ៉េ ផ្លោងហោះចេញពីរថយន្តធ្លាក់បោកនិងថ្នល់ររងរបួសសន្លប់មួយសន្ទុះធំទើបដឹងខ្លួនវិញ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានដែលប្រចាំការនៅក្រោមស្ពានអាកាសផ្សារដីហុយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ ៖ ជីម ភារ៉ា