ចោរលួចខ្សែក ខ្សែដៃ និងចិញ្ចៀន នៅក្នុងផ្សារតាខ្មៅ ត្រូវតុលាការខេត្តកណ្តាល ឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន

អត្ថបទដោយ៖
Kien Sereyvuth

កណ្តាល៖ លោក គឹម រ័ត្នណារិន អនុប្រធាន និងជាចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល កាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ម្សិលមិញនេះ បានសម្រេចចេញដីកា ឃុំខ្លួនចោរលួចខ្សែក ខ្សែដៃ និងចិញ្ចៀន នៅក្នុងផ្សារតាខ្មៅ ដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ “លួច” តាមមាត្រា៣៥៣ និង៣៥៦ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះ ប្រព្រឹត្តឡើងនៅចំណុចផ្សារតាខ្មៅចាស់ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃ១៦ ខែធ្នូ វេលាម៉ោង១៖៣០នាទីរសៀល។

ជនរងគ្រោះឈ្មោះ គ្រី តុលា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនសង្ស័យឈ្មោះ លុច ឈីត ហៅណាវី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបររើសអេតចាយ មានទីលំនៅមិនពិតប្រាកដ ។ នគរបាលក្រុងតាខ្មៅ បានអោយដឹងថា មុនពេលពេលកើតហេតុ ជនរងគ្រោះបានរៀបចំទុកដាក់គ្រឿងអលង្កាចេញពីទូដាក់តាំង យកមកដាក់ចូលថង់ដើម្បីយកទៅទុកនៅផ្ទះវិញ ដោយទុកនៅលើកៅអីសិន តែក៏ភ្លេចយកទៅ។

លុះមកដល់វេលាកើតហេតុ ក៏ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពលួចយកទៅបាត់។ ក្រោយកើតហេតុជនរងគ្រោះបានដើររកឃើញជនសង្ស័យ ហើយបានចាប់ខ្លួនយកមកប្រគល់ជូនសមត្ថកិច្ច។ តាមចម្លើយ សារភាពរបស់ជនសង្ស័យ គឺ ខ្លួនពិតជាបានធ្វើសកម្មភាពលួចសម្ភាររបស់ជនរងគ្រោះពិតប្រាកដមែន ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner