ឆេះផ្ទះ១ខ្នង នៅខណ្ឌឫស្សីកែវ តែមិនមានអ្នករបួស ឫឆេះឆ្លងដល់ផ្ទះអ្នកក្បែរខាងទេ ក្រោយពីអន្តរាគមន៍ទាន់ពេលដោយរថយន្ដពន្លត់អគ្គិភ័យ
ភ្នំពេញ៖ អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ អស់១ខ្នងទាំងស្រុង ដែលសាងសង់ឡើង ពីថ្មក្រោមឈេីលេីប្រក់ស័ង្កសី ទំហំ (០៤ម៉ែត្រx១០ម៉ែត្រ) តែមិនបណ្ដាលឲ្យមានអ្នករងរបួស ឫឆាបឆេះឆ្លងទៅដល់ផ្ទះអ្នកក្បែរខាងឡើយ បន្ទាប់ពីមានការជួយអន្តរាគមន៍ភ្លាមៗ ទាន់ពេលវេលាដោយរថយន្ដពន្លត់អគ្គីភ័យសាលាខណ្ឌឫស្សីកែវ ១គ្រឿង ប្រេីប្រាស់ទឹកអស់ ៤ម៉ែត្រគូប និងរថយន្ដការិយាល័យបង្ការ សង្គ្រោះ និងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន៣គ្រឿងផ្សេងទៀត ប្រេីប្រាស់ទឹកអស់ ១២ម៉ែត្រគូប។

បើតាមលោកវរសេនីយ៍ត្រី គង់ ថូ នាយរងការិយាល័យបង្ការ សង្គ្រោះ និងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា មូលហេតុនៃការឆាបឆេះផ្ទះជនរងគ្រោះឈ្មោះ អ៊ូ ចាន់ធូ ភេទស្រី អាយុ៦២ឆ្នាំ មុខរបរនៅផ្ទះនេះ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី នៅវេលាម៉ោង១១៖០០នាទីយប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្រុម៤ ភូមិ២ សង្កាត់ច្រាងចំរះ២ ខណ្ឌឬស្សីកែវ ហើយការគ្រប់គ្រង ក្នុងការជួយសង្គ្រោះបានទាំងស្រុង និងរលត់ទៅវិញនៅម៉ោង១១៖៣០នាទី ពោលគឺកន្លះម៉ោងក្រោយ បន្ទាប់ពីកើតហេតុ៕ធ.ដ
ដោយ ហាស់ កំសាន្ដ

