ប្រមុខដឹកនំាអង្គការសហប្រជាជាតិសម្តែងការសោកស្តាយ ក្រោយសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុ បញ្ចប់ដោយគ្មានការចុះកិច្ចព្រមព្រៀង

អេស្ប៉ាញ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គដទែរ៉េស បានសម្តែងការខកចិត្តរបស់លោក បន្ទាប់ពីកិច្ចប្រជុំស្តីពីការប្រែប្រួលអាកាសធាតុ (COP25) ដែលបានធ្វើឡើង និងបញ្ចប់ទៅវិញកាលពីថ្ងៃអាទិត្យក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ត្រូវបរាជ័យមិនបានឈានដល់កិច្ចព្រមព្រៀងមួយស្តីពីមាត្រាទី៦ នៃកិច្ចព្រមព្រៀងក្រុងប៉ារីស នៅឆ្នាំ២០១៥ ។

ការខកចិត្តរបស់ប្រមុខដឹកនំាអង្គការសហប្រជាជាតិខាងលើនេះ ត្រូវបានធ្វើឡើងដោយអ្នកនំាពាក្យរបស់លោក គឺលោក ស្ទេហ្វែន ឌូហ្សារីក នៅក្នុងសន្និសិទសារព័ត៌មានខ្លីមួយ នៅឯទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិក្នុងបុរីញូយ៉ក សហរដ្ឋអាមេរិក ។

នៅក្នុងកិច្ចប្រជុំបិទទ្វារពេញអង្គ ក្រុមគណៈប្រតិភូមកពីបណ្តាប្រទេសជាង២០០បានសម្តែងការសោកស្តាយរបស់ពួកគេ ឬបរាជ័យមិនសម្រេចបានកិច្ចព្រមព្រៀងស្តីពីមាត្រាទី៦ ។ យ៉ាងណាមិញ កិច្ចព្រមព្រៀងនោះ នឹងត្រូវបានគេលើកយកមកពិភាក្សាបន្ថែមទៀត នៅក្នុងកិច្ចប្រជុំស្តីពីការប្រែប្រួលអាកាសធាតុ  COP26 លើកក្រោយ ដែលគ្រោងនឹងរៀបចំធ្វើឡើងនៅក្នុងទីក្រុងក្លាស្គូវ ប្រទេសស្កុតឡែន នៅឆ្នាំ២០២០ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner