ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធ សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ ដែលមានតម្លៃប្រមាណ ១៨០លានដុល្លារ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធឱ្យប្រើប្រាស់សណ្ឋាគារ «ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ» ដែលមានតម្លៃ ប្រមាណ ១៨០លានដុល្លារ និងជាសណ្ឋាគារដែលទិញម៉ាកយីហោមកពីសហរដ្ឋអាមេរិក ស្ថិតកណ្តាលរាជធានីភ្នំពេញ របស់ក្រុមហ៊ុន ជីប ម៉ុង នៅព្រឹកថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១។

អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង បានឱ្យដឹងថា ក្នុងឆ្នាំ២០១៦ ក្រុមហ៊ុន ជីប ម៉ុង បានបោះជំហានចូលក្នុងវិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ចតាមរយៈការនាំយកយីហោសណ្ឋាគារលំដាប់អន្តរជាតិ «ហៃយ៉ាត់ រីជិនស៊ី» ដ៏ល្បីរបស់សហរដ្ឋអាមេរិក មកក្នុងប្រទេសកម្ពុជា។ សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី» គឺជាពាណិជ្ជកម្មមួយរបស់ «ហៃយ៉ាត់ ហូថែល ខបភើរេសិន» ដែលជាក្រុមហ៊ុនលំដាប់ពិភពលោកកំពុងប្រតិបត្តិការសណ្ឋាគារជាង ៩០០ទីតាំង ក្នុង៦៥ប្រទេស និងមានយីហោប្រណិតចំនួន២១។

អ្នកឧកញ៉ា បានឱ្យដឹងទៀតថា ក្រុមហ៊ុនបានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់សណ្ឋាគារនាដើមឆ្នាំ២០១៧ ហើយបញ្ចប់ការសាងសង់គ្រោងអគារទាំងមូលនាពាក់កណ្តាលឆ្នាំ២០១៩។ សណ្ឋាគារ «ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ» បានបញ្ចប់ការសាងសង់ស្ថាពរ និងដំណើរការសាកល្បងនៅដើមឆ្នាំ២០២១ ដោយត្រូវបានសាងសង់លើផ្ទៃដីទំហំ ៧,០៣១ម៉ែត្រក្រឡា ស្ថិតនៅចំកណ្ដាលបេះដូងនៃរាជធានីភ្នំពេញ ក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ ដោយប្រើប្រាស់ថវិការវិនិយោគសរុបចំនួន ១៨០លានដុល្លារអាមេរិកទាំងថ្លៃដី និងថ្លៃសាងសង់សំណង់។

សណ្ឋាគារនេះមានបន្ទប់ចំនួន ២៤៧បន្ទប់ ដែល ៤៣បន្ទប់ជាបន្ទប់ប្រភេទស្វីត។ សណ្ឋាគារ ក៏មានរីជិនស៊ីក្លិប (Regency Club) ដែលជាកន្លែងសម្រាប់ទទួលភ្ញៀវលំដាប់ វីអាយភី ស្ថិតនៅជាន់ទី១០។ រីជិនស៊ី ប៊លរូម (Regency Ballroom) ជាសាលដ៏ធំទូលាយនិងទំនើបសម្រាប់រៀបចំកម្មវិធីនិងកិច្ចប្រជុំគ្រប់ប្រភេទ។

សណ្ឋាគារក៏ផ្ដល់ជូនសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ៤កន្លែងផ្សេងៗគ្នាដូចជា៖ ភោជនីយដ្ឋាននិងហាងកាហ្វេ ម៉ាឃីត កាហ្វេ (Market Coffee) ជាកន្លែងស័ក្តិសមបំផុតសម្រាប់ការពិសាអាហារពេញមួយថ្ងៃ ឬក៏សម្រាប់ភ្ញៀវមកទទួល ទានអាហារសម្រ៉ន់និងតែពេលរសៀល, ភោជនីយដ្ឋាន និងស្កាយបារ ហ្វាយហ្វាយ (Five Five) ស្ថិតនៅជាន់ទី១៤, ដឺអាតទីក ជារង្គសាលដែលមានរចនាបទបែបសម័យបុរាណ ស័ក្តិសមបំផុតសម្រាប់ការបន្ធូរអារម្មណ៍តានតឹង និងរង្គសាលក្រោមដី មេត្រូប៉ូល ជារង្គសាលដ៏ប្រណិតក្រោមដីដំបូងគេនៅទីក្រុងភ្នំពេញ សម្រាប់ស្វាគមន៍និងបម្រើតម្រូវការភោជនីយាហារនិងការកម្សាន្តដ៏សម្បូរបែបសម្រាប់អតិថិជនជាតិ និងអន្តរជាតិគ្រប់កាលវេលា។

អ្នកឧកញ៉ា លាង ឃុន បានបន្តថា សណ្ឋាគារ «ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ» ក៏បានចំណាយទឹកប្រាក់ប្រហែល៥លានដុល្លារអាមេរិក ដើម្បីអភិរក្សអគារបុរាណសម័យអាណានិគមបារាំងដែលបច្ចុប្បន្នក្លាយជាកន្លែងទទួលបដិសណ្ឋារកិច្ចភ្ញៀវយ៉ាងប្រណិតចំកណ្តាលសណ្ឋាគារដ៏ស្កឹមស្កៃនេះ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner