សម័យប្រជុំពេញអង្គលើកទី២ នៃវេទិកាសភាអាស៊ី ប៉ាស៊ីហ្វិក លើកទី២៩ ធ្វើការពិចារណាលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម
លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា និងជាប្រធានប្រតិភូសភាកម្ពុជា សម្រាប់ចូលរួមសម័យប្រជុំពេញអង្គលើកទី២ នៃ APPF 29 បានដឹកនាំសហការី ចូលរួមក្នុងសម័យប្រជុំពេញអង្គលើកទី២ នៃវេទិកាសភាអាស៊ី ប៉ាស៊ីហ្វិក លើកទី២៩ នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ តាមប្រព័ន្ធនិម្មិត ដែលភ្ជាប់ពីវិមានរដ្ឋសភាកម្ពុជា ទៅកាន់រដ្ឋធានីសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ។
សម័យប្រជុំពេញអង្គលើកទី២នេះ ដឹកនាំសម្របសម្រួលដោយ ឯកឧត្ដម Jang hyun Yun មកពីលេខាធិការដ្ឋានសភានៃសាធារណរដ្ឋកូរ៉េ។ កិច្ចប្រជុំបានធ្វើការពិចារណាលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដោយបានផ្តោតទៅលើ ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីភាពធន់នឹងសេដ្ឋកិច្ចកាន់តែខ្លាំង និងការស្តារសេដ្ឋកិច្ចដែលរួមបញ្ចូល។ ការពន្លឿនសេដ្ឋកិច្ចឌីជីថល និងការលើកកម្ពស់ការតភ្ជាប់ និងតួនាទីរបស់សភាក្នុងការបង្កើនសមាហរណកម្មសេដ្ឋកិច្ច និងជំរុញពាណិជ្ជកម្មក្នុងតំបន់។
លោកជំទាវ និន សាផុន បានថ្លែងបទអន្តរាគមន៍ទៅកាន់សម័យប្រជុំនេះ ដោយបានលើកឡើងថា រយៈពេលជិត២ឆ្នាំមកនេះ មនុស្សជាតិលើពិភពលោកទាំងមូល បាននិងកំពុងបន្តប្រឈមនឹងហានិភ័យធ្ងន់ធ្ងរដែលមិនធ្លាប់មាន លើបញ្ហាសុខភាពសាធារណៈនៃជំងឺរាតត្បាតកូវីដ១៩ រួមទាំងការកើនឡើងនូវភាពតានតឹង នៃស្ថានភាពភូមិសាស្ត្រនយោបាយ សង្គ្រាមពាណិជ្ជកម្ម បច្ចេកវិទ្យា និងការប្រែប្រួលអាកាសធាតុកាន់តែញឹកញាប់ និងអូសបន្លាយ ដែលទាំងអស់នេះគឺជាកត្តាជះឥទ្ធិពលដល់ការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសសង្គម សេដ្ឋកិច្ច និងពាណិជ្ជកម្ម ទាំងក្នុងតំបន់ និងសកលលោក ។
លោកជំទាវបន្តថា ប្រធានបទកិច្ចប្រជុំស្តីពី “តួនាទីសភាក្នុងការពង្រឹង សមាហរណកម្មសេដ្ឋកិច្ច និងជំរុញពាណិជ្ជកម្មនៅក្នុងតំបន់” គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការពន្លឿននូវការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ពង្រឹងសាមគ្គីភាព និងតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋជាធំ ដោយប្រកាន់ខ្ជាប់នូវយន្តការពហុភាគីនិយម ក្នុងការដោះស្រាយបញ្ហាក្នុងគ្រប់វិស័យ និងពន្លឿនការតភ្ជាប់រវាងសង្គម-សេដ្ឋកិច្ច សំដៅធានាឱ្យការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងពាណិជ្ជកម្ម មានភាពល្អប្រសើរឡើងវិញ ដើម្បីជំរុញរបៀបវារៈនៃការអភិវឌ្ឍរបស់យើងប្រកបដោយចីរភាព និងបរិយាបន្ន ។
លោកជំទាវ និន សាផុន បានបន្ថែមថា កម្ពុជា ក៏មិនខុសពីបណ្តាប្រទេសក្នុងតំបន់ និងពិភពលោកទេ គឺបានយកចិត្តទុកដាក់គិតគូរ និងរៀបចំនូវផែនការដើម្បីស្តារឡើងវិញនូវសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ១៩។ ជាមួយគ្នានេះ កម្ពុជាបានប្រកាសជាផ្លូវការនូវ ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥។ ក្របខ័ណ្ឌនេះកំណត់នូវចក្ខុវិស័យរយៈពេលវែង ដើម្បីកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលដ៏រស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយក និងការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងគ្រប់តួអង្គ ទាំងរដ្ឋ ពលរដ្ឋ និងធុរជន ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម ដោយផ្អែកលើគន្លងប្រក្រតីភាពថ្មី ។
លោកជំទាវប្រធានប្រតិភូបានបញ្ជាក់ថា កន្លងមក សភាកម្ពុជាបានអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា សំដៅពង្រីកទីផ្សារនាំចេញឱ្យកាន់តែទូលំទូលាយ ។ សភាកម្ពុជាក៏សុំសំណូមពរដល់បណ្តាប្រទេសកំពុងអភិវឌ្ឍទាំងអស់ ដើរតួនាទីជាស្នូលនៃការពង្រឹងប្រព័ន្ធពហុភាគីនិយម ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពិភពលោកឱ្យទទួលបាននូវប្រសិទ្ធភាព ទាំងការរាតត្បាតនៃជំងឺឆ្លង និងការធ្វើឱ្យប្រសើរឡើងវិញនូវសង្គម សេដ្ឋកិច្ច និងពាណិជ្ជកម្ម ។
ចំណែកនៅក្នុងបទអន្តរាគមន៍របស់ប្រតិភូប្រទេសជាសមាជិក APPF ផ្សេងៗទៀតដែលបានចូលរួម គឺបានលើកឡើងលើសារៈសំខាន់នៃការផ្លាស់ប្តូរឌីជីថលរួមបញ្ចូលនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកសម្រាប់ការស្តារឡើងវិញដោយភាពធន់នឹងជំងឺរាតត្បាត COVID-19 និងបានយល់ស្របលើតម្រូវការក្នុងការផ្តល់ការគាំទ្រផ្នែកគោលនយោបាយដល់ក្រុមដែលងាយរងគ្រោះក្នុងសង្គមដូចជា យុវជន មនុស្សចាស់ ស្ត្រី និងជនអន្តោប្រវេសន៍ ព្រមទាំងតម្រូវការក្នុងការពិចារណាលើស្ថាប័ននានា ដើម្បីអនុញ្ញាតឱ្យមានកំណើនរួមគ្នា និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ នៃសាជីវកម្មធំៗ និងសហគ្រាសធុនតូច និងមធ្យម (MSMEs) ក្នុងការសម្រេចបាននូវការងើបឡើងវិញសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព៕