រដ្ឋបាលខេត្តកណ្តាល រៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ និងក្រុមប្រឹក្សាសមាគមលើកទី២ អាណត្តទី៣ របស់សមាគម ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្ដាល
ខេត្តកណ្ដាល ៖ រសៀលថ្ងៃទី១៤ ខែឆ្នូ ឆ្នាំ២០២១ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំសង្កាត់ ខេត្តកណ្តាល បានរៀបចំបិទកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ និងសមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្តាល លើកទី០២ អាណត្តិទី០៣ ក្រោមអធិបតីភាព ឯកឧត្ដម នូ សាខន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្ដម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល លោក គង់ ឆេង ប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ និងដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកសមាជិកាសមាគមក្រុមប្រឹក្សា ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់។
ថ្លែងក្នុងពិធីបិទកិច្ចប្រជុំឯកឧត្ដម នូ សាខន បានឱ្យដឹងថាកិច្ចប្រជុំនាពេលនេះ ពិតជាសក្ខីភាពឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់លោក លោកស្រី ជាសមាជិក សមាជិកាក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការបង្កើតអោយមានអង្គការមួយ ដែលតំណាង និងការពារផលប្រយោជន៍រួម របស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នៅខេត្តកណ្តាល សំដៅលើកកម្ពស់គុណភាពជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈអភិបាលកិច្ចតាមបែបវិមជ្ឈកានិងវិសហមជ្ឈការ ព្រមទាំងអភិវឌ្ឍន៍សមត្ថភាព និងបង្កើនប្រសិទ្ធភាព ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។
ឯកឧត្ដម នូ សាខន បានឱ្យដឹងថាសមាគមត្រូវអនុវត្តតាម និងតម្កល់ទុកនូវលក្ខន្តិកៈ របស់ខ្លួននៅក្រសួងមហាផ្ទៃស្របតាមច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ និងក្រុមប្រឹក្សាសង្កាត់ត្រូវបងប្រាក់សមាជិកភាពប្រចាំឆ្នាំគឺ២%(ពីរភាគរយ) នៃថវិកាផ្នែករដ្ឋបាលដោយដកចេញបន្ទុកបុគ្គលិក ដើម្បីជូនសមាគមឱ្យបានទៀងទាត់ និងត្រឹមត្រូវតាមខ្លឹមសាលិខិតលេខ ០៥៤ សជណ ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ របស់ គ.ជ.អ.ប។ ក្នុងចំនុចនេះឯកឧត្ដមក៏បានស្នើឱ្យរតនាគារ ខេត្ត និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មេត្តាសហការនិងជួយ សម្រួលដល់ការបង់ប្រាក់សមាជិកភាពជូនសមាគម ឱ្យមានភាពទៀងទាត់ និងគ្រប់ចំនួន ស្របតាមលិខិតបទដ្ឋាននេះ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែល ឯកឧត្ដម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល បានឱ្យដឹងថា កិច្ចប្រជុំក្រុមប្រឹក្សាសមាគមលើកទី០២ អាណត្តិទី០៣ នេះ គឺជាកាតព្វកិច្ច របស់សមាជិកក្រុមប្រឹក្សាសមាគម នៅក្នុងខេត្តកណ្ដាល ក្នុងការបន្តចីរភាពដល់សមាគមមួយដែលតំណាងឱ្យក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តកណ្ដាល ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ឋានៈ និងអភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ជាសមាជិក និងការពារផលប្រយោជន៍ និងគុណប្រយោជន៍ស្របច្បាប់របស់សមាជិក។
ឯកឧត្ដមអភិបាលរងខេត្ត បន្តថា ថ្នាក់ដឹកនាំសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្ដាល អាណត្តិទី៣នេះ ត្រូវតែខិតខំប្រឹងប្រែងអនុវត្តតួនាទីរបស់ខ្លួន ដើម្បីនាំមកនូវសមិទ្ធផលថ្មីៗបន្ថែមទៀតជូនដល់សមាជិករបស់ខ្លួនបន្លែមទៀត៕ដោយ-រ៉ាវុធ