ទើបចេញពីពន្ធនាគារបាន២ឆ្នាំ មិនរាងចាលបន្តលួចម៉ូតូគេមួយគ្រឿង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ដែលទេីបតែចេញពីពន្ធនាគារ មិនរាងចាលបន្តធ្វេីសកម្មភាពលួចយកម៉ូតូមួយគ្រឿង របស់អ្នកជួលបន្ទប់បានសម្រេច រួចជិះបន្តយកទៅឱ្យដៃគូកាលពីល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួល ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លុះដល់ពេលព្រឹកនៅថ្ងៃទី១៥ ខែឆ្នាំដដែល ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវរហូតដល់ឃាត់ខ្លួនបានជាបន្តបន្ទាប់។
ជនសង្ស័យដែលធ្វេីសកម្មភាពលួចទី១ មានឈ្មោះលីចាន់ សុខថា ភេទប្រុសអាយុ ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងទី២ ជាអ្នកទទួលយកទៅលក់ មានឈ្មោះភួង សារ័ត្ន ភេទប្រុស អាយុ ១៧ឆ្នាំ ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកឯ ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះកយ ចាន់ថន ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិអង្គ សង្គាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ម៉ូតូមួយគ្រឿង ដែលត្រូវជនសង្ស័យលួចយកទៅលក់នោះ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1I-3797។
តាមប្រភពព័ត៌មានពីជនរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកេីតហេតុ វេលាម៉ោង៣ និង៤០នាទី រូបគាត់បានទុកម៉ូតូខាងមុខបន្ទប់ ដោយភ្លេចដកសោចេញហេីយចូលសម្រាកខាងក្នុងបន្ទប់ លុះមកដល់វេលាកេីតហេតុ ក៏ស្រាប់តែឮសំឡេងបញ្ឆេះម៉ូតូជិះចេញទៅ។ ភ្លាមនោះ រូបគាត់បានស្ទុះបេីកទ្វារ តែត្រូវជនសង្ស័យយកមេសោចាក់ខ្ទាស់ខាងក្រៅបាត់ទៅហេីយ។ បន្ទាប់មក ទើបរូបគាត់បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ដេីម្បីសុំកិច្ចអន្តរាគមន៍។
សមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹងនេះភ្លាម កម្លាំងសមត្ថកិច្ចក៏បានធ្វេីការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន ហើយនៅព្រឹកថ្ងៃទី១៥ ខែឆ្នាំដដែល ក៏ចុះទៅធ្វេីការដល់បន្ទប់ជួលតែម្តង និងបន្តទៅចាប់បក្ខពួកម្នាក់ទៀត។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វេីសកម្មភាពលួចម៉ូតូជនរងគ្រោះពិតប្រាកដមែន រួចយកទៅលក់បានលុយ៧០ម៉ឺនរៀល ចែកគ្នាស្មេី។ សូមរំលឹកផងដែរថា ជនសង្ស័យក៏ធ្លាប់ជាប់ពន្ធនាគាររយៈពេល៨ខែ ពីបទប្រេីប្រាស់គ្រឿងញៀន។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដេីម្បីចាត់ការបន្តទៅតាមនីតិវិធី៕ ដោយ/ ឆៃហួត