ប្រធានសមាគមចុងភៅកម្ពុជា បើកសម្ពោធភោជនីយដ្ឋានផ្ទាល់ខ្លួនមួយកន្លែង ក្នុងគោលបំណង លើកតម្កើង និងអភិរក្សម្ហូបខ្មែរ
សៀមរាប៖ រសជាតិម្ហូបខ្មែរ មានតម្លៃក្នុងការថែរក្សាអត្តសញ្ញាណជាតិ និងជាផ្នែកមួយនៃការរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍វប្បធម៌កម្ពុជា ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានបង្ហាញនូវការគាំទ្រនិងពេញចិត្ត ចំពោះការព្យាយាម របស់ប្រធានសមាគមចុងភៅកម្ពុជា ដែលមានជំហរក្នុងការជម្រុញឲ្យរសជាតិម្ហូបខ្មែរ ក្លាយជាគោលដៅនៃការថែរក្សាអត្តសញ្ញាណជាតិ និងជាផ្នែកមួយដើម្បីរួមចំណែក ដល់ការអភិវឌ្ឍវិស័យទេសចរណ៍វប្បធម៌កម្ពុជា ។

ការគាំទ្រយ៉ាងដូច្នេះ អភិបាលខេត្តសៀមរាបបានបង្ហាញឲ្យដឹង ក្នុងពេលដែលឯកឧត្តម មានវត្តមានកាត់ខ្សែបូរ សម្ពោធភោជនីយ៍ដ្ឋាន អង្គារដី ម្ហូបបូរាណខ្មែរ នារាត្រីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នៅសង្កាត់ជ្រាវ ក្រុងសៀមរាប ។
លោក ឡុង ប៊ុនហោ ប្រធានសមាគមចុងភៅកម្ពុជា ដែលជាម្ចាស់ភោជនីយ៍ដ្ឋានម្ហូបខ្មែរបូរាណមួយនេះ និយាយថា ៖ ថ្ងៃបើកសម្ពោធភោជនីយ៍ដ្ឋាននេះ គឺជាផ្លែផ្កាដែលកើតចេញពីសេចក្តីព្យាយាមជាច្រើនឆ្នាំកន្លងមក និងជាថ្ងៃដែលក្តីស្រម៉ៃ បានក្លាយជាការពិត ។

លោកថា លោកធ្លាប់បានដឹកនាំប្រតិភូចុងភៅកម្ពុជា ទៅចូលរួមប្រកួតប្រជែងជាច្រើនលើកនៅក្រៅប្រទេស ម្ហូបខ្មែរទទួលបានពានជ័យលាភី និងមេដាយជាច្រើន ហើយម្ហូបខ្មែរក៏ត្រូវបានផ្សព្វផ្សាយទៅកាន់អន្តរជាតិ ដូច្នេះលោកមានជំនឿចិត្តថា ម្ហូបខ្មែរគឺជាគោលដៅនៃការចង់ភ្លក់រសជាតិនៃភ្ញៀវបរទេស ។ មានមេចុងភៅបរទេសជាច្រើន ទទួលស្គាល់គុណភាពរសជាតិម្ហូបខ្មែរ ។

ជាមួយគ្នានោះ ម្ហូបខ្មែរនឹងត្រូវបានអភិរក្សនៅក្នុងភោជនីយដ្ឋានមួយនេះ ម្ហូបខ្មែរដែលជាកម្មវត្ថុនៃការបង្កើតឡើងនូវភោជនីយ៍ដ្ឋាននេះ មានប្រមាណពី៣០ ទៅ៥០មុខ និងមិនមានប្រភេទម្ហូបបរទេសនោះឡើយ។ ទាំងនេះក៏មិនគ្រប់គ្រាន់នោះទេ ក្នុងនាមប្រធានសមាគមចុងភៅកម្ពុជា បើអាចមានលទ្ធភាព នឹងស្វែងរកដៃគូ ចងក្រងឯកសារម្ហូបខ្មែរជាផ្លូវការ ដើម្បីរក្សាទុកសម្រាប់កូនចៅជំនាន់ក្រោយ ព្រោះថា រសជាតិនៃម្ហូបខ្មែរ ត្រូវបាននៅជាប់ជាមួយនឹងជីវភាពរស់នៅរបស់ប្រជាជនខ្មែរជាច្រើនជំនាន់ ជាច្រើនសតវត្សកន្លងមកហើយ ហើយដែលអាចនិយាយបានថា រសជាតិនៃម្ហូប គឺជាអត្តសញ្ញាណឆ្លុះបង្ហាញអំពីជីវភាពរស់នៅរបស់ប្រជាជនខ្មែរ ដែលមានតម្លៃជាបេតិកភណ្ឌអរូបី របស់ជាតិ ៕ធ.ដ
ដោយ ស៊ាន សុផាត




