រដ្ឋមន្រ្តីក្រសួងកសិកម្ម និងឯកឧត្តម លី យ៉ុងផាត់ ជួបសំណេះសំណាលជាមួយប្រជាសហគមន៍ព្រៃឈើប្រាំបីមុម ស្ថិតនៅក្នុងឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ បានអញ្ជើញមកជួបសំណេះសំណាលជាមួយប្រជាសហគមន៍ព្រៃឈើប្រាំបីមុម ស្ថិតនៅក្នុងឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ ពិធីនេះមានគោល បំណងគឺទី១- ព្យាយាមផ្សារភ្ញាប់ទំនាក់ទំនងល្អរវាងថ្នាក់ដឹកនាំជាមួយប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យកាន់តែល្អប្រសើរ ទី២- ស្វែងយល់ឲ្យបានស៊ីជម្រៅអំពីសុខទុក្ខ បញ្ហាប្រចាំថ្ងៃ តម្រូវការ សំណើ ឬសំណូមពរ និងដោះស្រាយបញ្ហាទាំងនោះជូនសហគមន៍ព្រៃឈើជាបណ្តើរៗតាមការចាំបាច់។

លោកឈាង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺបានឲ្យដឹងថា ខេត្តកំពង់ស្ពឺមានសហគមន៍ព្រៃឈើចំនួន ៥០សហគមន៍ ក្នុងនោះ ៣៤ សហគមន៍បានចុះ បញ្ជីនៅក្រសួង គ្របដណ្តប់លើផ្ទៃដី ១៣ ៧៤៥ ហ.ត ស្ថិតនៅក្នុង ៦ស្រុក។ ដោយឡែកស្រុកថ្ពងមានសហគមន៍ព្រៃឈើចំនួន៣ រួមទាំងសហគមន៍ប្រាំបីមុមផងដែរ គ្របដណ្តាប់លើផ្ទៃដីព្រៃទំហំ ៩៣៧ហ.ត មានសមាជិកសរុបហើយបានចុះបញ្ជីក្រសួងនៅឆ្នាំ២០១៨។

ឯកឧត្តមរដ្ឋមន្ត្រីវេង សាខុន បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំរដ្ឋបាលព្រៃឈើមន្ទីរកសិកម្មខេត្តអាជ្ញាធរដែនដី ប្រជាសហគមន៍ ដែលបានខិតខំរួមគ្នាបង្កើតសហគមន៍ព្រៃឈើនេះឡើង បំណងថែរក្សា អភិរក្ស និងអភិវឌ្ឍព្រៃឈើដែលជាសម្បត្តិធម្មជាតិឲ្យបានគង់វង្ស។ ឯកឧត្តម ជម្រាបបងប្អូនសហគមន៍ព្រៃឈើថា រាជរដ្ឋាភិបាលបានចាត់ទុកការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យព្រៃឈើ ដោយចីរភាពថា ជាអាទិភាពមួយសម្រាប់ទ្រទ្រង់ជីវភាពរស់នៅ កាត់បន្ថយភាពក្រីក្ររបស់ប្រជាសហគមន៍នៅជនបទ ក៏ដូចជារក្សាតុល្យភាពជីវចម្រុះក្នុងធម្មជាតិ និងជាពិសេសចូលរួមដោះ ស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។

ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឲ្យរដ្ឋបាលព្រៃឈើត្រូវជំរុញការចុះបញ្ចីសហគមន៍ព្រៃឈើឲ្យបានច្រើនថែមទៀត ប្រយោជន៍ដើម្បីគ្រប់គ្រង និងការពារព្រៃឈើឲ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។ ត្រូវធ្វើប្លង់កម្មសិទ្ធិកាន់កាប់ដីព្រៃឈើសហគមន៍ឲ្យបានត្រឹមត្រូវ ចៀសវាងការកាប់ព្រៃទន្រ្ទានកាន់កាប់ដីព្រៃឈើសហគមន៍ដោយខុសច្បាប់។ មន្ទីរកសិកម្មត្រូវខិតខំស្វែងរកគម្រោងមកជួយអភិវឌ្ឍសហគមន៍ព្រៃឈើប្រាំបីមុំ ធ្វើយ៉ាងណាកែប្រែមុខមាត់ កែប្រែជីវភាព រក្សាបាននូវនិរន្តរភាពនៃការអភិរក្ស និងការអភិវឌ្ឍន៍ព្រៃឈើទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។

ដើម្បីជួលសម្រួលនូវរាល់បញ្ហាដែលជាឧបសគ្គក្នុងការអភិវឌ្ឍន៍សហគមន៍ព្រៃឈើប្រាំបីមុម ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តម លី យ៉ុងផាត់ និងរដ្ឋបាលព្រៃឈើ បានជួយឧបត្ថម្ភអគាររដ្ឋបាល ០១ខ្នង ឡានទឹកសម្រាប់ពន្លត់ភ្លើងឆេះព្រៃ បន្ទប់ទឹក ឧបករណ៍វាស់ដី (GPS) សម្លៀកបំពាក់សម្រាប់ដើរល្បាតព្រៃ បំពាក់សូឡាបូមទឹក និងឧបត្ថម្ភសហគមន៍ និងថវិការ២លានរៀល។ ដោយឡែកសម្រាប់ប្រជាសហគមន៍ដែលបានអញ្ជើញមកចូលរួមម្នាក់ៗបានទទួលប្រាក់ចំនួន ២ម៉ឺនរៀលផងដែរ។

តមកក្នុងថ្ងៃដដែល ឯកឧត្តមរដ្ឋមន្រ្តី អមដំណើរដោយឯកឧត្តមលី យ៉ុងផាត់ បានអញ្ជើញមកពិនិត្យសកម្មភាពប្រមូលផលអំពៅ និងខ្សែច្រវាក់ផលិតកម្មរបស់រោងចក្រកិន និងផលិតស្កអំពៅរបស់ក្រុមហ៊ុនភ្នំពេញស៊ូហ្គឺ របស់ឯកឧត្តម លី យ៉ុងផាត់។ តាមការឲ្យដឹងពីអ្នកគ្រប់គ្រងទូទៅថារោងចក្រមានសក្តានុពលផលិតក្នុងមួយថ្ងៃបានស្ករស ចំនួន ១ពាន់តោន និងស្ករឆៅ ចំនួន ១ពាន់តោន ដោយប្រើអំពៅប្រហែល ១ម៉ឺនតោន ក្នុងនោះ ក្នុងនេះ៣០%ក្រុមហ៊ុនផលិត និង៧០%ទៀតទទួលបានពីការចុះកិច្ចសន្យាទិញពីប្រជាពលរដ្ឋ និងក្រុមហ៊ុនក្នុងស្រុក។

ទីផ្សារធំនាពេលបច្ចុប្បន្នគឺប្រទេសវៀតណាម និងក្នុងស្រុក ហើយអនាគតត្រៀមរៀបចំឯកសារស្នើសុំនាំចេញទៅកាន់ទីផ្សារខាងក្រៅតំបន់បន្ថែមទៀត។
ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះឆន្ទ:វិនិយោគរោងចក្រផលិតស្កអំពៅរបស់ឯកឧត្តម លី យ៉ុងផាត់ ដែល បានចំណាយទុនជាង ២០០ លានដុល្លារ ដែលនេះជាសកម្មភាពមួយយ៉ាងសំខាន់ក្នុងការចូលរួមចំណែកជួយអភិវឌ្ឍវិស័យកសិឧស្សាហកម្មដំណាំអំពៅ ក៏ដូចជាវិស័យសេដ្ឋកិច្ច និងចូលរួមបង្កើតការងារជូនពលរដ្ឋនៅមូលដ្ឋាន បានចំនួនជាងមួយពាន់នាក់ ៕ធ.ដ