មេបក្សប្រឆាំងអ៊ូហ្គង់ដាលោក Bobi Wine និងជាអតីតតារាចម្រៀងត្រូវជាប់ឃុំខ្លួនក្នុងផ្ទះ
មេដឹកនាំបក្សប្រឆាំងអ៊ូហ្គង់ដា លោក Bobi Wine កាលពីថ្ងៃអង្គារប្រាប់ថា កងកម្លាំងសន្តិសុខបានឡោមព័ទ្ធលំនៅដ្ឋានរបស់លោក និងដាក់លោកឱ្យស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះ មុនពេលយុទ្ធនាការប្រមូលផ្តុំដែលលោកគ្រោងទុកកើតឡើង។
លោកសរសេរសារដោយភ្ជាប់នឹងរូបថតកងកម្លាំងនៅលើបណ្ដាញសង្គមធ្វីតធឺរថា មន្ត្រីប៉ូលីស និងយោធាដែលដាក់ពង្រាយពេញមួយយប់ រារាំងលោកមិនឱ្យធ្វើដំណើរចេញពីផ្ទះ នៅភាគខាងជើងនៃរដ្ឋធានីកំប៉ាឡា។ លោកនិយាយថា សកម្មភាពរបស់កម្លាំងយោធានេះ ជាបញ្ជារបស់លោកប្រធានាធិបតីចាស់វស្សា Yoweri Museveni ។
លោក Bobi Wine ដែលជាអ្នកនយោបាយ មានប្រវត្តិជាតារាចម្រៀងរូបនេះ គ្រោងនឹងធ្វើយុទ្ធនាការនៅថ្ងៃអង្គារ ដើម្បីគាំទ្របេក្ខភាពបក្សប្រឆាំងដែលកំពុងឈរឈ្មោះក្នុងការបោះឆ្នោតនៅក្រុង Kayunga ជាកន្លែងដែលលោកប្រធានាធិបតី Museveni គ្រោងនឹងធ្វើការប្រមូលផ្ដុំដូចគ្នា។
លោក Bobi Wine និយាយថា៖ «សន្តិសុខ និងអ្នកថែសួនរបស់យើង ត្រូវបានគេចាប់ខ្លួន និងវាយដំយ៉ាងឃោរឃៅ»។ លោកក៏បន្ថែមថា អ្នកទាំងនោះត្រូវបានចាប់បោះទៅក្នុងរថយន្តប៉ូលីសក្រៅផ្ទះរបស់លោក ហើយទូរស័ព្ទរបស់ពួកគេក៏ត្រូវបានរឹបអូសដែរ។
អ៊ូហ្គង់ដាជាប្រទេសតូចមួយបិទជិតនៅអាហ្វ្រិកភាគខាងកើត ដែលមិនធ្លាប់មានការផ្លាស់ប្តូរអំណាចដោយសន្តិវិធីទេ រាប់តាំងពីទទួលបានឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ ១៩៦២។ មុនក្លាយជាអ្នកនយោបាយ លោក Bobi Wine ប្រើសម្លេងរបស់លោករិះគន់អំពើពុករលួយតាមរយៈបទចម្រៀង និងទាមទារឱ្យមានការផ្លាស់ប្ដូរមេដឹកនាំសព្វថ្ងៃគឺអតីតមេដឹកនាំក្រុមប៉ះបោរលោកប្រធានាធិបតី Museveni ដែលកាន់អំណាចក្រាញ់តាំងពីឆ្នាំ ១៩៨៦។
លោក Bobi Wine ទទួលបានការចាប់អារម្មណ៍ពីអន្តរជាតិនៅក្នុងខែសីហា ២០១៨ នៅពេលដែលលោកត្រូវបានចាប់ខ្លួន ហើយអ្នកបើកបររបស់លោកត្រូវបានបាញ់សម្លាប់។ លោកនិយាយថា លោកត្រូវបានគេធ្វើទារុណកម្មក្នុងពេលកំពុងជាប់ឃុំខ្លួន។
លោក Bobi Wine ដែលមានឈ្មោះពិត Robert Kyagulanyi ទទួលបានការគាំទ្រសម្លេងភាគច្រើនទីពីរក្នុងការបោះឆ្នោតជាតិកាលពីខែមករា ដែលអនុញ្ញាតឱ្យលោក Museveni វ័យ ៧៦ ឆ្នាំ បន្តអាណត្តិទី៦របស់លោក។ តាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera អ៊ិនធឺណិតត្រូវបានកាត់ផ្ដាច់ក្នុងថ្ងៃបោះឆ្នោត ក្រោយយុទ្ធនាការឃោសនាបោះឆ្នោតរបស់បក្សប្រឆាំងត្រូវបានរារាំងដោយប៉ូលីសជាប្រចាំ។
ភាពតានតឹងមុនការបោះឆ្នោតផ្ទុះឡើងក្នុងអំឡុងពេលការតវ៉ាដែលបង្កឡើងដោយការចាប់ខ្លួនលោក Bobi Wine ក្រោមការចោទប្រកាន់ថារំលោភវិធានការកូវីដ។ អ្នកគាំទ្ររបស់លោកចេញមកតវ៉ានៅតាមផ្លូវ បង្កឱ្យមានការប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខដែលសម្លាប់មនុស្សយ៉ាងហោចណាស់ ៥៤ នាក់ក្នុងខែវិច្ឆិកាឆ្នាំ ២០២០។
បន្ទាប់ពីការបោះឆ្នោតនាខែមករាឆ្នាំនេះ ទាហាន និងប៉ូលីសឡោមព័ទ្ធជុំវិញផ្ទះរបស់លោក Bobi Wine ដោយរារាំងសមាជិកគ្រួសាររបស់លោក រួមទាំងប្រពន្ធ មិនឱ្យចេញពីផ្ទះ។ រយៈពេល ១១ ថ្ងៃក្រោយមក តុលាការក៏បញ្ជាឱ្យដោះលែងវិញ។
គណបក្ស National Unity Platform របស់លោក Bobi Wine ចោទប្រកាន់ថា កងកម្លាំងសន្តិសុខចាប់ខ្លួនអ្នកគាំទ្ររបស់លោករាប់រយនាក់ក្នុងការបោះឆ្នោត ដោយខ្លះត្រូវបានសម្លាប់ ខណៈអ្នកខ្លះក៏ដោះលែងវិញក្រោយទទួលរងការធ្វើទារុណកម្ម។
ក្នុងសប្តាហ៍មុន សមាជិកកងកម្លាំងប្រដាប់អាវុធពីរនាក់ត្រូវបានកាត់ទោសដាក់ពន្ធនាគារពីបទពាក់ព័ន្ធនឹងអំពើហិង្សាលើបាតុករកាលពីឆ្នាំមុន។ ការកាត់ទោសនេះ ធ្វើឡើងបន្ទាប់ពីលោក Museveni កាលពីខែសីហា សន្យាថានឹងលុបបំបាត់ការធ្វើទារុណកម្មដែលធ្វើដាក់ក្រុមបាតុករ និងប្រើប្រាស់ច្បាប់ដើម្បីលុបបំបាត់ចោលនូវវប្បធម៌នៃអាកប្បកិរិយាប្រតិកម្មនៅក្នុងកងកម្លាំងប្រដាប់អាវុធ។
កាលពីថ្ងៃពុធសប្ដាហ៍មុននេះដែរ សហរដ្ឋអាមេរិកប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងប្រមុខចារកម្មយោធាលោកឧត្តមសេនីយ៍ Abel Kandiho ដោយលើកឡើងពីការជាប់ពាក់ព័ន្ធរបស់លោកក្នុងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងររួមទាំងការវាយដំ ការរំលោភផ្លូវភេទ និងការឆក់ចរន្តអគ្គិសនី។ ប៉ុន្តែលោក Kandiho ច្រានចោលការចោទប្រកាន់នេះ ដោយហៅវាថាមានហេតុផលនយោបាយ។

ប្រភព៖ Aljazeera