អ៊ុយក្រែនប្រាប់បារាំង និងអាល្លឺម៉ង់ថា អ៊ុយក្រែនត្រៀមខ្លួនជានិច្ចដើម្បីបើកកិច្ចសន្ទនា និងចរចាជាមួយរុស្ស៊ី
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលែនស្គី ថ្លែងថា លោកត្រៀមខ្លួនជានិច្ចដើម្បីបើកកិច្ចសន្ទនា និងចរចាជាមួយរុស្ស៊ី ប៉ុន្តែលោកក៏ចង់ឃើញគោលនយោបាយដាក់ទណ្ឌកម្មដ៏រឹងមាំ ពីសំណាក់លោកខាងលិច ចំពោះរុស្ស៊ីផងដែរ ដើម្បីបញ្ចៀសការបង្កហេតុនៅថ្ងៃអនាគត។
ការអត្ថាធិប្បាយបែបនេះរបស់លោក ហ្សេលែនស្គី ត្រូវបានធ្វើឡើងក្នុងអំឡុងជំនួបពិភាក្សាត្រីភាគីជាមួយប្រធានាធិបតីបារាំងលោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង និងអធិការបតីថ្មីរបស់អាល្លឺម៉ង់លោក អូឡាហ្វ សូលស៍ នៅក្នុងផ្នែកមួយនៃកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប។ នាឱកាសនោះដែរ មេដឹកនាំបារាំង និងអាល្លឺម៉ង់បានជំរុញឲ្យមានកិច្ចសន្ទនាជាបន្ទាន់ជាមួយនឹងរុស្ស៊ី ខណៈការដាក់សម្ពាធលើទីក្រុងម៉ូស្គូក៏នៅតែបន្តទៅមុខផងដែរ ដើម្បីទប់ស្កាត់អ្វីដែលបណ្តាប្រទេសលោកខាងលិចមើលឃើញថា រុស្ស៊ីកំពុងត្រៀមវាយប្រហារអ៊ុយក្រែន។
មន្ត្រីការិយាល័យប្រធានាធិបតីបារាំងបានអោយដឹងថា មេដឹកនាំទាំង៣ក៏បានធ្វើការប្តេជ្ញាឡើងវិញ ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយនិរន្តរភាព ចំពោះវិបត្តិបច្ចុប្បន្ន ដើម្បីរក្សាឲ្យបាននូវអធិបតេយ្យភាព និងបូរណភាពទឹកដីសម្រាប់ប្រទេសអ៊ុយក្រែនផងដែរ៕ ប្រភព៖ CNA


