មន្រ្តីជាន់ខ្ពស់អឺរ៉ុប៖ សហភាពអឺរ៉ុបត្រៀមខ្លួនរួចរាល់ ដើម្បីចាត់វិធានការមិនធ្លាប់មានពីមុនមកប្រឆាំងនឹងរុស្ស៊ី ជុំវិញបញ្ហាអ៊ុយក្រែន
ព្រុចសែល៖ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី យូស៊ុលឡា វ៉ុនឌើ ឡេយេន ថ្លែងថា សហភាពអឺរ៉ុបត្រៀមខ្លួនរួចរាល់ហើយ ក្នុងការបង្កើនការដាក់ទណ្ឌកម្មរបស់ខ្លួន និងចាត់វិធានការដែលមិនធ្លាប់មានពីមុនមក ប្រឆាំងនឹងរុស្ស៊ី ប្រសិនបើទីក្រុងម៉ូស្គូបង្ហាញសកម្មភាពចង់ឈ្លានពានលើអ៊ុយក្រែន។
លោកស្រី វ៉ុនឌើ ឡេយេន បានថ្លែងនៅក្នុងសភាអឺរ៉ុបថា សហភាពអឺរ៉ុបបានធ្វើការយ៉ាងជិតស្និទជាមួយសហរដ្ឋអាមេរិក ដើម្បីរៀបចំជម្រើសរើសលើសពីទណ្ឌកម្មដែលមានស្រាប់ ដែលផ្តោតលើវិស័យហិរញ្ញវត្ថុ និងថាមពលរបស់រុស្ស៊ី ទំនិញប្រើប្រាស់ និងវិស័យការពារជាតិ។ លោកស្រីបានប្រាប់សមាជិកសភាអឺរ៉ុបដូច្នេះថា ការឆ្លើយតបរបស់យើងចំពោះការឈ្លានពានបន្ថែមទៀត អាចនឹងកើតឡើងនូវទម្រង់នៃការកើនឡើង និងការពង្រីកដ៏រឹងមាំនៃការដាក់ទណ្ឌកម្មដែលមានស្រាប់ទាំងនេះ។ លោកស្រីបន្ថែមថា ហើយពិតណាស់ ពួកយើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការបន្ថែមទៀតដែលមិនធ្លាប់មានពីមុនមក ជាមួយនឹងផលវិបាកធ្ងន់ធ្ងរសម្រាប់រុស្ស៊ី។
សូមបញ្ជាក់ថា សហរដ្ឋអាមេរិកនាពេលថ្មីៗនេះ បានចោទប្រកាន់រុស្ស៊ីថា បានដាក់ពង្រាយកងកម្លាំងយោធា ក្នុងទ្រង់ទ្រាយធំរហូតដល់ទៅ ១០ម៉ឺននាក់ នៅតំបន់ជាប់ព្រំដែនអ៊ុយក្រែន ដែលជាការរៀបចំត្រៀមឈ្លានពាន។ ប៉ុន្តែទីក្រុងម៉ូស្គូបានអះអាងតបវិញថា នេះជាចំណាត់ការដើម្បីការពារខ្លួនប៉ុណ្ណោះ៕ ប្រភព៖ Reuters


