លោកជំទាវ ឱ វណ្ណឌីន ៖ មកទល់ពេលនេះអ្នកជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង មិនមានអ្វីគួរឱ្យកត់សម្គាល់នោះទេ

ភ្នំពេញ ៖ មកទល់ពេលនេះអ្នកជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង មិនមានអ្វីគួរឱ្យកត់សម្គាល់នោះទេ ហើយក្រុមគ្រូពេទ្យកំពុងបន្តយកចិត្តទុកដាក់តាមដានសុខភាពគាត់។ នេះបើតាមការបញ្ជាក់របស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លើបណ្តាញសង្គមតេឡេក្រាមនារាត្រីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។

លោកជំទាវ បានបញ្ជាក់ការអំពាវនាវថា យើងរកឃើញអូមីក្រុងតែមួយករណីនេះទេ។ សូមបងប្អូនកុំភ័យពេក តែក៏កុំហ៊ានពេកដែរ ត្រូវយកចិត្តទុកដាក់បន្តអនុវត្តវិធានការ “៣ការពារ និង៣កុំ បូកជាមួយការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ដូសមូលដ្ឋាន និងដូសទីបី នៅពេលដល់វេនលោកអ្នក” ដើម្បីរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ជាពិសេសពពួកបំប្លែងខ្លួនថ្មី និងដើម្បីនិរន្តរ៍ភាពយូរអង្វែងនៃការរស់នៅធម្មតាតាមប្រក្រតីថ្មីនៅក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩។

គួររំលឹកឱ្យដឹងថា ក្រសួងសុខាភិបាលបានប្រកាសនៅយប់ថ្ងៃទី១៤ ខែធ្នូថា គេបានរកឃើញករណីឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» ជាលើកដំបូងលើស្ត្រីខ្មែរវ័យ២៣ឆ្នាំ ដែលបានត្រឡប់មកពីធ្វើការនៅប្រទេសហ្គាណា។
ប្រភពដដែលបានបញ្ជាក់ថា ស្ត្រីអាយុ២៣ឆ្នាំ ដែលរកឃើញមានវីរុសកូវីដ-១៩ បំប្លែងថ្មី «អូមីក្រុង» មានស្រុកកំណើត នៅក្រុងបាវិតខេត្តស្វាយរៀង។ ស្ត្រីរូបនេះ បានធ្វើដំណើរតាមជើងហោះហើរពីប្រទេសហ្គាណាឆ្ពោះទៅកាន់ទីក្រុងឌូបៃ និងបន្តដំណើរពីទីក្រុងឌូបៃមកប្រទេសថៃទើបហោះហើរពីប្រទេសថៃមកកម្ពុជា។ ជាមួយនឹងការរកឃើញករណីដំបូងវីរុសកូវីដ-១៩បំប្លែងថ្មី«អូមីក្រុង»នេះ ក្រសួងសុខាភិបាលបានអំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នដោយអនុវត្តវិធានការ «៣កុំ ៣ការពារ» ឱ្យបានខ្ជាប់ខ្ជួន៕

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner