អង្គភាពប្រឆាំងអំពើពុករលួយសម្រេចឃាត់ខ្លួនមន្រ្តីនគរបាលជាតិពីររូប ដែលពាក់ព័ន្ធនឹងការកាន់កាប់ព្រៃលិចទឹក

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ បានសម្រេចឃាត់ខ្លួនមន្រ្តីនគរបាលជាតិពីររូប ដែលបំពេញការងារនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដោយជាប់ពាក់ព័ន្ធនឹងការកាន់កាប់ព្រៃលិចទឹក។ ជនជាប់សង្ស័យគឺឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរងនគរបាលខេត្ត និងវរសេនីយ៍ឯក កែវ ណារុន ប្រធានការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។ ជនទាំងពីរ ត្រូវបាននាំខ្លួនមកកាន់អង្គភាពប្រឆាំងអំពើពុករលួយកាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។

យោងតាមសេចក្តីប្រកាសដាច់ដោយឡែកពីគ្នារបស់អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.)បានឱ្យដឹងថា ក្រោយពីបានធ្វើការស្តាប់ចម្លើយ ឈ្មោះ ស៊ុំ សុជាតិ ភេទប្រុស អាយុ៥១ឆ្នាំរួចមក អង្គភាពប្រឆាំងអំពើពុករលួយ បានពិនិត្យឃើញថា ជនសង្ស័យខាងលើ បានជាប់ពាក់ពន្ធ័នឹងការកាន់កាប់ និងបានលក់ព្រៃលិចទឹកតំបន់៣ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ដូចនេះអង្គភាពប្រឆាំងអំពើពុករលួយសម្រេចឃាត់ខ្លួនជនសង្ស័យខាងលើនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅវេលាម៉ោង២០និង៤៥នាទី ដើម្បីបន្តនីតិវិធីច្បាប់។

សេចក្តីប្រកាសមួយទៀតបាននិយាយថា ក្រោយពីបានធ្វើការស្តាប់ចម្លើយ ឈ្មោះ កែវ ណារុន ភេទប្រុស អាយុ៥៩ឆ្នាំរួចមក អង្គភាពប្រឆាំងអំពើពុករលួយបានពិនិត្យឃើញថា ជនសង្ស័យខាងលើ បានជាប់ពាក់ព័ន្ធ នឹងការកាន់កាប់ព្រៃលិចទឹកតំបន់៣ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ដូចនេះ អង្គភាពប្រឆាំងអំពើពុករលួយ សម្រេចឃាត់ខ្លួនជនសង្ស័យខាងលើនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ២០និង៥០នាទី ដើម្បីបន្តនីតិវិធីច្បាប់។

សូមបញ្ជាក់ថា មន្រ្តីនគរបាលទាំងពីររូបនេះ ត្រូវបាននាំខ្លួនមកកាន់អង្គភាពប្រឆាំងអំពើពុករលួយកាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ដើម្បីសាកសួរពាក់ព័ន្ធនឹងការកាប់រានព្រៃលិចទឹកនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងក្នុងទំហំរាប់សិបហិកតា៕

ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner