គ្រួសារសពអ្នកជំងឺកូវីដ១៩ ចំនួន៩គ្រួសារ ទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន

អត្ថបទដោយ៖
ហេង វណ្ណា

ភ្នំពេញ៖ សមាជិកក្រុមគ្រួសារសព ដែលស្លាប់ដោយសារជំងឺកាចសាហាវកូវីដ-១៩ ចំនួន៩គ្រួសារ រស់នៅតាមបណ្ដាភូមិ-សង្កាត់ផ្សេងៗគ្នា នៃខណ្ឌឬស្សីកែវ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ តាមរយៈលោក ឯក ឃុនដឿន អភិបាលខណ្ឌ និងអស់លោក-លោកស្រីចៅសង្កាត់ ព្រមទាំងមន្ត្រីពាក់ព័ន្ធ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ទាប់ពីពួកគាត់ទទួលបានការឧបត្ថម្ភដូចជាអាវរងារ គ្រឿងឧបភោគ បរិភោគ និងថវិកា ដើម្បីដោះស្រាយបញ្ហាមួយចំនួនក្នុងជីវភាពរស់នៅ។

លោក ឯក ឃុនដឿន ស្ថិតក្នុងសកម្មភាពចុះជួបសួរសុខទុក្ខ សំណេះសំណាល និងឧបត្ថម្ភអាវរងារ គ្រឿងឧបភោគ បរិភោគ និងថវិការបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដល់សមាជិកក្រុមគ្រួសារសព ដែលមរណៈភាពដោយសារជំងឺកូវីដ១៩ បានជំរុញបន្ថែមទៀតឱ្យយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អប្រសើរ តារយៈការបន្តអនុវត្តវិធានការ «៣កុំ និង៣ការពារ» ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ដែលជាវិធានការដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។

ប្រជាពលរដ្ឋជាគ្រួសារសពក្នុងមួយគ្រួសារ ទទួលអាវរងារ១កញ្ចប់, អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកស៊ីអ៊ីវ១យួរ និងថវិកាចំនួន ២,០០០,០០០រៀលស្មើៗគ្នា ដើម្បីចូលរួមរំលែកទុក្ខ និងដោះស្រាយបញ្ហាមួយចំនួន។ លោក ឯក ឃុនដឿន បានប្រគល់ជូននៅសាលាសង្កាត់ឫស្សីកែវ សង្កាត់គីឡូម៉ែត្រលេខ៦ សង្កាត់ច្រាំងចំរេះទី១ និងសង្កាត់ស្វាយប៉ាក កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner