ពលរដ្ឋនៅខណ្ឌពោធិ៍សែនជ័យ សុំឱ្យអាជ្ញាធរបន្តជួយកសាងផ្លូវ លូ ប្រឡាយ និងប្រព័ន្ធរំដោះទឹក

អត្ថបទដោយ៖
Kien Sereyvuth

ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌពោធិ៍សែនជ័យ បាននាំគ្នាស្នើឱ្យអាជ្ញាធរមូលដ្ឋាន និងក្រុមប្រឹក្សាបន្តជួយកសាងបណ្តាញផ្លូវបេតុង លូ ប្រឡាយ និងប្រព័ន្ធរំដោះទឹក នៅក្នុងមូលដ្ឋានរស់នៅ ដោយសារបច្ចុប្បន្ន បាននឹងកំពុងជួបប្រទះនូវបញ្ហាលំបាកជាច្រើន ទាំងការធ្វើដំណើរ បញ្ហាសំរាម និងបញ្ហាបរិស្ថាន។

នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅខណ្ឌពោធិ៍សែនជ័យ កាលពីរសៀលថ្ងៃទី១៦ ខែធ្នូម្សិលម៉ិញនេះ មានប្រជាពលរដ្ឋចំនួន១០រូប បានលើកឡើងនូវសំណួរ សំណើរ និងសំណូមពរផ្ទាល់មាត់ និងមានប្រជាពលរដ្ឋប្រមាណជា៥៧នាក់ផ្សេងទៀត បានសរសេរជាលេខល័ក្ខអក្សរ ក្នុងចំណោមប្រជាពលរដ្ឋចំនួន៥២២នាក់ ដែលបានចូលរួមក្នុងវេទិកានេះ បានស្នើសុំឱ្យអាជ្ញាធរបន្តជួយដោះស្រាយលើបញ្ហាជាច្រើន ប៉ុន្តែអ្វីដែលជាកង្វល់រួម គឺបញ្ហាផ្លូវ លូ ប្រឡាយ និងប្រព័ន្ឌរំដោះទឹកកខ្វកចេញពីមូលដ្ឋានតែម្តង។

នៅចំពោះមុខ ប្រជាពលរដ្ឋ និងអង្គវេទិកា លោក ហែម ដារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌ ពោធិ៍សែនជ័យ បានលើកឡើងថា បើទោះខណ្ឌពោធិ៍សែនជ័យ ជាខណ្ឌចាស់ ហើយសង្កាត់ចំនួន៦ ត្រូវកាត់ទៅខណ្ឌកំបូលក៏ពិតមែន ប៉ុន្តែសង្កាត់ទាំង៧ក្នុងខណ្ឌនេះ បណ្តាញផ្លូវភាគច្រើនជាផ្លូវដី មិនមានបណ្តាញលូ ឬ ប្រឡាយបង្ហូរទឹកគ្រប់គ្រាននិងត្រឹមត្រូវនោះទេ។ ហើយបច្ចុប្បន្ន រដ្ឋបាលខណ្ឌ និងសង្កាត់ ក៏បាននិងកំពុងអនុវត្តន៍នូវផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សំដៅលើកកម្ពស់សេវាសាធារណៈ និងអភិវឌ្ឍន៍នៅក្នុងការកសាងមូលដ្ឋានរបស់ខ្លួន។

ប៉ុន្តែយ៉ាងណានៅមិនទាន់ឆ្លើយតបនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅឡើយទេ ហើយលោកសង្ឃឹមថា នៅឆ្នាំខាងមុខនេះ បន្ទាប់ពីក្រសួងមហាផ្ទៃបានប្រកាសបន្ថែមថវិកា លើគម្រោងសកម្មភាព អភិវឌ្ឍន៍មូលដ្ឋាន រដ្ឋបាលខណ្ឌ សង្កាត់នឹងមានលទ្ធភាពបន្ថែមមួយកម្រិតទៀត ក្នុងការកសាង ស្តារ ហេដ្ឋារច្ចនាសម្ព័ន្ធក្នុងមូលដ្ឋាន ឱ្យបានកាន់តែច្រើនថែមទៀត។ លើសពីនេះ លោកអភិបាលខណ្ឌក៏បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធ បន្តពន្លឿនសកម្មភាពរបស់ខ្លួន ដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ហើយនៅចំពោះមុខអ្វីដែលអាជ្ញាធរអាចធ្វើទៅបាននិងដោះស្រាយឱ្យបានលឿនបំផុតទៅតាមសំណើរ និងសំណូមពររបស់ប្រជាពលរដ្ឋ។

បន្ទាប់ពីស្តាប់ នូវកង្វល់ និងបញ្ហារបស់ប្រជាជនរួចមក ឯកឧត្តម ស៊ុយ សេរិទ្ធ អភិបាលរង រាជធានីភ្នំពេញបានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារដ្ឋបាលខណ្ឌ មិនដែលព្រងើយកណ្តើយ ចំពោះបញ្ហាក្នុងការរស់នៅរបស់ពលរដ្ឋនោះទេ ហើយបាននិងកំពុងបន្តខិតខំដោះស្រាយជាបន្តបន្ទាប់ បើទោះជាក្នុងដំណាក់កាលណាក៏ដោយ។ ចំពោះបញ្ហាដែលបងប្អូនបានលើកឡើងនៅពេលនេះ អ្វីដែលអាចដោះស្រាយជូនបាន នឹងជម្រុញឱ្យមានការដោះស្រាយភ្លាមៗ មិនទុកឱ្យនៅយូតទៅទៀតទេ ប៉ុន្តែអ្វីដែលហួសពីលទ្ធភាព នឹងនាំយកទៅរាយការណ៍ជូនអភិបាល ឬ ស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីបន្តសហការដោះស្រាយជូន ប៉ុន្តែត្រូវការពេលវេលាផងដែរ។

ដោយឡែកចំពោះបញ្ហាសំរាម ដែលមិនមានរថយន្តទៅដឹកចេញនោះ រដ្ឋបាលរាជធានី នឹងផ្តល់ជូនរម៉កដឹកសំរាម ទៅតាមសង្កាត់ ដើម្បីដោះស្រាយជាបណ្តោះអាសន្ន ទម្រាំងមានផ្លូវ អាចរថយន្តចូលទៅដឹកសំរាមបាន។ចំណែកឯកប្រព័ន្ធរំដោះទឹក នឹងចាត់មន្រ្តីជំនាញចុះទៅសិក្សាស្ថានភាពជាក់ស្តែង ដើម្បីរកលទ្ធភាពជីកកាយប្រឡាយដោះស្រាយបញ្ហាជូន។
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ មានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នឹងផ្តល់ជូនប្រជាពលរដ្ឋចូលរួម ក្នុងដំណើរការអភិបាលកិច្ច និងជាឧបករណ៍មួយ សម្រាប់លើកកម្ពស់ គណនីភាព តម្លាភាព ក្នុងដំណើរការពិនិត្យ លើការផ្តល់សេវាសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ។

ឯកឧត្តមបន្តថា វេទិកានេះ ធ្វើឡើងដើម្បីធានាថា រាល់បញ្ហាអតិភាពរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ត្រូវបានពិនិត្យដោះស្រាយ និងឆ្លើយតប និងគ្រប់អ្នកពាក់ព័ន្ធ ត្រូវបានរួមបញ្ចូល បរិយាប័ន នៅក្នុងដំណើរការ នៃការអភិវឌ្ឍ បែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។ ប្រធានក្រុមប្រឹក្សាបញ្ជាក់ថា ក្រុមប្រឹក្សារាជធានីភ្នំពេញ មានបំណងជម្រុញ វប្បធម៌ នៃការពិភាក្សា និងលើកកម្ពស់ គណនីភាព តាមបែបប្រជាធិបតេយ្យ ដោយការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅរៀងរាលត្រីមាសទី៤ នៃឆ្នាំនីមួយៗ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner