រុស្ស៊ី និង ចិនអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដកទណ្ឌកម្មខ្លះលើកូរ៉េខាងជើង

ចិន៖ បើយោងតាមពង្រាងសេចក្តីសំរេចចិត្តនោះ ចិន និងរុស្ស៊ី នៅថ្ងៃចន្ទម្សិលមិញ បានស្នើសុំដកបំរាមនាំចេញរូបចម្លាក់ អាហារសមុទ្រ និង ទំនិញវាយនភណ្ឌលើកូរ៉េខាងជើង ដែលវាជាចំណាត់មួយរបស់ភាគីរុស្ស៊ី ដើម្បីជំរុញឱ្យមានការចរចារវាងអាម៉េរិក-កូរ៉េខាងជើង ។

ពង្រាងសេចក្តីសម្រេចចិត្តនេះ ក៏សុំដកបំរាមលើពលរដ្ឋកូរ៉េខាងជើង ដែលធ្វើការនៅបរទេស និងបញ្ចប់ការតំរូវឱ្យបញ្ជូនខ្លួនកម្មករពលករដូច្នេះទៅកាន់ប្រទេសកូរ៉េខាងជើងវិញនៅយ៉ាងយូរបំផុតត្រឹមសប្តាហ៍ក្រោយ ។ វាក៏ស្នើសុំឲ្យគម្រោងកិច្ចសហប្រតិបត្តិការផ្លូវថ្នល់ និងផ្លូវដែករវាងកូរ៉េទាំងពីរ រួចផុតពីបំរាមរបស់អង្គការសហប្រជាជាតិផងដែរ ។ យ៉ាងណាមិញ គេនៅមិនដឹងថាតើពង្រាងច្បាប់នេះ នឹងត្រូវដាក់ឲ្យក្រុមប្រឹក្សាសន្តិសុខដែលមាន១៥ប្រទេសបោះឆ្នោតសម្រេចនៅពេលណាទេ ។

ជាការឆ្លើយតប មន្ត្រីក្រសួងការបរទេសអាម៉េរិកម្នាក់បាននិយាយថា បច្ចុប្បន្នមិនមែនជាពេលដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ពិចារណាដកទណ្ឌ កម្មលើកូរ៉េខាងជើងទេ ដោយសារទីក្រុងព្យុងយ៉ាងគំរាមបង្ករឿងខ្លាំងឡើង និង បដិសេធមិនជួបពិភាក្សារឿងរំសាយអាវុធនុយក្លេអ៊ែរ ក៏ដូចជាបន្តរក្សាទុក និងអភិវឌ្ឍអាវុធប្រល័យលោកដែលអន្តរជាតិហាមឃាត់ និងកម្មវិធីមីស៊ីលផ្លោងរបស់ខ្លួន ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner