សម្ដេចពិជ័យសេនា ទៀ បាញ់៖ អាវុធ និងសម្ភាររបស់អាមេរិកប្រមូលបានបណ្ដើរៗហើយ គ្រោងកម្ទេចចោលចំពោះរបស់ដែលប្រើមិនកើត
កំពង់ឆ្នាំង ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា អាវុធគ្រប់ប្រភេទ រួមទាំងសម្ភារយោធាផ្សេងៗរបស់សហរដ្ឋអាមេរិកត្រូវបានប្រមូលជាបណ្ដើរៗ និងបានជាបន្តបន្ទាប់ហើយគ្រោងនឹងកម្ទេចចោលចំពោះរបស់ប្រើប្រាស់មិនកើត និងរបស់ដែលនៅប្រើបានត្រូវរក្សាទុកក្នុងឃ្លាំង និងសារមន្ទីរ។
នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តម វ៉ាង វិនធានឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ទីលានបាញ់គ្រាប់ពិតនៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថ (ភ្នំជុំរីករាយ) ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ នៅទីនោះ សម្តេចពិជ័យសេនា បានមានប្រសាសន៍ថា អាវុធគ្រប់ប្រភេទរួមទាំងសម្ភារយោធាផ្សេងៗរបស់សហរដ្ឋអាមេរិក ត្រូវបានប្រមូលជាបណ្ដើរៗ និងបានជាបន្តបន្ទាប់ហើយ គ្រោងនឹងធ្វើការដុតកម្ទេចចោលចំពោះរបស់ប្រើប្រាស់មិនកើត។ ចំណែករបស់ដែលនៅប្រើបាននឹងត្រូវរក្សាទុកក្នុងឃ្លាំង និងសារមន្ទីរ។
ទាក់ទងនឹងពិធីបញ្ចុះបឋមសិលាវិញ សម្តេចពិជ័យសេនាបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការយោធារវាងកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន បានពង្រឹង និងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស៊ីជម្រៅលើគ្រប់វិស័យ ដោយឈរលើគោលការណ៍ជឿជាក់គ្នាយោគយល់គ្នា គោរពគ្នា និងផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកលើមូលដ្ឋាន ឈ្នះ ឈ្នះ និងសន្តិសហវិជ្ជមាន។ ជាក់ស្តែងថ្ងៃនេះ សម្តេចនិងឯកឧត្តម វ៉ាង វិន ធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានចូលរួមជាអធិបតីក្នុង “ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារ និងទីលានបាញ់គ្រាប់ពិត នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ នៅភ្នំជុំរីករាយ”។
គួររំលឹកថា កាលពីថ្ងៃទី១០ ខែធ្នូកន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់ចេញបទបញ្ជាដល់អង្គភាពប្រដាប់អាវុធទាំងអស់ ឱ្យធ្វើការត្រួតពិនិត្យឡើងវិញជាបន្ទាន់អំពីអាវុធ និងសម្ភារយោធា ដែលកម្ពុជាមានបច្ចុប្បន្ន ហើយត្រូវប្រមូលអាវុធ និងសម្ភារយោធាអាមេរិកទាំងអស់ ប្រសិនបើមានយកទៅរក្សាទុកក្នុងឃ្លាំង ឬយកទៅកម្ទេចចោល តាមការជាក់ស្តែង។
នៅលើហ្វេសប៊ុកផ្លូវការសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១០ ខែធ្នូនេះ បានសរសេរថា កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះសហរដ្ឋអាមេរិកបានសម្រេចអំពីការរឹតត្បិតការលក់ដូរអាវុធ និងសម្ភារៈយោធាដល់កម្ពុជា។ ខ្ញុំឆ្លៀតយកឱកាសនេះ សូមអរគុណចំពោះសហរដ្ឋអាមេរិក ដោយសារការសម្រេចរបស់សហរដ្ឋអាមេរិកលើបម្រាមការលក់ដូរអាវុធ និង សម្ភារយោធាមកកម្ពុជានាពេលនេះ គឺបានឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវនៃការសម្រេចចិត្តរបស់ខ្ញុំ កាលពីឆ្នាំ១៩៩៤ ដែលនៅពេលនោះ ខ្ញុំបានធ្វើការសម្រេចចិត្តដោយមិនធ្វើការផ្លាស់ប្តូរប្រព័ន្ធអាវុធកម្ពុជាដែលមានពេលនោះ ទៅទិញប្រព័ន្ធអាវុធអាមេរិក។
សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា “ទន្ទឹមនឹងនេះ ខ្ញុំសូមដាក់ចេញបទបញ្ជាដល់អង្គភាពប្រដាប់អាវុធទាំងអស់ ឱ្យធ្វើការត្រួតពិនិត្យឡើងវិញជាបន្ទាន់អំពីអាវុធ និងសម្ភារយោធា ដែលកម្ពុជាមានបច្ចុប្បន្ន ហើយត្រូវប្រមូលអាវុធ និងសម្ភារយោធាអាមេរិកទាំងអស់ប្រសិនបើមាន យកទៅរក្សាទុកក្នុងឃ្លាំង ឬយកទៅកម្ទេចចោល តាមការជាក់ស្តែង។ តាមចំណាំរបស់ខ្ញុំ អ្នកដែលធ្លាប់ប្រើប្រព័ន្ធអាវុធអាមេរិកជាច្រើន បានចាញ់សង្គ្រាម ដូចជា ក្នុងរបបសាធារណខ្មែររបស់ លន់ នល់ ដែលពេលនោះបានប្រើប្រព័ន្ធអាវុធអាមេរិក និងបាននាំចូលអាវុធជាច្រើនមកកម្ពុជា ហើយធ្វើឱ្យកម្ពុជាជាប់បំណុលខ្មៅនេះ រហូតមកដល់បច្ចុប្បន្ននេះ។ ថ្មីៗនេះទៀតសោត គឺ អ្នកប្រើប្រព័ន្ធអាវុធអាមេរិក ក៏បានចាញ់សង្គ្រាមនៅអាហ្វហ្គានីស្ថាន។ ខ្ញុំមានជំនឿលើភាពក្លាហាន ព្រមទាំងស្មារតីនិងទឹកចិត្តប្រយុទ្ធរបស់យុទ្ធជនក្នុងសមរភូមិ ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា ជាជាងលើអាវុធតែមួយមុខ”។
ជាថ្មីម្តងទៀត សម្តេចក៏សូមអរគុណសហរដ្ឋអាមេរិកដែលបានជួយបញ្ជាក់ថា ការសម្រេចចិត្តរបស់សម្តេចមិនយល់ព្រមទិញអាវុធពីអាមេរិកពិតជាត្រឹមត្រូវសម្រាប់នយោបាយការពារជាតិរបស់កម្ពុជា ហើយវាក៏ជាសារព្រមានមួយប្រាប់ទៅខ្មែរដែលគ្រប់គ្រងរាជរដ្ឋាភិបាលជំនាន់ក្រោយឱយបានជ្រាបថា បើចង់មានឯករាជ្យភាពលើវិស័យការពារជាតិ សូមកុំប្រើប្រាស់អាវុធរបស់អាមេរិក៕
ដោយៈពលជ័យ



