សម្តេចតេជោ លើកឡើងពីគោលដៅសំខាន់មួយចំនួនដែលត្រូវធ្វើក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០២២ ជូនរដ្ឋមន្រ្តីការបរទេសថៃ

ភ្នំពេញ៖ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងពីគោលដៅសំខាន់មួយចំនួនដែលត្រូវធ្វើក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០២២ ជូនឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ដន ប្រាម៉ាត់វីណៃ រដ្ឋមន្រ្តីការបរទេសថៃ ។

សម្ដេចតេជោ បានបញ្ជាក់ថា គោលដៅសំខាន់ដែលត្រូវធ្វើក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០២១នោះរួមមាន៖ ទី១-ប្រយុទ្ធប្រឆាំងជំងឺកូវីដ ធ្វើយ៉ាងណាបើកសេដ្ឋកិច្ច សង្គមកិច្ច និងតភ្ជាប់រវាងប្រជាជននិងប្រជាជននៅអាស៊ានរបស់យើង, ទី២-គឺពង្រឹងមិត្តភាព សាមគ្គីភាព និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសអាស៊ាន និងទី៣- សម្ដេចតេជិនាយករដ្ឋមន្ត្រី បានជម្រាបជូនឯកឧត្តមផងដែរនូវជំហររបស់កម្ពុជា ពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង នោះគឺជំរុញការអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាម DOC និងឲ្យប្រទេសដែលមានពាក់ព័ន្ធ ធ្វើការចរចាគ្នា និងខំប្រឹងប្រែងធ្វើយ៉ាងណា សម្រេច COC ឲ្យបាន ។

សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងដូចនេះ នៅក្នុងឱកាសអនុញាតិឱ្យឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ដន ប្រាម៉ាត់វីណៃ រដ្ឋមន្រ្តីការបរទេសថៃ ចូលជួបពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ និងបានគោរពសូមស្វែងយល់ពីសម្ដេចតេជោ នូវគោលដៅនៃការដឹកនាំអាស៊ាន នាឆ្នាំ២០២២ ខាងមុខ ។

នៅក្នុងជមនួបនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ដន ប្រាម៉ាត់វីណៃ បានគោរពពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តម នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ជូនចំពោះសម្តេចតេជោ ហើយបានសម្ដែងការអបអរសាទរជូនចំពោះសម្តេចតេជោ ដែលនឹងក្លាយជាប្រធានអាស៊ាននៅឆ្នាំក្រោយនេះ នឹងបានគោរពជូនពរសម្ដេចតេជោ ដឹកនាំអាស៊ាន ទទួលបានជោគជ័យនៅឆ្នាំ ២០២២ ខាងមុខ។

ឯកឧត្តម ដន ប្រាម៉ាត់វីណៃ ក៏បានសំដែងនូវការអបអរសាទរជូនចំពោះសម្តេចតេជោ ដែលបានទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 បានយ៉ាងជោគជ័យ ជាពិសេស បានចាក់ស្រោចវ៉ាកសាំងជូនដល់ប្រជាជនកម្ពុជា បានជាង ៩០ភាគរយ ។ ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានសំដែងនូវការអបអរសាទរផងដែរ ជូនចំពោះសម្តេចតេជោ ដែលបានអភិវឌ្ឍន៍កម្ពុជាយ៉ាងឆាប់រហ័ស។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម ដន ប្រាម៉ាត់វីណៃ ដែលបានពាំនាំនូវសាររបស់ឯកឧត្តមនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ជូនចំពោះសម្ដេចផងដែរ ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner