លោក Boris Johnson គ្រោងប្រកាសពីការរុះរើគណៈរដ្ឋមន្ត្រី និងបង្កើតរដ្ឋាភិបាលថ្មី ក្រោយឈ្នះការបោះឆ្នោតសកលមុនអាណត្តិ
អត្ថបទដោយ៖
Kien Sereyvuth
អង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន ត្រូវបានគេរំពឹងថា នៅក្នុងសប្តាហ៍នេះ នឹងប្រកាសពីការរុះរើ និងបង្កើតគណៈរដ្ឋមន្ត្រីថ្មី ក្រោយគណបក្សអភិរក្សនិយមរបស់លោក ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសកលមុនអាណត្តិកាលពីសប្ដាហ៍មុន ។

បើតាមការគ្រោងទុកនោះ លោក Boris Johnson អាចនឹងតែងតាំងរដ្ឋមន្ត្រីថ្មី ទទួលបន្ទុកកិច្ចការប្រទេសវែល និងរដ្ឋមន្ត្រីវប្បធម៌ជំនួសលោក អាឡាន់ ខេនស៍ ដែលបានលាលែងចេញពីតំណែង កំឡុងធ្វើយុទ្ធនាការរកសំឡេងឆ្នោត ។

គួរបញ្ជាក់ថា នៅក្នុងការបោះឆ្នោតសភាមុនអាណត្តិកាលពីថ្ងៃទី១២ ខែធ្នូកន្លងទៅ គណបក្សអភិរក្សនិយមទទួលបានអសនៈ៣៦៤ ក្នុងចំណោមអសនៈសរុប ៦៥០ ដែលនេះគឺជាជ័យជម្នះដ៏ធំមិនធ្លាប់មានគិតចាប់តាំងពីឆ្នាំ១៩៨៧ ។ ហើយតាមរយៈជ័យជម្នះនេះ នឹងបើកផ្លូវឱ្យលោក Johnson នាំអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបនៅខែមករា ឆ្នាំ២០២០ តាមការពាក្យសន្យា ៕ធ.ដ
