សម្តេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តម វ៉ាង វិនធាន អញ្ជើញបញ្ចុំបឋមសិលាចិន ទីលានបាញ់គ្រាប់ពិត នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនអាវុធហត្ថភ្នំជុំរីករាយ ជាជំនួយឥតសំណងរបស់ចិនផ្តល់ដល់កម្ពុជា

កំពង់ឆ្នាំង៖ អគារ និងទីលានបាញ់គ្រាប់ពិត នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំរីករាយ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន បានបន្ដផ្ដល់ដល់កម្ពុជា តាមរយៈក្រសួងការពារជាតិ ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ ជាផ្លូវការ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង ការពារ ជាតិ និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

អគារ និងទីលានបាញ់គ្រាប់ពិតនេះ ត្រូវបានសម្ដេចពិជ័យសេនា ទៀ បាញ់ បានអះអាងថា ការបញ្ចុះបឋមសិលាសាងសង់នៅពេលនេះ បន្ទាប់ពីភាគីកម្ពុជា-ចិន បានពិភាក្សាគ្នាយ៉ាងហ្មត់ចត់ ហើយចិនក៏បានបញ្ជូនអ្នកបច្ចេកទេសជំនាញ ដើម្បីមកសិក្សានៅទីតាំងនេះចប់រួចរាល់។ សម្ដេចពិជ័យសេនា ទៀ បាញ់ បានបន្ដថា អគារ និងទីលានបាញ់គ្រាប់ពិតនេះ គឺជាការផ្ដល់ជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន ដល់ក្រសួងការពារជាតិកម្ពុជា។

សម្តេចពិជ័យសេនាបានថ្លែងបញ្ជាក់ថា «យើងបានឯកភាពគ្នា ចិន នឹងជួយកសាងអគារ និងទីលានបាញ់គ្រាប់ពិតនៅកន្លែងនេះ ឲ្យបានធំធេងមានលក្ខណៈអន្ដរជាតិតែម្ដង ដូច្នេះថ្ងៃនេះយើងចាប់ផ្ដើមបញ្ចុះបឋមសិលាដើម្បីកសាង។ កន្លែងនេះរៀបចំមូលដ្ឋានបានហើយ នៅតែកសាង និងបំពាក់គ្រឿងសម្ភារ ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន ជួយដល់ក្រសួងការពារជាតិ»។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានបន្ថេមថា ការបញ្ចុះបឋមសិលាសាងសង់អគារ និងទីលានបាញ់គ្រាប់ពិតនៅថ្ងៃនេះ មិនមែនសម្រាប់បម្រើឲ្យតែកងរាជអាវុធហត្ថលើផ្ទៃប្រទេស សម្រាប់ត្រៀមលក្ខណៈធ្វើម្ចាស់ផ្ទះប្រកួតកីឡាបាញ់កាំភ្លើង កងទ័ពជើងគោកអាស៊ាន ឆ្នាំ២០២៣ប៉ុណ្ណោះទេ ប៉ុន្តែវានឹងបម្រើដល់គ្រប់កងឯកភាពក្នុងកងយោធពលខេមរភូមិន្ទសំដៅរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ព ក្នុងការការពារបូរណភាពទឹកដី អធិបតេយ្យភាព ឯករាជ្យជាតិ សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម បង្ការទប់ស្កាត់នូវរាល់ទង្វើបំផ្លិចបំផ្លាញ អំពើភេរវកម្ម និងឧក្រិដ្ឋកម្មផ្សេងៗ ការពារសុខសន្តិភាពជូនប្រជាជនកម្ពុជាទូទៅ ភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគព្រមទាំងមន្ត្រី ស្ថាប័នអន្តរជាតិ ស្ថានទូតនានានៅកម្ពុជា។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា បន្ទាប់ពីសំណង់អគារ និងទីលានបាញ់គ្រាប់ពិត ដែលបំពាក់ដោយឧបករណ៍ សម្ភារៈបច្ចេកទេសទំនើបនេះសាងសង់រួចរាល់ នឹងផ្ដល់ឱកាសដល់នាយ នាយរង ពលអាវុធហត្ថ និងបណ្តាកងឯកភាព ក្នុងកងយោធពលខេមរភូមិន្ទ និងលើកកម្ពស់សមត្ថភាពចំណេះដឹង ជំនាញវិជ្ជាជីវៈ គុណធម៌ សីលធម៌ មនសិការស្នេហាជាតិ និងស្មារតីទទួលខុសត្រូវទាំងទ្រឹស្តី និងអនុវត្តជាក់ស្តែង ឆ្លើយតបទៅនឹងសេចក្តីត្រូវការវិស័យការពារជាតិ ទាំងពេលចំពោះមុខ និងសម្រាប់អនាគតយូរអង្វែងលើមាគ៌ាសន្តិភាព ស្របតាមការអភិវឌ្ឍរបស់ប្រទេសជាតិ និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការការពារឯករាជ្យ សន្តិភាព អធិបតេយ្យ បូរណភាពទឹកដី និងរាល់សមិទ្ធផល នៃសង្គមជាតិបានរឹងមាំ។

ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរាជទួតចិនប្រចាំនៅកម្ពុជា បានលើកឡើងថា កងទ័ពចិន ជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ហ្វឹកហ្វឺនកងរាជអាវុធហត្ថ គឺដើម្បីគាំទ្រការវិវឌ្ឍន៍របស់កងរាជអាវុធហត្ថកម្ពុជា។ ឯកឧត្តម ជឿជាក់ផងដែរថា ក្រោមការខិតខំប្រឹងប្រែងរួមគ្នារវាងចិន និងកម្ពុជា គម្រោងមួយនេះនឹងក្លាយជាសមិទ្ធផលថ្មីមួយទៀត សម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក៏ដូចជាកងទ័ពប្រទេសទាំងពីរ។

ឯកអគ្គរដ្ឋទូតចិននៅកម្ពុជារូបនេះ ក៏បានបង្ហាញនូវការជឿជាក់បន្ថែមទៀតថា ទីលានប្រកួតបាញ់គ្រាប់ពិតអាស៊ាន ដែលជាជំនួយរបស់ចិន នឹងក្លាយជាព្រឹត្តិការណ៍មួយសម្រាប់កម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងសាមគ្គីភាព បង្កើនចំណងមិត្ត និងលើកកម្ពស់កិច្ចសហប្រតិបត្តិការកាន់តែស៉ីជម្រៅជាមួយកងទ័ពនៅក្នុងប្រទេសអាស៊ាន។

គួរជម្រាបថា ក្នុងពិធីនោះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើរបាយការណ៍អំពីដំណើរការរៀបចំ និងសាងសង់នូវមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំរីករាយ ដែលស្ថិតនៅខេត្តកំពង់ឆ្នាំងនេះផងដែរ។ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា ទីតាំងនេះការសាងសង់ត្រូវបានចែកជា ៥ជំហានដូចតទៅ៖

  • ជំហានទី១៖ ការរៀបចំប្រព័ន្ធផ្លូវតភ្ជាប់ពីផ្លូវលេខ៤៤ មកមជ្ឈមណ្ឌល និងផ្លូវក្នុងមជ្ឈមណ្ឌល ព្រមទាំងរៀបចំប្រព័ន្ធលូរំដោះទឹកគ្រប់ប្រភេទ ក្នុងនោះផ្លូវកៅស៊ូមានប្រវែង ៣៣,១៤៥គីឡូម៉ែត្រ ផ្លូវក្រាលក្រួសក្រហមប្រវែង ៥៣,៩០០គីឡូម៉ែត្រ។ ជីកនិងធ្វើទំនប់បង្អៀរ ព្រមទាំងស្ថាបនាអាងចម្រះទឹកស្អាត តបណ្តាញអគ្គិសនី សាងសង់អគារពហុសិក្សា, អគារស្នាក់នៅ, ផ្ទះបាយ, បន្ទប់ទឹក, បង្គន់អនាម័យ, អគារវេទិកា, ទីលានហ្វឹកហាត់ និងទីលានកីឡា។
  • ជំហានទី២៖ ចាប់ពីឆ្នាំ២០១៨ ដំណើរការសាងសង់អគារស្នាក់រឹងមាំ អគារទីចាត់ការ ផ្ទះភ្ញៀវ ផ្ទះបុគ្គលិក គិលានដ្ឋាន ប្រព័ន្ធឃ្លាំង រោងដាក់រថយន្ត រថពាសដែក ព្រមទាំងជីកធ្វើទំនប់ទឹក ស្ថាបនាអាងចម្រះទឹកស្អាតទី២។
  • ជំហានទី៣៖ គឺការជីក និងសម្រួលដីទំហំ ១០៥ហិកតា សម្រាប់សាងសង់ទីលានបាញ់ និងកសាងអគារហ្វឹកហាត់តាមប្រព័ន្ធបច្ចេកទេស SIMULATION នាពេលនេះ។ កិច្ចការដែលយើងប្រារព្ធនេះ គឺជាលទ្ធផល នៃកិច្ចសហប្រតិបត្តិការរវាងវិស័យការពារជាតិកម្ពុជា ជាមួយសាធារណរដ្ឋប្រជាមានិតចិន។ ការដ្ឋាននៃសំណង់នេះនឹងរួមចំណែកសំខាន់បន្ថែមទៀត ដល់ការកសាងសមត្ថភាពការពារជាតិ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សម្រាប់កម្ពុជាផ្ទាល់ផង ហើយក៏ជាការត្រៀមរៀបចំទទួលធ្វើម្ចាស់ផ្ទះ សម្រាប់ការប្រកួតកីឡាបាញ់កាំភ្លើងក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ និងព្រឹត្តិការណ៍ធ្វើម្ចាស់ផ្ទះរៀបចំបាញ់កាំភ្លើងកងទ័ពជើងគោកអាស៊ាន ដែលជាកាតព្វកិច្ចសមាជិកអាស៊ាននីមួយៗនោះថែមទៀត។
  • ជំហានទី៤៖ នឹងបន្តរៀបចំសាងសង់មណ្ឌលពិព័រណ៍ពហុបច្ចេកទេស។
  • ជំហានទី៥៖ សាងសង់ទីលានសម្រាប់បម្រើការលំហាត់ថ្នាក់យុទ្ធវិធី ថ្នាក់វរសេនាតូច អនុសេនាធំ៕
ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner