ក្រុមនិយមលោក កឹម សុខា បន្តវ៉ៃប្រហារលើទណ្ឌិត សម រង្ស៊ី និងបក្ខពួក ដែលនៅតែខំប្រឹងស្រែកគ្មានអៀនមាត់ថា កឹម សុខា-សម រង្ស៊ី ជាមនុស្សតែមួយ

ភ្នំពេញ ៖ លោក ហ៊ុន កុសល មន្ត្រីនិយមលោក កឹម សុខា បានបន្តធ្វើការវ៉ៃប្រហារលើទណ្ឌិត សម រង្ស៊ី មេចលនាឧទ្ទាមក្រៅច្បាប់ និងបក្ខពួក ដែលនៅតែខំប្រឹងស្រែកគ្មានអៀនមាត់ថា កឹម សុខា-សម រង្ស៊ី ជាមនុស្សតែមួយ ដែលការស្រែកនេះ គ្រាន់ជាសំដីដែលគ្មានសច្ចធម៌ គ្មានការទទួលខុសត្រូវ និយាយបោកបញ្ឆោតប្រជាជនតែប៉ុណ្ណោះ។

នៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៧ ខែធ្នូនេះ លោក ហ៊ុន កុសល បានសរសេរថា ទោះពួកគេខំប្រឹងស្រែក «កឹម សុខា សម រង្ស៊ី» ជាមនុស្សតែមួយរហូតថ្ងៃស្លាប់ក៏ដោយ ក៏គ្រាន់ជាសំដីដែលគ្មានសច្ចធម៌ គ្មានការទទួលខុសត្រូវ និយាយបោកបញ្ឆោតតែប្រជាជនខ្លួនឯង ដោយគ្មានសេចក្តីអាណិតអាសូរប៉ុណ្ណោះ។ បើគណបក្សភ្លើងទៀនរបស់លោក សម រង្ស៊ី ស្មោះត្រង់នឹងការរួបរួមមែននោះ លោក សម រង្ស៊ី និងគ្នីគ្នារបស់គាត់មិនអាចធ្វើរឿងដូចខាងក្រោម៖
១)បោះបង់មាតុភូមិទាំងសំបុកចោលសង្រ្គោះជាតិ/ ចោលលោក កឹម សុខា ដែលលោក សម រង្ស៊ី ខ្លួនគាត់តែងតែពោលជាមនុស្សតែមួយ។ និយមន័យ «មនុស្សតែមួយ» គឺការរួមសុខ រួមទុក្ខជាមួយគ្នា មិនមែនរួមតែសុខ ឬរួមតែពេលសប្បាយរីករាយទេ។ ការបោះបង់ចោលគ្នាក្នុងគ្រាទុក្ខលំបាកមិនមែនជានិយមន័យពិតរបស់«មនុស្សតែមួយ» ទេ។ ប៉ុន្តែជានិយមន័យទង្វើរបស់មនុស្សអាត្មានិយម មនុស្សគ្មានភក្តីភាព សូម្បីក្មេងក៏ពួកគេអាចយល់ អ្វីជាខ្លឹមសារ «មនុស្សតែមួយ» ដែរ។ ប្រពន្ធប្តីក្តី មិត្តភក្តិក្តី ឬដៃគូជំនួញក្តី ដៃគូនៅក្នុងឆាកនយោបាយក្តី គឺបង្ហាញឱ្យឃើញនូវចិត្តស្មោះត្រង់ពិតប្រាកដ គឺនៅពេលស្ថានភាព ដៃគូ/ មិត្តភក្តិ ជួបគ្រោះអាសន្ន ហើយមិនបោះបង់ចោលគ្នាទើបហៅថា ជាមនុស្សមានចិត្តភក្តីភាពនឹងគ្នា ដោយមិនបោះបង់ចោលគ្នា។ ទង្វើក្បត់ និងស្មោះត្រង់មិនពិបាកយល់ទេ ព្រោះមនុស្សភាគច្រើនសុទ្ធតែឆ្លងការពិសោធន៍លើរឿងនេះ។
២)លោក សម រង្ស៊ី បានឱ្យដំណើរការគណបក្សភ្លើងទៀនឡើងវិញ ចំណែកមន្រ្តីបក្សសង្រ្គោះជាតិចេញពីកូតា សម រង្ស៊ី ទាំងសំបុកបានត្រឡប់ទៅភ្លើងទៀនវិញក្រោមពាក្យថា «តោះ! ទៅផ្ទះយើងវិញ» ដូច្នេះមានន័យថា លោក សម រង្ស៊ី មិនដែលចាត់ទុកគណបក្សសង្រ្គោះជាតិជាផ្ទះរបស់ពួកគេទេ ព្រោះពួកគេបានដកបេក្ខភាព «គណបក្សភ្លើងទៀន» របស់លោក សម រង្ស៊ី ចេញពីការរួបរួមបង្កើតសង្រ្គោះជាតិដាច់ស្រឡះដែលផ្ទុយពីអ្វីដែលពួកធ្លាប់ប្រកាសប្រាប់ដល់ប្រជាពលរដ្ឋថា នឹងប្តូរផ្តាច់នៅជាមួយគណបក្សសង្រ្គោះជាតិ មិនក្បត់ការរួបរួម មិនក្បត់ឆន្ទៈរបស់ប្រជាពលរដ្ឋ។ ការដកខ្លួនចេញរបស់គណបក្សភ្លើងទៀន គឺជាទង្វើក្បត់ការរួបរួមច្បាស់ក្រឡែត។ ដូច្នេះយើងសិក្សាពីនិយមន័យ នៃការរួបរួម គឺបូកបញ្ចូលគ្នានៃចំនួន [+] មិនមែនចំនួនដកទេ គឺមានន័យថា លោក សម រង្ស៊ី និងបក្ខពួកកំពុងធ្វើនយោបាយលេខដក [-] ។ សកម្មភាពនយោបាយដែលប្រើចំនួនដក គឺជានយោបាយចាញ់ៗ ដូច្នេះហើយទើបលោក សម រង្ស៊ី ដឹកនាំកម្លាំងគាំទ្ររបស់កសិករ ពលករ អាជីវករ និងប្រជាពលរដ្ឋខ្មែររងនូវភាពបរាជ័យជាបន្តបន្ទាប់ៗ។ អ្នកនយោបាយដែលខ្វះការប្តេជ្ញាចិត្តខ្ពស់ ទោះមានកម្លាំងនយោបាយធំបែបណា ក៏មិនអាចដឹកនាំឆន្ទៈប្រជាពលរដ្ឋទៅរកជ័យជម្នះបានដែរ។ ព្រោះជាអ្នកនយោបាយដែលមានសមត្ថភាពត្រឹមតែគោះប៉ោត គោះតោកគោះឆ្នាំង ចាន បង្អើលតែចាប់ បង្អើលមាន់ទា ឱ្យញាប់ញ័រតាមស្ថានការណ៍កំប៉ិកកំប៉ុកប៉ុណ្ណោះ។
៣)លោក សម រង្ស៊ី ជាអ្នកនយោបាយខ្វះភាពប្តេជ្ញាអិដ្ឋានចិត្តពិតប្រាកដនឹងត្រឡប់ចូលមាតុភូមិវិញ។ ដូចករណីព្រឹត្តិការណ៍ ៩វិច្ឆិកា លោក សម រង្ស៊ី ប្រើកលវិធីដុតកំដៅភ្លើងចិត្តរបស់កសិករ កម្មករ អាជីវករ និងប្រជាពលរដ្ឋឱ្យឆាបឆួលឆេះឡើង ដើម្បីចេញមកការពារគាត់ប្រកាសចាប់ ហ៊ុន សែន ព្រោះថា បើពលរដ្ឋចេញមកទទួល ឬការពារគាត់ នោះរដ្ឋាភិបាលមិនល្ងង់ខ្លៅប្រើកម្លាំងប្រដាប់អាវុធទៅប្រឈមជាមួយពលរដ្ឋនាំឱ្យខូចមុខមាត់របស់គណបក្សប្រជាជនកម្ពុជាទេ ដូច្នេះរដ្ឋាភិបាលត្រូវតែបិទមិនឱ្យលោក សម រង្ស៊ី មិនឱ្យចូលស្រុកបាន។

កលវិធីមួយនេះទាំង លោក សម រង្ស៊ី និងលោក ហ៊ុន សែន សុទ្ធតែយល់ច្បាស់ពីលទ្ធផលដូចគ្នា។ ព្រោះចំណេញនយោបាយទាំងសងខាង លោក សម រង្ស៊ី ចំណេញមានឈ្មោះថាជាមនុស្សធ្វើឱ្យ ហ៊ុន សែន ភ័យខ្លាចគាត់ ហើយបានលេសល្អគ្រប់គ្រាន់សម្រាប់បញ្ឆោតប្រជពលរដ្ឋថា មកពី ហ៊ុន សែន ខ្លាចបិទមិនឱ្យពួកគេចូល។ ចំណែកសកម្មជនជាច្រើនត្រូវជាប់ក្តី ជាប់គុក ធ្វើឱ្យលោក សម រង្ស៊ី ចំណេញពីលើថ្កោលទោសរដ្ឋាភិបាលតាមរយៈការធ្វើទុកបុកម្និញលើសកម្មជនសង្រ្គោះជាតិដែលគាំទ្រព្រឹត្តិការណ៍៩វិច្ឆិកា។ មួយជីវិតនយោបាយរបស់លោក សម រង្ស៊ី និយមប្រើកលវិធីនយោបាយចំណាយមនុស្សដើម្បីពូនជ្រោងនូវប្រជាប្រិយរបស់ខ្លួនជារៀងរហូតមក។ ចំណែកខាងគណបក្សប្រជាជន /លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំណេញនយោបាយជាតិ និងនយោបាយអន្តរជាតិច្រើនមហិមា។ គណបក្សប្រជាជនសម្រេចទុកឱ្យ លោក សម រង្ស៊ី បន្តស្រែកខ្លាំងៗពីប្រទេសសម្រាប់រចនាសម្ព័ន្ធវាយប្រហារគណបក្សប្រជាជនផង និងវាយប្រហារលោក កឹម សុខា ដែលគណបក្សប្រជាជនចងជាប់ទុកឱ្យភាគី សម រង្ស៊ី វាយប្រហារតាមចិត្ត ដូចជាថា លោក កឹម សុខា ជាប់គុកឥតប្រយោជន៍/ ស៊ីឈ្នួលជាប់គុក/ឱបតំណែងក្នុងគុក/ សម្ងំយកសុខតែម្នាក់ឯង។

ដូច្នេះសកម្មភាពបែបនេះ ធ្វើឱ្យរូបភាពគណបក្សសង្រ្គោះជាតិមានសភាពបែកបាក់បំណែកៗដូចយើងឃើញស្រាប់។ ចំណែកនយោបាយអន្តរជាតិគណបក្សប្រជាជនចំណេញពីលោក សម រង្ស៊ី ដែលបានប្រកាសពេញមួយឆ្នាំ២០១៩ថា នឹងផ្តួលរំលំរដ្ឋាភិបាល/ផ្តួលលោក ហ៊ុន សែន ដូច្នេះចំណុចនេះអន្តរជាតិដាច់ខាតគេមិនអាចគាំទ្របានទេ ជាលទ្ធផលលោក សម រង្ស៊ី ត្រូវបានលោកស្រី រ៉ូណា ស្មិត ថ្កោលទោសចំពោះមុខអង្គជំនុំ នៃអង្គការសហប្រជាជាតិ។ ការថ្កោលទោសនេះ គឺប៉ះពាល់នយោបាយអន្តរជាតិមួយផ្នែកធំនៃសង្រ្គោះជាតិ គឺភាគី សម រង្ស៊ី តែម្តង។

លោក ហ៊ុន កុសល បានបន្តថា ជាឱកាសល្អសម្រាប់លោក សម រង្ស៊ី និងមនុស្សជំនិតរបស់គាត់ ដោយថ្មីៗនេះតុលាការប្រកាសឱ្យលោក សម រង្ស៊ី និងបក្ខពួកគាត់លាសញ្ជាតិទីពីររបស់ពួកគាត់ ហើយរដ្ឋាភិបាលនឹងបើកច្រកឱ្យគាត់ គឺលោក សម រង្ស៊ី ចូលមកតតាំងក្តីនៅកម្ពុជា ដូច្នេះបើលោក សម រង្ស៊ី មានចិត្តសឿងមែននោះ គាត់ត្រូវតែប្តេជ្ញាចិត្តចូលមកតតាំងក្តីដោយភាពក្លាហានរបស់គាត់ កុំភ័យខ្លាចរហូតសូម្បីមិនហ៊ានចូលទឹកដីកូរ៉េ ត្រូវតែមានការធានាដោយរដ្ឋាភិបាលកូរ៉េ ដូចកាលគាត់ទៅចូលរួមសមាជអ្នកប្រជាធិបតេយ្យជាមួយចលនាយុវជនគណបក្សសង្រ្គោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូងនោះទេ។ តាមពិតភាពកំសាករបស់លោក សម រង្ស៊ី យុវជនគណបក្សសង្រ្គោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូងបានដឹងគ្រប់គ្នា ព្រោះពួកគេធ្វើការផ្ទាល់ជាមួយរដ្ឋាភិបាលកូរ៉េ ដើម្បីធានាសុវត្ថិភាពជូនលោក សម រង្ស៊ី៕

ដោយៈ ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner