សកម្មភាពបោះឆ្នោតជ្រើសរើសបេក្ខភាពក្រុមប្រឹក្សាឃុំ សង្កាត់របស់គណបក្សប្រជាជនកម្ពុជាកាលពីចុងសប្តាហ៍ថ្ងៃសៅរិ៍ទី ១៨ ខែធ្នូ ឆ្នាំ២០២១នេះ
សៀមរាប ៖ គណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បានធ្វើការរៀបចំបោះឆ្នោតជ្រើសរើសបេក្ខភាព ជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ទាំង ១០០ឃុំ សង្កាត់ ដែលប្រារព្ធធ្វើឡើងនៅម៉ោងពេលថ្ងៃតែមួយទូទាំងខេត្ត ហើយនាព្រឹកនោះដែរ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប យើងសង្កេតឃើញសកម្មភាពរបស់សមាជិក សមាជិកានៃគណបក្សប្រជាជនកម្ពុជា មកពីបណ្តាភូមិចំនួន១៤ ក្នុង សង្កាត់ស្វាយដង្គំប្រមាណ ៣ពាន់នាក់ បានអញ្ជើញមកចូលរួមបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន សម្រាប់អាណត្តិទី៥ ក្នុង២០២២ខាងមុខនេះ ។
តាមការបញ្ជាក់របស់គណៈកម្មការរៀបចំការបោះឆ្នោត ដែលជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្ត ចុះជួយសង្កាត់ស្វាយដង្គំ បានឲ្យដឹងថា ក្រោយពីក្រុមគណៈកម្មការធ្វើការបោះឆ្នោតជ្រើសរើសយកបេក្ខជនដោយសម្ងាត់យកតែចំនួន ២៤ រូប ដើមី្បឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្នុងនោះដែរក៏មានបេក្ខជនជាស្ត្រី ចំនួន០៥រូប និង មកពីជួរយុវជនគណបក្សចំនួន ០៨រូប ដើមី្បឲ្យសមាជិកសមាជិកាគណបក្ស មកពីតាមភូមិទាំង១៤ ធ្វើការបោះឆ្នោតជ្រើសរើសតំណាងដឹកនាំក្នុងសង្កាត់របស់ខ្លួន ។ នៅក្នុងលក្ខ័ន្តនៃការបោះឆ្នោតជ្រើសរើសបេក្ខភាព សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលមានឈរឈ្មោះចំនួន ២៤រូប ដោយកំណត់យកតែ ១១រូបតែប៉ុណ្ណោះ ។
ក្នុងសកម្មភាពនៃការបោះឆ្នោតនោះដែរ យើងមានការព្រួយបារម្ភផងដែរ ចំពោះបងប្អូនដែលបានអញ្ជើញមកបោះឆ្នោត មិនបានគោរពទៅតាមគោលការណ៍របស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំង កាត់ផ្តាច់ខ្សែចម្លងវីរុស កូវិដ១៩ នោះឡើយ ។ ម៉្យាងទៀតក្រុមការងារ គណៈកម្មការ បានធ្វើការណែនាំដល់បងប្អូន បានឲ្យបងប្អូនរក្សាគន្លាត សុវត្ថិភាព តែបងប្អូនមិនបានអនុវត្តតាមនោះឡើយ ។ តែកិច្ចដំណើរការបោះឆ្នោតនេះ បានប្រព្រឹត្តទៅដោយភាពរលូន ទៅតាមកម្មវិធីដែលបានកំណត់ប្រកបដោយជោគជ័យ ៕ ដោយ ស៊ាន សុផាត





