ក្រសួងការងារ អំពាវនាវឲ្យកម្មករនិយោជិតក្រុមហ៊ុនណាហ្គាវើលផ្អាកការធ្វើកូដកម្ម ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩
រាជធានីភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២១នេះបានអំពាវនាវឲ្យកម្មករនិយោជិតក្រុមហ៊ុនណាហ្គាវើលផ្អាកការធ្វើការកូដកម្ម ដើម្បីចូលរួមរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
ក្នុងសេចក្តីជូនដំណឹងនេះក្រសួងការងារបានឱ្យដឹងថាការដោះស្រាយវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ ក្រសួងការងារ សូមជូនដំណឹងដល់កម្មករនិយោជិតនៃក្រុមហ៊ុនណាហ្គាវើលដ៍ និង សាធារណជនឱ្យបានជ្រាបថា នាពេលកន្លងមកនេះ ក្រសួងបានខិតខំនិងព្យាយាម ធ្វើការដោះស្រាយវិវាទការងារនៃក្រុមហ៊ុនណាហ្គាវើលដ៍ ស្របតាមនីតិវិធីច្បាប់ជាធរមាន ដោយចាប់ផ្តើមពីយន្តការ ផ្សះផ្សាដោយអធិការការងារជាបន្តបន្ទាប់រហូតដល់យន្តការក្រុមប្រឹក្សាអាជ្ញាកណ្ដាល។ ករណីវិវាទនេះក៏ត្រូវបានសម្រប សម្រួលដោះស្រាយដោយមានការចូលរួមពីរដ្ឋបាលរាជធានីភ្នំពេញផងដែរ ប៉ុន្តែគួរឱ្យសោកស្តាយដោយសារមានចំណុច មួយចំនួនត្រូវបានភាគីបានឯកភាពគ្នា និងចំណុចមួយចំនួននៅមិនទាន់មានការឯកភាពគ្នា។
ដូចនេះ ក្នុងអំឡុងពេលនៃការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគកូវីដ-១៩ បំប្លែង ខ្លួនថ្មីប្រភេទ “ អូមីក្រុង – ក្រសួងសូមអំពាវនាវដល់បងប្អូនកម្មករនិយោជិតដែលបានធ្វើកូដកម្ម ដូចខាងក្រោម៖
១- ត្រូវបន្តធ្វើការពិភាក្សាដោះស្រាយដោយសន្តិវិធី និងរក្សាភាពស្ងៀមស្ងាត់ ស្របតាមនីតិវិធីច្បាប់ ក្រោមការ សម្របសម្រួលដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋបាលរាជធានីភ្នំពេញ។
២- ត្រូវផ្អាកការធ្វើកូដកម្ម បាតុកម្ម ដើម្បីចូលរួមរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
៣- ក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ជាពិសេសរដ្ឋបាលរាជធានីភ្នំពេញនឹងបន្តធ្វើការដោះស្រាយ យោងតាមនីតិវិធី ច្បាប់ជាធរមាន និងផ្អែកតាមសមភាព សមធម៌ ដើម្បីធានាថា បងប្អូនកម្មករនិយោជិតដែលកំពុងតវ៉ាទទួលបាននូវ ដំណោះស្រាយមួយសមស្រប និងអាចទទួលយកបានទាំងអស់គ្នា៕ដោយ៖ម៉ាដេប៉ូ
