លោក​សួន សេរី​រដ្ឋា : អរិភាព​នៃ​នយោបាយ​ការទូត​រវាង​កម្ពុជា​-​អាមេរិក គឺ​ភាគី​អាមេរិក​ជា​អ្នក​បង្កឡើង​

ភ្នំពេញ : លោក សួន សេរី​រដ្ឋា ប្រធាន​ក្រុមប្រឹក្សាភិបាល​វេទិកា​សន្តិភាព​កម្ពុជា​បានបង្ហាញ​នូ​ការសង្កេត​របស់លោក​ថា តាំងពីដើម​មក​គឺ កម្ពុជា​ព្យាយាម​បង្ហាញ​ជំហរ​ចង់​ធ្វើជា​មិត្ត​របស់​អាមេរិក និង​មិត្ត​ជាមួយ​គ្រប់​ប្រទេស​លើ​ពិភពលោក​ដែលមាន​ចំណង​ការទូត​ជាមួយ​កម្ពុជា ។ កម្ពុជា ក៏​បើកចំហរ​ទទួលយក​ជំនួយ​អភិវឌ្ឍន៍​មកពី​គ្រប់​ប្រទេស​ដែល​ចង់​ជួយ​កម្ពុជា និង​ប្រជាជន​កម្ពុជា​… និយាយ​រួម​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ​ហ៊ុនសែន​ជា​តំណាង​ឆន្ទៈ​នៃ​ប្រជាជន​កម្ពុជា​មិនដែល​រើសអើង​ជំនួយ​ឬ​រើសអើង​អ្នកវិនិយោគទុន​មកពី​ប្រទេស​ណាមួយ​ឡើយ ។​

លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា(រូបថតឯកសារ)

​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោកនៅ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២១​លោកបាន​សរសេរ​ទៀតថា តែ​ចុង​ក្រោយនេះ​ពេល ដែល​កម្ពុជា​ពង្រឹង​សន្តិសុខ ស្ថិរភាព​នយោបាយ និង​ខំ​ការពារ​សន្តិភាព ដែល​ខ្លួន​មាន​ដើម្បី​ទុកពេល​វេលា​កសាង​និង​អភិវឌ្ឍន៍​ប្រទេស បែរជា​ភាគី​អាមេរិក​ខ្លួនឯងបាន​ខិតខំ​បង្កើត​អរិភាព​ជាមួយ​កម្ពុជា ដោយ​ម្តង​ហើយ​ម្តងទៀត​។ បាន​បង្កើត​រឿងរ៉ាវ​មិន​ពិត មួលបង្កាច់​បង្ខូច​អំពី​ទំនាក់ទំនង​ដែល​កម្ពុ​ជាមាន​ជាមួយ​ចិន ព្រមទាំង​រិះគន់​ជំនួយ​ចិន​ដែល​ជួយ​មក​កម្ពុជា និង​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​អ្នករកស៊ី​ចិន ដែល​ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា ។​

​លោក​បញ្ជាក់​ដោយ​សំដៅ​ទៅលើ​អាមេរិក​ចំៗ​ថា​៖” ចរិត​នយោបាយ «​ខឹង​គោ​វ៉ៃ​រទេះ​» «​ពេល​ចង់បាន​រត់​ដេញចាប់ ពេល​ចង់​សម្លាប់​បបួលគ្នា​ដេញ​ជាន់​» ដែល​អាមេរិក​បាន​កំពុង​ធ្វើ​មកលើ​កម្ពុជា តាំងពី​អតីតកាល រហូតមកដល់​បច្ចុប្បន្ន​នេះ មិន​ខុសពី​អ្វីដែល​អាមេរិក​បានធ្វើ​លើ​មេដឹកនាំ​នៃ​ក្រុម​ចលនា​ផ្សេងទៀត នៅ​ប​រទេស​ផ្សេងៗ​ទៀត​លើ​ពិភពលោក​ទេ “​។

“​ភាព​ហួងហែង​នយោបាយ​ការបរទេស​អាមេរិក ដែលមាន​តែ​អញ បើ​ចង់​ឲ្យ​អញ​គាំទ្រ ត្រូវធ្វើ​តាម​អញ បើ​អញ​ស្អប់​មិន​ចូលចិត្ត​អ្នកណា ត្រូវ​ស្អប់​មិន​ចូលចិត្ត​អ្នកនោះ​តាម​អញ បើ​អញ​ពហិកា ត្រូវ​ពហិកា​តាម​អញ បើ​អញ​ដាក់ទណ្ឌកម្ម​ត្រូវ​គាំទ្រ​ដាក់​ទណ្ឌ​តាម​អញ បើ​អញ​សប្បាយចិត្ត​អញ​ឲ្យ តែ​អញ​អត់​សប្បាយចិត្ត​អញ​កាត់ចោល​លែង​ឲ្យ​វិញ ទាំងអស់នេះ​វា​ជា​គំរង់​នយោបាយ​ដ៏​ស្អុយគគ្រុក​របស់​មហាអំណាច​ចក្រពត្តិ​ចាស់ ហើយ​ដែល​វា​មិនមែនជា​គំរូ​នយោបាយ​ល្អ​របស់​ប្រទេស​ធំ សម្រាប់​ប្រទេស​តូចតាច​រៀនសូត្រ​តាម​នោះឡើយ​…”​។​លោក​សួន សេរី​រដ្ឋា​បញ្ជាក់​។​

​លោក​ប្រធាន​ក្រុមប្រឹក្សាភិបាល​វេទិកា​សន្តិភាព​កម្ពុជា​បានបញ្ជាក់​ទៀតថា ” ឥរិយាបទ​ដែល​អាមេរិក​បានធ្វើ​មកលើ​កម្ពុជា បានបង្ហាញ​ពី​ភាពទន់ខ្សោយ​នៃ​នយោបាយ​ការទូត និង​កិច្ចការបរទេស​របស់​ខ្លួន​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ហើយ​វារឹតតែ​ធ្វើ​ឲ្យ​អាមេរិក​បាត់បង់​នូវ​ឱកាស​ឈរជើង​លើ​ទីតាំង​ភូមិសាស្ត្រ​នយោបាយ​ដ៏​សំខាន់​មួយ​នេះ ដើម្បី​ការប្រកួតប្រជែង​របស់​ខ្លួន​”​។

​លោក​សួន សេរី​រដ្ឋា បានបញ្ជាក់​នៅ​ចុងបញ្ចប់​សំណេរ​រប​ស់លោ​កថា ប្រជាពលរដ្ឋ​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​ឈរលើ​គោលការណ៍​បង្កើត​មិត្តភាព​ដោយ​ឯករាជ្យ ហើយ​ប្រជាពលរដ្ឋ​របស់​យើង​ទន់ភ្លន់​និង​រឹងមាំ​ជានិច្ច​ជាមួយ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​កម្ពុជា ជា​មាតុភូមិ​សន្តិភាព ឯករាជ្យ អភិវឌ្ឍន៍ និង​សហ​សន្តិ​វិជ្ជមាន​ជាមួយ​គ្រប់​ប្រទេស​ជា​មិត្ត​លើ​ពិភពលោក​…៕ ដោយ​: ពល​ជ័យ​

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner