រយៈពេល ១០ខែ ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិន កើនឡើងដល់១០,៩៨០លានដុល្លារ

ភ្នំពេញ៖ យោងតាមការប្រកាសព័ត៌មានរបស់ស្ថានទូតចិននៅកម្ពុជា តាមរយៈផេកហ្វេសបុកផ្លូវការរបស់ខ្លួនបានអោយដឹងថា រយៈពេល ១០ខែ ឆ្នាំ២០២១ ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិន បានកើនឡើងដល់ទឹកប្រាក់ ១ម៉ឺន៩៨០លានដុល្លារ។

ទំហំពាណិជ្ជកម្មកម្ពុជា-ចិនឈានដល់កម្រិត១ម៉ឺនលានដុល្លារនេះ គឺសម្រេចមុនផែនការ ដែលមេដឹកនាំនៃប្រទេសទាំងពីរបានប្តេជ្ញាជំរុញរួមគ្នាឲ្យសម្រេចនៅក្នុងឆ្នាំ២០២៣។ ប៉ុន្តែពេលនេះត្រឹមតែរយៈពេល ១០ខែ ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មនេះ សម្រេចបានរហូតដល់ជាង១ម៉ឺនលានដុល្លារបាត់ទៅហើយ។ ផេកហ្វេសបុកផ្លូវការរបស់ស្ថានទូតចិនបានបញ្ជាក់យ៉ាងដូច្នេះថា កាលពីថ្ងៃទី១៧ខែធ្នូ យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មចិន បានបង្ហាញថា រយៈពេល១០ខែនាឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិន និងកម្ពុជា មានចំនួនឈានដល់១០៩៨០លានដុល្លារអាមេរិក មានកំណើន៤៥.៩%បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០ គឺជាតួលេខលើសពីចំនួន ដែលថ្នាក់ដឹកនាំប្រទេសទាំងពីរ កាលពីមុនបានប្តេជ្ញាថានឹងឈានដល់កម្រិត១ម៉ឺនលានដុល្លារអាមេរិកនៅឆ្នាំ២០២៣។ ទំនិញកម្ពុជា ដែលនាំចេញទៅកាន់ទីផ្សារចិន រួមមាន៖ អង្ករ ចំណិតដំឡូងក្រៀម ស្វាយស្រស់ និងគ្រាប់ស្វាយចន្ទី និងទំនិញផ្សេងជាច្រើនមុខទៀត ខណៈទំនិញនាំចូលពីចិនមកវិញ មានដូចជា៖ គ្រឿងអេឡិចត្រូនិច និងគ្រឿងបរិភោគកែច្នៃជាដើម -ល-។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងចូលជាធរមាននៅខែមករា ឆ្នាំ២០២២ខាងមុខនេះ ដែលរំពឹងថានឹងជំរុញឲ្យមានសកម្មភាពពាណិជ្ជកម្ម និងវិនិយោគកាន់តែកើនឡើងថែមទៀត។

សូមជម្រាបថា ពេញមួយឆ្នាំ២០២០កន្លងទៅ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបានសរុបចំនួន ៨ពាន់១១៨.០៧លានដុល្លារ ធ្លាក់ចុះ ៥.២ភាគរយ បើធៀបនឹងឆ្នាំ២០១៩ មានចំនួន៨ពាន់៥៦៣.៣១លានដុល្លារ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner