រដ្ឋមន្ត្រីការបរទេសន័រវេសហៅសំណើសន្តិសុខរបស់រុស្ស៊ីទៅកាន់សហរដ្ឋអាមេរិក និងណាតូថា ‘មិនប្រាកដប្រជាទាំងស្រុង’

បរទេស៖ នៅក្នុងសេចក្តីព្រាងសំណើសន្តិសុខដែលបង្ហាញដោយរុស្ស៊ីកាលពីសប្តាហ៍មុន សម្ព័ន្ធមិត្តលោកខាងលិចត្រូវបានស្នើឱ្យបោះបង់សកម្មភាពយោធារបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន និងអតីតសាធារណរដ្ឋសូវៀតផ្សេងទៀត ខណៈដែលទាំងអង្គការណាតូ និងរុស្ស៊ី មិនត្រូវបានតម្រូវឱ្យដាក់ពង្រាយកាំជ្រួចរយៈចម្ងាយមធ្យម និងខ្លី នៅក្នុងតំបន់ដែលពួកគេអាចវាយប្រហារគ្នាទៅវិញទៅមក។

រដ្ឋមន្ត្រីការបរទេសន័រវេសលោកស្រី Anniken Huitfeldt បានហៅបញ្ជីសំណើដែលរុស្ស៊ីបានផ្ញើទៅអង្គការណាតូ និងសហរដ្ឋអាមេរិក ដែលពាក់ព័ន្ធនឹងការបញ្ឈប់ការពង្រីកខ្លួនទៅទិសខាងកើតរបស់សម្ព័ន្ធមិត្ត និងការដកអាវុធចេញពីរដ្ឋសមាជិក ដែលរួមបញ្ចូលនៅក្នុងប្លុកក្រោយឆ្នាំ 1997 ថា មិនប្រាកដប្រជា។ លោកស្រី Huitfeldt បានប្រាប់ទូរទស្សន៍ជាតិ NRK ថា “តម្រូវការគឺមិនប្រាកដប្រជាទាំងស្រុង” ដោយលើកហេតុផលថា វានឹងដូចជាការ “បង្វិលនាឡិកាត្រឡប់មក ៣០ឆ្នាំមុន”។ នៅខែឧសភា ឆ្នាំ ១៩៩៧ អង្គការណាតូ និងរុស្ស៊ីបានបញ្ចប់នូវអ្វីដែលគេហៅថា សន្ធិសញ្ញាមូលដ្ឋានដែលផ្តល់កិច្ចសហប្រតិបត្តិការរវាងសម្ព័ន្ធមិត្តការពារជាតិលោកខាងលិច និងរុស្ស៊ី រួមទាំងក្រុមប្រឹក្សាអចិន្ត្រៃយ៍សម្រាប់កិច្ចពិភាក្សាផងដែរ។ នៅក្នុងកិច្ចព្រមព្រៀងសហប្រតិបត្តិការនោះ គ្មានការសន្យាណាមួយដែលថា ណាតូនឹងមិនទទួលយកសមាជិកថ្មីនោះទេ។

គួរបញ្ជាក់ថា ការផ្តល់យោបល់លើសេចក្តីព្រាងសំណើខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Alexander Grushko បាននិយាយថា ប្រទេសរបស់លោកនឹងត្រូវបង្ខំឱ្យចាត់វិធានការ ដើម្បីបង្កើតប្រព័ន្ធនៃការគំរាមកំហែង ប្រសិនបើសហរដ្ឋអាមេរិក និងអង្គការណាតូបដិសេធសំណើសន្តិសុខរបស់ទីក្រុងម៉ូស្គូ៕ ប្រភព៖ Sputniknews

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner