ថ្នាក់ដឹកនាំកម្ពុជា-វៀតណាម ឯកភាពគ្នា ក្នុងការពន្លឿនការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែន និងពន្លឿនកិច្ចពិភាក្សា ក្នុងការទទួលស្គាល់លើលិខិតឆ្លងដែន វិញ្ញាបនបត្របញ្ជាក់វ៉ាក់សាំង ដើម្បីសម្រួលលើការធ្វើដំណើរ ការធ្វើពាណិជ្ជកម្ម របស់ប្រជាជន និងប្រទេសទាំងពីរ

ភ្នំពេញ៖ ក្រោយបញ្ចប់ជំនួបពិភាក្សាការងាររវាងសម្ដេចអគ្គមហាសនេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម ង្វៀន សួនហ៊្វុក ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានប្រាប់អ្នក សារព័ត៌មានថា៖ ក្នុងជំនួបនេះ ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះសារសំខាន់ នៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម ង្វៀន សួនហ្វុក មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងតួនាទីជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។ ដំណើរទស្សនកិច្ចនេះ ជាទស្សនកិច្ចបើកឆ្នាំមិត្តភាពរវាងកម្ពុជា-វៀតណាម វៀតណាម-កម្ពុជា ឆ្នាំ២០២២ ។

ឯកឧត្តម ង្វៀន សួនហ្វុក បានសាទរចំពោះសមិទ្ធផលជាប្រវត្តិសាស្ត្រ និងសំខាន់ៗដែលព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជា សម្រេចបាន ជាពិសេស ការអភិវឌ្ឍជាតិ ស្ថិរភាពនយោបាយសង្គម លើកកម្ពស់តួនាទី និងមុខមាត់របស់ប្រទេសកម្ពុជា នៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។

ជាមួយនោះដែរ ភាគីទាំងពីរ បានសំដែងនូវការពេញចិត្ត ចំពោះការរីកចម្រើនទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយគ្រប់ជ្រុងជ្រោយ និងជិតស្និទ្ធ នឹងកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម ក្នុងរយៈពេល ៥៥ឆ្នាំកន្លងមក ទោះបីជាស្ថិតនៅក្នុងបរិបទការរីករាលដាលនៃជំងឺកូវីដក៏ដោយក្ដី។

ភាគីទាំងពីរ ក៏បានអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិយោគ និងបានឯកភាពគ្នាជំរុញការអនុវត្តកិច្ចព្រមព្រៀងស្ដីពីការលើកកម្ពស់ និងការការពារវិនិយោគ និងកិច្ចព្រមព្រៀងចៀសវាងការយកពន្ធត្រួតគ្នា និងជួយសម្រួលដល់ការអភិវឌ្ឍន៍ពាណិជ្ជកម្មតាមបែបថ្មី និងព្រមព្រៀងគ្នា ជំរុញការរៀបចំផែនការមេ ស្តីពីការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាមផងដែរ ។

លើសពីនោះទៀត ភាគទីទាំងពីរ ក៏បានឯកភាពផងដែរ ក្នុងការពន្លឿនការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែន។ ភាគីទាំងពីរ ក៏បានឯកភាពគ្នាថែមទៀត ក្នុងការពន្លឿនកិច្ចពិភាក្សា ឆ្ពោះទៅកាន់ការទទួលស្គាល់គ្នាទៅវិញទៅមកលើលិខិតឆ្លងដែន វិញ្ញាបនបត្របញ្ជាក់វ៉ាក់សាំង ដើម្បីសម្រួលលើការធ្វើដំណើររបស់ប្រជាជនទាំងសងខាងផង សម្រួលដល់ការធ្វើពាណិជ្ជកម្មរវាងប្រជាជន និងប្រទេសទាំងពីរផង។

លើសពីនោះទៀត ភាគីទាំងពីរ ក៏បានឯកភាពក្នុងការជំរុញ និងពង្រឹងលើកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ វិស័យសុខាភិបាល វិស័យអប់រំ វិស័យយុត្តិធម៌ និងការតភ្ជាប់គ្នារវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការនៅលើឆាកអន្តរជាតិ និងក្នុងតំបន់ ។

នៅក្នុងជំនួបនេះ សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះឯកឧត្តម ង្វៀន សួនហ្វុក ដែលកន្លងមក បានគាំទ្រដល់កម្ពុជា ធ្វើឲ្យកម្ពុជា ទទួលបានជោគជ័យក្នុងកិច្ចប្រជុំអាស៊ឹម ហើយក៏សូមថ្លែងអំណរគុណជូនចំពោះឯកឧត្តម ង្វៀន សួនហ្វុក ផងដែរ ដែលបានមានប្រសាសន៍ថា នឹងគាំទ្រកម្ពុជា ធ្វើយ៉ាងណាឱ្យកម្ពុជា ទទួលបានជោគជ័យក្នុងកិច្ចប្រជុំអាស៊ាននាពេលខាងមុខ ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner