ទីក្រុងប៉េកាំងចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានគ្រប់គ្រងកោះតៃវ៉ាន់ដើម្បីប៉ុនប៉ងគ្រប់គ្រងប្រទេសចិន
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ហ្សោ លីជៀន បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានរំលោភលើការប្តេជ្ញាចិត្តក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ និងព្យាយាមប្រើប្រាស់កោះតៃវ៉ាន់ជាផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីទប់ទល់ប្រទេសចិន។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃចន្ទម្សិលមិញ លោក ហ្សោ បានរំលឹកឡើងវិញនូវជំហររបស់ទីក្រុងប៉េកាំងថា តៃវ៉ាន់គឺជាផ្នែកដែលមិនអាចបំបែកបាននៃប្រទេសចិន ដែលមិនត្រឹមតែជាការពិតជាប្រវត្តិសាស្ត្រ និងផ្លូវច្បាប់ដែលមិនអាចផ្លាស់ប្តូរបាននោះទេ ប៉ុន្តែក៏ជាស្ថានភាពដែលមិនអាចប្រកែកបានផងដែរ។ លោក ហ្សោ បានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមចិន-អាមេរិកចំនួនបីស្តីពីតៃវ៉ាន់ ក៏ដូចជាត្រូវប្រុងប្រយ័ត្នចំពោះពាក្យសម្ដី និងទង្វើរបស់ខ្លួនលើបញ្ហាដែលទាក់ទងនឹងតៃវ៉ាន់។
បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន ទីក្រុងវ៉ាស៊ីនតោនគួរតែបញ្ឈប់ការអភិវឌ្ឍទំនាក់ទំនងយោធាជាមួយទីក្រុងតៃប៉ិ ដើម្បីកុំឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងចិន-អាមេរិក ក៏ដូចជាដើម្បីថែរក្សាសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ លោក ហ្សោ បាននិយាយបែបនេះបន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ជេក ស៊ុលលីវេន បានសន្យាកាលពីដើមខែនេះថា សហរដ្ឋអាមេរិកនឹងចាត់វិធានការទាំងអស់ ដើម្បីការពារប្រទេសចិនពីការឈ្លានពានកោះតៃវ៉ាន់ដោយបង្ខំ៕ ប្រភព៖ Sputniknews


